ជាតិ
លោក ហ៊ុយ យ៉ាឡេង ស្នើឱ្យឈប់ទិតៀនលោក ដែលជាអ្នកដឹកនាំផង និងសម្ដែង​រឿង​ខ្លួន​ឯង​ផង
29, Jul 2023 , 12:00 pm        
រូបភាព
ភ្នំពេញ​៖ លោក ហ៊ុយ យ៉ាឡេង ដែល​មាន​ជំនាញ និពន្ធ​សេណារីយោ​ភាព​យន្ត​ ដឹក​នាំ​រឿង និង​ជា​តួសម្ដែង​ផង​នោះ បាន​ស្នើដល់​សាធារណជន​ ឈប់​ទិតៀនលោកដែលជាអ្នកដឹកនាំផង និងសម្ដែង​រឿង​ខ្លួន​ឯង​ផងនោះ។ លោក​ យ៉ាឡេង ថា​​លោក​គឺ​ជាអ្នក​ដឹក​នាំ​រឿង​ និង​ជា​តួ​សម្ដែង​ពេញ​សិទ្ធិ ដែល​ចេញ​ពី​សាលា​ជំនាញត្រឹមត្រូវ​។



«ខ្ញុំ​បាន​និយាយដដែល​ៗ​ គួរ​តែ​បញ្ឈប់​ពាក្យ​ហ្នឹង​។ ខ្ញុំ​ឥឡូវ​​ក្លាយ​ទៅ​ជា​តួកុន​ និង​ជាអ្នក​ដឹក​នាំ​រឿង​​ពេញ​សិទ្ធិ​។ ​ខ្ញុំ​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​​ខាង​​សម្ដែង​ អ៊ីចឹង​អ្នក​ទាំង​អស់​គ្នា​ម្ដេច​ត្រូវ​ប្រកាន់​ខ្ញុំ? បើ​ប្រកាន់​ខ្ញុំ​ម្ដេច​មិន​ប្រកាន់ ​ឈិន​ឡុង មិន​ប្រកាន់ ​ទិន​ហ្វី​? ពួ​ក​គាត់​សុទ្ធ​តែ​ជា​អ្នក​ដែល​ខ្ញុំ​ត្រូវ​យក​គំរូ​តាម​»។ នេះ​គឺ​ជា​ការ​ប្រៀប​ធៀប​ ដែល​លោក ហ៊ុយ យ៉ាឡេង ​ថា​តួអង្គ​ទាំង​ពីរខាង​លើ​ ផ្ដើម​ចេញ​ពី​តួសម្ដែង​ ហើយ​វិវឌ្ឍន៍​ទៅ​ដល់​ការ​ដឹក​នាំ និងហួស​ទៅ​ដល់​ការ​និពន្ធ​​ផង​។ 
 
សូម​អស់​លោក លោកស្រី អញ្ជើញ​ទស្សនាបទ​សម្ភាស រវាង​កញ្ញា ប៉ូ សាគុន ជា​មួយ​អ្នក​​ដឹក​នាំ​សម្ដែង និង​ជា​តួសម្ដែង លោក ហ៊ុយ យ៉ាឡេង​ ដូច​តទៅ​៖



មាន​សាធារណជន​មួយ​ចំនួន​ បាន​លើក​ឡើងថា លោក ហ៊ុយ យ៉ាឡេង​ មិន​គួរ​សម្ដែង​ដោយ​ខ្លួន​ឯងច្រើន​រឿង​ ក្នុង​ភាព​យន្ត​​ដែល​​លោក​និពន្ធ និង​ដឹក​នាំ​​ឡើយ​។ អ្នក​ខ្លះ​ទៀតបាន​​និយាយ​ថា ប្រសិន​លោក យ៉ាឡេង ជួល​តួសម្ដែង​ផ្សេង​ ឱ្យ​សម្ដែង​ក្នុង​រឿង​របស់​លោកនិពន្ធ​​ ទំនង​ជា​​អាច​ទទួល​បាន​ចំណាប់​អារម្មណ៍ ​ច្រើន​ជាង​​អ្នក​ដឹក​នាំរឿង ​សម្ដែង​ដោយ​ខ្លួន​ឯង​​ផ្ទាល់​។ ​ការ​បញ្ចេញ​មតិយោបល់​នេះ បាន​កើត​ឡើង​ជា​យូរមក​ហើយ​ ហើយ​វា​បាន​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​។ 


 
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាង​លើ អ្នក​ដឹក​នាំ​ដែល​មាន​ជោគ​ជ័យ​ច្រើន លើ​ប្រភេទ​រឿង​ខ្មោច និង​ភ័យ​រន្ធត់​​រូប​នេះ អះអាង​ថា អ្នក​និពន្ធ និង​អ្នក​ដឹក​នាំ ដឹង​សុខភាព​រឿង ដឹងប្លង់ ដឹង​អារម្មណ៍​តួ​ ស៊ីជម្រៅ​ខ្លាំង។​ ប្រសិន​អ្នក​និពន្ធ ឬ​អ្នក​ដឹក​នាំ​ សម្ដែង​ដោយ​ខ្លួន​ឯង រឿង​នោះ​មាន​លទ្ធភាព​ សម្ដែង​បាន​ល្អ​ជាង​ការ​រើស​តួ​ពី​ក្រៅ​។ 
តួសម្ដែង​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ ពី​សកល​វិទ្យាល័យភូមិន្ទ​វិចិត្រ​សិល្បៈ ដែល​ជា​សាលា​ធំ​បំផុត​ផ្នែក​សិល្បៈ​សម័យ​និង​បុរាណ ស្ទើរ​​គ្រប់ទម្រង់​ នៅ​ប្រទេស​កម្ពុជា​ ​​ពន្យល់ដូច្នេះ​៖​«យើង​ដឹង​ពី​សុខភាព​រឿង យើង​ដឹង​ពីចរិត​​តួក្នុង​​រឿង ​យើង​ជា​អ្នក​ចេញ​ប្លង់​។ ដូច្នេះបើ​យើង​ជា​អ្នក​សម្ដែង គឺ​វា​បាន​ល្អ​ជា​ង​ការ​ដែល​យើង​ប្រាប់​គេ​ ថា​យើង​ចង់​បាន​បែប​ណា​។ ពេល​ខ្លះ​តួ​ផ្សេងសម្ដែង​ ​អាច​មិនល្អ​​ដូច​អ្វី​ដែល​អ្នក​ដឹក​នាំ​ចង់​បាន​​​»។ 


 
លោក យ៉ាឡេង ​សំណូម​ពរ​ដល់​អ្នក​ដែល​ប្រកាន់ ​ឈប់​ប្រកាន់នឹង​​លោក​ទៀត ​ដ្បិត​អី​លោក​សម្ដែង​មួយ​ឆ្នាំ​ប្រមាណ​តែ​មួយ​រឿង​ប៉ុណ្ណោះ​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ដឹក​នាំ​រឿង​រូប​នេះ ​ថា​អ្នក​ដែល​ប្រកាន់​​ ចំពោះ​ការ​សម្ដែង​របស់​លោក​​មាន​តិច​ ហើយ​អ្នក​ទាំង​នោះ​ គឺ​ជា​​អ្នក​ដែល​ស្អប់​លោក និង​មិន​ដែល​មើ​ល​កុន​របស់​លោក​ឡើយ​។ ​លោក​បន្ថែម​ថា ​អ្នក​ដែល​មើល​កុន​របស់​លោក នៅ​តែ​ស្រឡាញ់​លោក​។ 
«ខ្ញុំក៏​​​មិន​ទៅ​សម្ដែង​រឿង​ ដើរ​​តួស្អាត សង្ហា ឬ​ជា​កូន​ទេវបុត្រដែរ​​ ខ្ញុំ​ទៅ​ម្ដេច​រួច​? ខ្ញុំ​រើស​តែ​រឿង​ណា​ដែល​ខ្ញុំ​ទៅ​រួច​។ ដូច្នេះ​ខ្ញុំ​សំណូម​ពរ​អ្នក​ដែល​ប្រកាន់ សូម​ឈប់​ប្រកាន់​ខ្ញុំ​ទៅ​»៕ 

Tag:
 សិល្បៈ​
  ភាពយន្ត​
  កុន
  រឿង
 
© រក្សាសិទ្ធិដោយ thmeythmey.com