ជាតិ
អភិបាលក្រុងសែនមនោរម្យ ព្រមានពិន័យលើពលរដ្ឋ លែងសត្វចិញ្ចឹមតាមសាធារណៈ
28, Jul 2023 , 6:59 pm        
រូបភាព
រូបតំណាង៖ ប្រភពពីក្រសួងបរិស្ថាន
រូបតំណាង៖ ប្រភពពីក្រសួងបរិស្ថាន
ភ្នំពេញ៖ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហាមមិនឱ្យលែងពាហនៈ នៅទីប្រជុំជនឡើយ។ ករណីបន្តលែងសត្វចិញ្ចឹមនេះ អាជ្ញាធរនឹងចាត់វិធានការចាប់សត្វនោះទុក ហើយនឹងកោះហៅម្ចាស់ណែនាំ ឬឈានដល់ការផាកពិន័យជាដើម។

 
អភិបាលក្រុងសែនមនោរម្យ ចេញសេចក្ដីប្រកាសព័ត៌មាន មួយស្ដីពីការហាមឃាត់លើការលែងសត្វពាហនៈ នៅតាមទីសាធារណៈ។ ការហាមឃាត់នេះ ដោយសាររដ្ឋបាលក្រុងសង្កេតឃើញ ពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ គោ ក្របី សេះ ជ្រូក ពពែ បានលែងសត្វទាំងនោះចោល ឱ្យដើរពាសពេញទីតាំងសាធារណៈ លើដងផ្លូវ។ 
 
លើសពីនេះ សត្វទាំងនោះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និង
ស៊ីដំណាំរបស់ប្រជាពលរដ្ឋផ្សេងទៀត។ សកម្មភាពទាំងនេះ អភិបាលក្រុងចាត់ទុកថា បានបង្កផលប៉ះពាល់ដល់របៀបរៀបរយ អនាម័យ បរិស្ថាន
និងសោភ័ណភាពក្នុងក្រុង។
 
ដូច្នេះ ដើម្បីរួមចំណែកក្នុងការបង្ការគ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈ ដោយសារសត្វពាហនៈ និង
ចូលរួមថែរក្សាសណ្ដាប់ធ្នាប់ ជាពិសេសលើកកម្ពស់អនាម័យ បរិស្ថាន សោភ័ណភាពតាមដងផ្លូវ រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឱ្យម្ចាស់សត្វទាំងនោះ ត្រូវចិញ្ចឹមក្នុងទ្រុង ឬក្រោលឱ្យបានត្រឹមត្រូវ ហើយហាមលែងឱ្យដើរហេតរហូត។ 
 
ករណីខាងលើនេះ អភិបាលក្រុងបានទុករយៈពេល១០ថ្ងៃ ដោយគិតចាប់ពី
ថ្ងៃទី២៨កក្កដានេះ ដល់ថ្ងៃទី៦សីហា ឱ្យពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ ក្នុងទីប្រជុំជន អនុវត្តតាមតាមការអំពាវនាវ។ លិខិតដដែល ចេញថ្ងៃទី២៨កក្កដា របស់រដ្ឋបាលក្រុងសែនមនោរម្យ បានព្រមានបែបនេះ៖ «ចាប់ពីថ្ងៃទី៧សីហា រដ្ឋបាលក្រុង នឹងមានវិធានការចុះចាប់ និងប្រមូលសត្វពាហនៈ គោ ក្របី សេះ ជ្រូក ពពែ .ល.. របស់លោក លោកស្រី ដែលព្រលែងចោលដើររហេតរហូត…»។ 
 
ទន្ទឹមនឹងនេះ បើអាជ្ញាធររដ្ឋបាលក្រុងឃើញមានការលែងចិញ្ចឹមតាមសាធារណៈ នឹងកោះហៅម្ចាស់ឱ្យធ្វើកិច្ចសន្យា ហើយផាកពិន័យផងដែរ៕ 
 

Tag:
 មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com