អន្តរជាតិ
កូរ៉េខាងជើង បង្ហាញដ្រូន និងមីស៊ីលអន្តរទ្វីបក្នុងព្យុហយាត្រានៅទិវាជ័យជម្នះសង្រ្គាមកូរ៉េ
28, Jul 2023 , 8:29 pm        
រូបភាព
លោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី (ខាងឆ្វេង)
លោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី (ខាងឆ្វេង)
កូរ៉េខាងជើង នៅថ្ងៃទី២៧ ខែកក្កដា បានធ្វើព្យុហយាត្រាយោធាដ៏ធំ នៅក្នុងក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី៧០ នៃទិវាជ័យជម្នះ។ ក្នុងព្យុហយាត្រានេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបង្ហាញដ្រូន និងមីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) នៅចំពោះមុខតំណាងរុស្ស៊ី និងចិនដែលចូលរួមដែរ។

 
កូរ៉េខាងជើង នៅថ្ងៃទី២៧ ខែកក្កដា បានបារព្ធខួបលើកទី៧០ ឆ្នាំនៃទិវាជ័យជម្នះ។ ទិវាជ័យជម្នះ ជាថ្ងៃរំឮកដល់ពេលកូរ៉េខាងជើង និងអង្គការសហប្រជាជាតិ ចុះហត្ថលេខា ផ្អាកសង្រ្គាមនៅក្នុងឆ្នាំ១៩៥៣។ ក្នុងទិវាជ័យជម្នះនេះ កូរ៉េខាងជើង បានធ្វើព្យុហយាតាដ៏ធំ នៅក្នុងក្រុងព្យុងយ៉ាង ដោយមានវត្តមានរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Li Hongzhong។ 
 
ពីទីលាន  Kim Il Sung កូរ៉េខាងជើង បានបង្ហាញអាវុធទំនើបៗជាច្រើន ក្នុងនោះមានដ្រូន និងមីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-17 និងHwasong-18។ 
 
«យន្តហោះគ្មានមនុស្សបើកយុទ្ធសាស្រ្ត និងដ្រូនវាយប្រហារ បានបង្ហោះនៅក្នុងការបង្ហាញ បន្ទាប់ពីពួកគេទើបតែត្រូវបានអភិវឌ្ឍ និងផលិតថ្មីៗ»។​ ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយបែបនេះ ដោយបន្តចាត់ទុក មីស៊ីលអន្តរទ្វីប Hwasong-18 ជាអាវុធដ៏មានអំណាចបំផុត និងសម្រាប់ប្រទេស ក្នុងការប្រឆាំងនឹងនុយក្លេអ៊ែររបស់សត្រូវ។ 
 
កន្លងមក កូរ៉េខាងជើង បានខិតខំអភិវឌ្ឍកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំង ក្រោមហេតុផលប្រឆាំងនឹងការគំរាមកំហែងរបស់អាម៉េរិក និងកូរ៉េខាងត្បូង រួមទាំងហេតុផលការពារសន្តិសុខជាតិ។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបង្ហាញសាច់ដុំរបស់ខ្លួន តាមរយៈការបាញ់មីស៊ីលជាច្រើនលើកទៅសមុទ្រខាងកើត។ 
 
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកគីម កូរ៉េខាងជើង បានធ្វើព្យុហយាត្រាចំនួន ១៤លើក ដោយរួមទាំងព្យុហយាត្រាលើកនេះ។ កូរ៉េខាងជើង ធ្វើព្យុហយាត្រាចុងក្រោយនៅខែកុម្ភៈ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតកម្លាំងប្រដាប់អាវុធ៕ 
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com