អន្តរជាតិ
ជប៉ុនថា កូរ៉េខាងជើងមានសមត្ថភាពវាយប្រហារខ្លួនជាមួយអាវុធនុយក្លេអ៊ែរ
28, Jul 2023 , 6:39 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៨ ខែកក្កដា បានជឿថា កូរ៉េខាងជើង មានសមត្ថភាពវាយប្រហារខ្លួនជាមួយអាវុធនុយក្លេអ៊ែរ តាមរយៈមីស៊ីលបាលីស្ទិក។

 
ជប៉ុន នៅថ្ងៃទី២៨ ខែកក្កដា បានបញ្ចេញសៀវភៅសការពារជាតិ ដោយបញ្ជាក់ពីការកើនឡើងនៃអំណាចយោធាចិន នៅក្នុងតំបន់, ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងជាក្តីបារម្ភដ៏ខ្លាំងសម្រាប់ខ្លួន។ 
 
«វាត្រូវបានជឿថា កូរ៉េខាងជើង មានសមត្ថភាពវាយប្រហារជប៉ុនជាមួយអាវុធនុយក្លេអ៊ែរ តាមរយៈបំពាក់លើមីស៊ីលបាលីស្ទិក»។ សៀវភៅសរបស់ជប៉ុន បានបញ្ជាក់ច្បាស់ៗបែបនេះ ដោយបន្តថា សកម្មភាពយោធារបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងលើជប៉ុន ជាងពេលណាទាំងអស់។ 
 
សៀវភៅសស្តីពីការពារជាតិនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន អនុម័តនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ពោលគឺមួយថ្ងៃក្រោយកូរ៉េខាងជើង បានបង្ហាញមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM)។ 
 
បន្ថែមពីនេះ របាយការណ៍ដែលមានកម្រាស់ ៥១០ទំព័រនេះ បានបញ្ជាក់ផងដែរថា សកម្មភាពយោធារបស់ចិន បានក្លាយជាក្តីបារម្ភដ៏ធំសម្រាប់ជប៉ុន និងសហគមន៍អន្តរជាតិ។ ទន្ទឹមនេះ រុស្ស៊ី និងចិន បានបង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្តយ៉ាងខ្លាំង តាមរយៈការធ្វើសមយុទ្ធយោធារួម។ 
 
ក្នុងសៀវភៅសនេះ ជប៉ុន បានព្រមានថា នៅត្រឹមឆ្នាំ២០៣៥ រដ្ឋាភិបាលក្រុងប៉េកាំង អាចកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ១៥០០គ្រាប់ រួមទាំងបង្កើនអំណាចយោធាលើតៃវ៉ាន់ផង៕ 
 

Tag:
 ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com