ជាតិ
អត្ថបទពាណិជ្ជកម្ម
មូលនិធិអភិវឌ្ឍជំនាញ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១ បន្ទាប់ពីប្រែក្លាយជាប​រធនបាលថ្មីៗនេះ
28, Jul 2023 , 5:29 pm        
រូបភាព
បន្ទាប់ពីបានប្រែក្លាយជាបរធនបាល (Trust Fund) តាមរយៈ អនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ មូលនិធិអភិវឌ្ឍជំនាញ (ម.អ.ជ.) បានរៀបចំកិច្ចប្រជុំលើកទី ១ របស់ក្រុមប្រឹក្សាបរធនបាល។ កាលពីថ្ងៃទី ២៧ ខែ កក្កដា​ ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីពិនិត្យសមិទ្ធផលការងារសំខាន់ៗ ព្រមទាំង កំណត់ទិសដៅយុទ្ធសាស្ត្រ និងសម្រេចលើផែនការការងារអាទិភាពសម្រាប់ឆមាសទី២ នៃឆ្នាំ ២០២៣ ។
 
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ ម.អ.ជ.។ ព្រមទាំងមានការចូលរួមពីអនុប្រធាន និងសមាជិក ចំនួន ០៩ រូបផ្សេងទៀត មកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្រសួងអប់រំ យុវជន និងកីឡា ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជា។ 


 
ជាសាវតា រាជរដ្ឋាភិបាលកម្ពុជាបានមើលឃើញ និងទទួលស្គាល់ថាការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋអោយត្រូវនឹងតម្រូវការសេដ្ឋកិច្ចជាតិទាំងបរិមាណ និងគុណភាព។ ជាគោលដៅអាទិភាពសម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិ ក៏ដូចជាធានាចីរភាពកំណើនសេដ្ឋកិច្ចជាតិ ដើម្បីបង្កើតការងារប្រកបដោយជំនាញ និងមានបៀវត្សន៍ខ្ពស់ដល់ពលរដ្ឋកម្ពុជា។ អនុឡោមតាមគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានប្រែក្លាយ​គម្រោងសាកល្បង​មូលនិធិអភិវឌ្ឍជំនាញ ដែលបានបង្កើតតាំងពីខែមីនា ឆ្នាំ២០១៨​ អោយទៅជាបរធនបាល (Trust Fund) ដែលមានឈ្មោះថា មូលនិធិអភិវឌ្ឍជំនាញ (ម.អ.ជ.) កាលពីខែ ឧសភា ឆ្នាំ២០២៣នេះ។  
 
ម.អ.ជ. មានចក្ខុវិស័យ ក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកប​ដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញអោយ​ត្រូវនឹង​តម្រូវការ​​​ឧស្សាហកម្ម ប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីចូលរួមសម្រេចអោយបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០​ របស់រាជរដ្ឋាភិបាល ។ ម.អ.ជ បានផ្តល់ថវិកាបដិភាគសម្រាប់គម្រោងបណ្តុះបណ្តាលជំនាញសរុបចំនួន ១០០ គម្រោង  ដែលមានថវិកាបដិភាគ ៥,៩ លានដុល្លារ (ស្នើនឹង ៥០% នៃថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ១១,៧ លានដុល្លារ) និងសិក្ខាកាមសរុបចំនួន ១១ ៣០៩ នាក់ (ក្នុងនោះ ៤ ១៤៤ ឬ ៣៧% ជាស្ត្រី) ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ។ 
 


នៅក្នុងកិច្ចប្រជុំលើកទី ១ របស់ក្រុមប្រឹក្សាបរធនបាល លោក ផាន់ ផល្លា បានលើកឡើងថា «ការអភិវឌ្ឍជំនាញ ប្រកបដោយគុណភាព ហើយត្រូវនឹងតម្រូវការទីផ្សារ គឺជាកត្តាគន្លឹះក្នុងការទាក់ទាញវិនិយោគ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ដូចនេះ មូលនិធិអភិវឌ្ឍជំនាញនឹងចូលរួមជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីកសាងធនធានមនុស្ស ដែលមានចំណេះ និងជំនាញខ្ពស់ក្នុងគោលដៅបង្កើនមានភាពប្រកួតប្រជែងរបស់កម្ពុជា និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចអតិ-ពលកម្ម ​ទៅជាសេដ្ឋកិច្ចផ្អែកលើជំនាញ»។ 
ក្រោយពីបានពិភាក្សាយ៉ាងផុះផុល ក្រុមប្រឹក្សាបរធនបាលបានអនុម័តលើកិច្ចការចម្បងៗដូចខាងក្រោម៖
 
១). គោលការណ៍គ្រឹះ ដើម្បីតម្រង់ការងាររបស់ ម.អ.ជ. រួមមាន៖
១). ជំរុញការបណ្តុះបណ្តាលជំនាញឱ្យត្រូវនឹងតម្រូវការ (Demand-driven)
២). ធានា និងបង្កើនតម្លៃនៃលុយ (Value for Money)
៣). បំពេញការងារដោយផ្អែកលើលទ្ធផល (Performance-based)
២). ការរៀបចំ និងប្រព្រឹត្តទៅ នៃអង្គភាពប្រតិបត្តិ ម.អ.ជ ដែលដឹកនាំដោយនាយកប្រតិបត្តិ ត្រូវមានវិជ្ជាជីវៈ (lean and professional organization) ដែលអាចទាក់ទាញអ្នកមានទេពកោសល្យ និងបំពេញកិច្ចការប្រកបដោយ​ប្រសិទ្ធិភាព​ជាមួយវិស័យ​ឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ 
៣). ការរៀបចំនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម (SOP)ដោយផ្អែកលើបទពិសោធន៍កន្លងមក និងនិយាមអន្តរជាតិ ។ 
៤). ផែនការកម្មវិធីអាទិភាព និងផែនការថវិកាសម្រាប់ឆមាសទី២ ឆ្នាំ ២០២៣ ដើម្បីសម្រេចបានចក្ខុវិស័យ និងបេសកកម្មរបស់  ម.អ.ជ. ។ 
 
ជាទីបញ្ចប់ លោក ផាន់ ផល្លា បានស្នើសុំឱ្យ ឯកឧត្តម លោកឧកញ៉ា លោកបណ្ឌិត ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបរធនបាលទាំងអស់ចូលរួមជ្រុំជ្រែង, ជំរុញ និងសម្របសម្រួល​ការងារ​អាទិភាពរបស់ ម.អ.ជ. ជាពិសេសផ្តល់​កិច្ច​សហការដល់អង្គភាពប្រតិបត្តិ ម.អ.ជ. ដែលដឹកនាំ​ដោយ​នាយក​ប្រតិបត្តិក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន ។
 
(អត្ថបទពណិជ្ជកម្ម)






 

© រក្សាសិទ្ធិដោយ thmeythmey.com