ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ....ត្រូវរក្សាទុកទាំងអស់ដដែល ពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច
29, Jul 2023 , 10:21 am        
រូបភាព
រូបពីហ្វេសប៊ុក៖  SPM
រូបពីហ្វេសប៊ុក៖ SPM
ដោយ៖ ទេពញាណ
 
ទាំងមន្រ្តីនយោបាយ ទាំងមន្រ្តីមុខងារសាធារណៈ រហូតដល់មេទាហាន មេប៉ូលិស និងកងកម្លាំងគ្រប់ថ្នាក់ ដែលកំពុងកាន់តួនាទី នឹងមិនត្រូវរុះរើឡើយ បើទោះបីមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីក៏ដោយ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ បានប្រកាសដំណឹងនេះ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។



សម្តេច ហ៊ុន សែន ចេញមកប្រកាសពីការរក្សាទុកមន្រ្តីក្នុងជំនាន់សម្តេច បន្ទាប់ពីសម្តេច ទទួលបានដំណឹងថា ពួកគេ មានកង្វល់ពីរឿងផ្លាស់ប្តូរមន្រ្តី។ សម្តេច បន្តថា ការសម្រេចរក្សាទុកមន្រ្តីក្នុងជំនាន់រដ្ឋាភិបាលចាស់ឲ្យនៅដដែលនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សានាពេលកន្លងមក រវាងសម្តេចជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន រួមមាន សម្តេច សាយ ឈុំ សម្តេច ស ខេង សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន លោក ហ៊ុន ម៉ាណែត លោក អូន ព័ន្ធមុនីរ័ត្ន និងលោក កើត រិទ្ធ ជាដើម។ សម្តេច បញ្ជាក់ដូច្នេះថា៖«យើង នឹងរក្សាទុកនៅមន្រ្តីទាំងអស់ ដែលបានតែងតាំងរួចមកហើយ»។ 
 
មន្រ្តីនយោបាយ ដែលត្រូវរក្សាទុកដដែល មានដូចជា រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការតាមក្រសួង និងទីប្រឹក្សារដ្ឋាភិបាល ។ល។ ប៉ុន្តែ អ្នកទាំងនោះ នឹងត្រូវតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ ពេលរដ្ឋាភិបាលចាស់ផុតអាណត្តិ ហើយចូលដល់អាណត្តិនៃរដ្ឋាភិបាលថ្មី។ អ្នកផ្សេងទៀត ដែលត្រូវតែងតាំងដោយអនុក្រឹត្យ ក៏នឹងត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញដែរ។ ចំណែក មន្រ្តីមុខងារសាធារណៈ នឹងមិនត្រូវប៉ះពាល់ឡើយ ដោយលើកលែងតែពួកគេ ដល់អាយុចូលនិវត្តន៍ ដែលត្រូវចូលនិវត្តន៍តាមច្បាប់កំណត់។ 
 
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន នឹងឡើងកាន់តំណែងនាយករដ្ឋមន្រ្តីជំនួសសម្តេច ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ទៅ។ ចំពោះក្បាលម៉ាស៊ីនរដ្ឋាភិបាលអាណត្តិថ្មី ជាពិសេស តំណែងរដ្ឋមន្រ្តីតែម្តង ប្រហែលជានឹងមានការផ្លាស់ប្តូរទ្រង់ទ្រាយធំ ពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្រ្តី៕ 

Tag:
 (រក្សាទុកមន្រ្តី)
© រក្សាសិទ្ធិដោយ thmeythmey.com