កីឡាជាតិ
ជាតិ
កម្ពុជា រៀបចំការប្រកួតគុនដាវថ្នាក់ជាតិ ដើម្បីចម្រាញ់យកកីឡាករ-ការិនីឆ្នើម
29, Jul 2023 , 2:00 pm        
រូបភាព
ការប្រកួតគុនដាវ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣២
ការប្រកួតគុនដាវ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣២
កម្ពុជា រៀបចំការប្រកួតគុនដាវជ្រើសរើសជើងឯកថា្នក់ជាតិ ឆ្នាំ២០២៣ ដែលធ្វើនៅថ្ងៃទី១-៣ ខែកញ្ញា។ លោក សាន់ សុខសីហា ប្រធានអាជ្ញាកណ្ដាលសហព័ន្ធកីឡាគុនដាវកម្ពុជា អះអាងថាការប្រកួតនេះដើម្បីចម្រាញ់ យកកីឡាករ-កីឡាការិនីខ្លាំងមានសមត្ថភាពទូទាំងប្រទេស និងផ្សព្វផ្សាយកីឡាមួយនេះ មានប្រជាប្រិយភាព។


 
សហព័ន្ធកីឡាគុនដាវកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ថ្ងៃទី១-៣ ខែកញ្ញា នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក សាន់ សុខសីហា បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាការធ្វើបច្ចុប្បន្នភាព របស់វិស័យកីឡាមួយនេះ ដែលបង្ហាញពីការអភិវឌ្ឍ និងវឌ្ឍនភាព។ មន្ដ្រីសហព័ន្ធរូបនេះ បានពន្យល់ដូច្នេះថា តាមរយៈការប្រកួតនេះ សហព័ន្ធ អាចចម្រាញ់យកធនធានកីឡាករ-កីឡាការិនី មានសមត្ថភាព និងបច្ចេកទេសខ្ពស់ មកចូលរួមជាមួយក្រុមជម្រើសជាតិ។ 


ការប្រកួតគុនដាវក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣២

លោក សាន់ សុខសីហា បន្ថែមទៀតថា ការប្រកួតថ្នាក់ជាតិ នាអំឡុង ខែកញ្ញា នេះ ក៏ជាការផ្សព្វផ្សាយឲ្យប្រជាជនក្នុង និងក្រៅស្រុក បានដឹងថាកម្ពុជា ក៏មានវិស័យកីឡាគុនដាវ ផងដែរ។ បច្ចុប្បន្ន វិស័យកីឡាមួយនេះ មិនទាន់មានប្រជាប្រិយភាព ហើយប្រជាជនមួយចំនួន ក៏មិនទាន់ដឹងថា កម្ពុជា មានសហព័ន្ធ និងកីឡាគុនដាវ។ 
 
«យើងដឹងហើយថាប្រជាប្រិយភាព កីឡាគុនដាវ នៅកម្ពុជា គឺពុំសូវមាន ខណៈពេលដែលនាយកសាលា និងអាណាព្យាបាលជាច្រើន មិនទាន់ផ្ដល់តម្លៃដល់កីឡានៅឡើយ ជាពិសេស មកដល់ពេលនេះ មានប្រជាពលរដ្ឋទាំងខ្មែរ និងបរទេស ដែលរស់នៅកម្ពុជា នៅមិនទាន់ដឹងថា យើងមានកីឡាមួយប្រភេទនេះ។»។ លោក សាន់ សុខសីហា បានបញ្ជាក់ប្រាប់ដូច្នេះ។ 
 
ប្រធានអាជ្ញាកណ្ដាលរូបនេះ បានពន្យល់បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាគុនដាវកម្ពុជា ទទួលបានមេដាយលើសពី៤០ ពីការប្រកួតអន្ដរជាតិ នានា។ វិស័យគុនដាវ គឺជាប្រភេទកីឡាអូឡាំពិក ដែលមិនសូវមានប្រជាប្រិយភាព ហើយម្យ៉ាងវិញទៀត ចំនួនកីឡាករ-កីឡាការិនី ហ្វឹកហាត់ មានតិច។ មន្ដ្រីសហព័ន្ធរូបនេះ បញ្ជាក់ថា ចាប់តាំងពីកកើតសហព័ន្ធ ពីឆ្នាំ២០១៧ មកដល់ពេលនេះ មានធនធានកីឡាករ-កីឡាការិនី មិនដល់ ១០០នាក់ផង។ លោក សុខសីហា និយាយថា សហព័ន្ធគុនដាវកម្ពុជា បានផ្លាស់ប្ដូផែនការបន្ទាប់ពីចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដោយកាត់បន្ថយការចេញទៅប្រកួតលើឆាក់អន្ដរជាតិ នៅក្រៅប្រទេស ហើយបង្កើតឲ្យមានការប្រកួតច្រើន នៅក្នុងប្រទេស។ ការធ្វើបែបនេះ គឺដើម្បីបង្កើតធនធានអត្ដពលិកគុនដាវ ឲ្យបានច្រើនសម្រាប់ប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានាទៀត។
 
មន្ដ្រីសហព័ន្ធគុនដាវកម្ពុជា រូបនេះ បានបញ្ជាក់ដូច្នេះ៖«យ៉ាងណាមិញ យើងក៏បានដាក់ក្នុងផែនការផងដែរ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ត្រូវបានបញ្ចប់ នោះគឺផ្លាស់ប្ដូរទិសដៅដោយកាត់បន្ថយការចេញទៅប្រកួតនៅក្រៅប្រទេស ប្ដូរបង្កើនរៀបចំការប្រកួតក្នុងប្រទេសឱ្យកាន់តែច្រើន ដើម្បីផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីយើងអាចចូលរួមការប្រកួតអន្ដរជាតិកាន់តែច្រើន។»។
 
លោក សុខសីហា ក៏បានបញ្ជាក់ទៀតថា សហព័ន្ធ មានផែនការធ្វើនិរន្ដរភាព ដើម្បីរក្សាឲ្យប្រភេទកីឡានេះ អាចដំណើរការ ដោយបន្ដអភិវឌ្ឍ និងផ្សព្វផ្សាយទៅខាងមុខទៀត ក្នុងនោះត្រូវមានធាតុផ្សំសំខាន់ៗ រួមមានដូចជាទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាមហាជនទូទៅ។ ការរៀបចំសកម្មភាពប្រកួតឲ្យបានច្រើន និងកំណត់គោលដៅច្បាស់លាស់ ដល់អ្នកចូលរួម។ បង្ដើតសកម្មភាពផ្សព្វផ្សាយនានា ដើម្បីគាំទ្រចលនាចលានូបត្ថម្ភ ។ល។ 
 
ប្រធានអាជ្ញាកណ្ដាលរូបនេះ ក្រៅពីបង្កើនធនធានអត្ដពលិក ផ្សព្វផ្សាយ និងការធ្វើនិរន្ដរភាពកីឡាគុនដាវ សហព័ន្ធ ក៏មានផែនការពង្រឹងធនធានគ្រូបង្វឹក មន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល ផងដែរ។ «ចាប់តាំងពី២០១៣ រហូតដល់បច្ចុប្បន្ន សហព័ន្ធបានស្វែងរកដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ដូចជាគ្រូបង្វឹក មន្រ្ដីបច្ចេកទេស និងអាជ្ញាកណ្ដាលជាដើម។ បើទោះមានគ្រូបង្វឹកជាច្រើន បានចាកចេញ ឬប្ដូរពីកីឡាគុនដាវទៅប្រភេទកីឡាផ្សេងក៏ដោយ ក៏គិតត្រឹមការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ យើងមាន មន្រ្ដីបច្ចេកទេស ដែលអាចប្រើប្រាស់ និងគ្រប់គ្រងកម្មវិធីប្រកួត ដោយខ្លួនឯង និងអាជ្ញាកណ្ដាលមានអាជ្ញាបណ្ណអន្ដរជាតិ ចំនួន ៧នាក់ (នារី ២នាក់ បុរស៥នាក់)។»។ លោក សុខសីហា បានប្រាប់បែបនេះ។
 
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាគុនដាវកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ថ្ងៃទី១-៣ ខែកញ្ញា នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងការប្រកួតនោះ សហព័ន្ធ បានដាក់វិញ្ញាសា ចំនួន៨ មានដូចជា៖ ឯកត្ដជនដាវតូច(បុរស-នារី), ឯកត្ដជនដាវធំ (បុរស-នារី), ឯកត្តជនដាវកាប់ (បុរស-នារី) និងក្រុមដាវធំ (បុរស-នារី)៕

Tag:
 (គុនដាវ
  សាន់ សុខសីហា)
© រក្សាសិទ្ធិដោយ thmeythmey.com