ជាតិ
បទសម្ភាសន៍
បដិមាព្រហ្មធ្វើពីស្ពាន់នៅព្រលានសៀមរាបថ្មី ​រចនាឡើងយ៉ាងផ្ចិតផ្ចង់តាម​ស្ថាបត្យកម្មខ្មែរ
29, Jul 2023 , 7:00 pm        
រូបភាព
សៀមរាប៖ រូបបដិមាព្រហ្មមុខបួននៅព្រលានយន្តហោះ សៀមរាប-អង្គរ ស្ថិតក្នងស្រុក​សូទ្រនិគម ផ្ទុះការចាប់អារម្មណ៍ច្រើន។ ចាប់អារម្មណ៍ព្រោះថាប្លែក និងថ្មី មិនទាន់មាន ពីមុន។ តាមមន្រ្តីជំនាញ ការជ្រើសរើសបដិមាព្រហ្មមុខបួនដាក់កណ្ដាល​ព្រលានយន្ត ហោះថ្មីនេះ មានការគិតគូរច្បាស់លាស់ និងមានអត្តន័យពេញលេញផងដែរ។ រូបនេះធ្វើ ស្ពាន់ មានទម្ងន់ប្រមាណ៦តោន និងដំឡើងដោយ​សិល្បករខ្មែរ នៅខេត្តសៀមរាប។

 
ព័ត៌មានពិស្ដារ សូមស្ដាប់និងអានបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នករៀបចំ​ប្លង់​ព្រហ្មមុខបួន នេះដូចទៅ៖ 

 
 
 
អ៊ីសា រ៉ហានី៖ ការរៀបចំរូបព្រហ្មមុខបួននៅព្រលានយន្តហោះសៀមរាបអង្គរ ស្រុកសូទ្រនិគម​ហាក់មានភាព​​​ទាក់ទាញ​ជាខ្លាំង។ តាមព័ត៌មានទទួលបាន គឺលោកជាអ្នកគូសប្លង់ និងដឹកនាំក្នុង គម្រោងមួយនេះ។ ជាសំណួររបស់ខ្ញុំ តើហេតុអ្វីយើងធ្វើរូបព្រហ្មមុខបួននៅក្នុងព្រលានថ្មីនេះ?
 
លី រស្មី៖ បាទចង់ជម្រាបប្អូនថា មុននឹងសម្រេចធ្វើរូបព្រហ្មមុខបួនដាក់ក្នុងអាកាសយានដ្ឋានយើងបាន​ប្រជុំ យើងមានគណៈកម្មការតម្រង់ទិសដែលដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច ហើយគណៈកម្មការ ទាំងអស់ក៏បានមូលមាត់គ្នាថា កំណត់យករូបព្រហ្មហ្នឹងដាក់ក្នុងព្រលានយន្តហោះថ្មីនេះ។ ហើយរូបព្រហ្ម​នេះក៏តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួន ដាក់នៅចំចំណុចកណ្ដាលនៃអាកាសយានដ្ឋាន​អន្ដរជាតិសៀមរាប-អង្គរ ក៏ហាក់បានដូចជាទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរជាតិ-អន្ដរជាតិដែលមកពីទិសទាំងបួននោះដែរ។ ហើយទីពីរ ដើម្បីថែរក្សាមរតកវប្បធម៌ សិល្បៈដូនតារបស់ខ្មែរយើងដែលធ្លាប់មាន វត្តមានដែលយើងឃើញរូបព្រហ្មហ្នឹងតាំងពីសតវត្សទី១២មក។ មែនទែនមុននឹងទៀត តែជាប្រាសាទនៅ សតវត្សទី១២ មានដូចជាប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទផ្សេងៗទៀតដែលមានឆ្លាក់ប្រាង្គ ជាបដិមាព្រហ្មអ៊ីចឹង។ ហើយទីបី យើងឃើញហើយនៅក្នុងប្រទេសខ្មែរយើងបច្ចុប្បន្ននេះ ការតម្កល់​រូបព្រហ្មហ្នឹ​ង​ច្រើនតែធ្វើឱ្យរួចពីដៃ អត់សូវបានគិតគូរទៅលើភាពវិចិត្ររចនាសមស្របទៅតាម មរតកសិល្បៈ​​ស្ថាបត្យកម្មខ្មែរប៉ុន្មានទេ។ អ៊ីចឹងបានខ្ញុំនិងក្រុមការងារគិតថា ធ្វើរូបព្រហ្មនេះធ្វើម៉េចឱ្យ​មានភាពផ្ចិតផ្ចង់គ្រប់ទម្រង់ គ្រប់គ្រឿងទាំងអស់សម្រាប់ពាក់ទៅលើរូបព្រហ្ម គឺត្រូវរំលេចចេញឱ្យអស់ ដើម្បីបង្ហាញជាគំរូមួយសម្រាប់ការសិក្សារូបព្រហ្ម។ ទីបួន ដើម្បីបន្សល់ទុកស្នាដៃឱ្យកូនចៅជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវគេអាចសិក្សាតាមបានផង។
 

ការដំឡើងព្រះព្រហ្មនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ។ រូបភាពពីលោក លី រស្មី

អ៊ីសា រ៉ហានី៖ លោក អាចថារូបព្រហ្មនេះ មានអ្វីពិសេសជាងរូបព្រហ្មកន្លងមក ដែលគេធ្លាប់​កសាងឬយ៉ាងណា?
 
លី រស្មី៖ បាទ យើងធ្វើព្រហ្មកន្លងមកនោះ យើងច្រើនតែធ្វើអត់មានកំពូលខាងលើ។ កំពូលខាងលើ​កំពូលមានត្របកឈូកបីជាន់។ យើងតែងរំលងរឿងហ្នឹងចោលដោយសារប្រាសាទបុរាណគេធ្វើដែរ ក៏ប៉ុន្ដែសម័យកាលតៗមកវាបាក់បែកអស់ទៅ អ៊ីចឹងអាកន្លែងដែលស្រួចហ្នឹងវាងាយនឹងបាក់ជាងគេ អ៊ីចឹងក៏បាត់បង់ទៅ ហើយខ្មែរយើងក្រោយមកយើងឃើញថា តែងធ្វើអត់កំពូល។ ហេតុដូច្នេះហើយ យើងធ្វើថ្មីនេះ គឺគ្រប់ទម្រង់គ្រប់គ្រឿងទាំងអស់។ ហើយនៅជ្រុងសារពើរសូត្រនៃរូបព្រហ្ម​ដែលស្ថិត​នៅ​តាមអនុទិសទាំងបួនមានរូបទេពប្រណម្យតាមជ្រុងមួយៗហ្នឹងក៏យើងរំលេចចេញដែរ។ ហើយការ​ធ្វើឥឡូវមិនបានរំលេចបែបហ្នឹងទេ ជួនកាលគេដាក់រូបគ្រុឌក៏បាន គេដាក់រូបទេពប្រណម្យ​ក៏បាន។ ហើយនៅលើប្រាង្គមួយៗហ្នឹងគឺមានក្បាច់ យើងហៅក្បាច់នាគមុម ឬក្បាច់សំបកត្រពាំង ដែលដាក់​នៅ​តាមជ្រុងនីមួយៗនៃសារពើរសូត្រ ក៏យើងបានរំលេចចេញឱ្យអស់ដែរ។ អ៊ីចឹងបានខ្ញុំលើកយកមកថា ការរៀបចំរូបព្រហ្មនេះឡើងគឺធ្វើឱ្យត្រឹមត្រូវទៅតាមគ្រប់ទម្រង់ គ្រឿងលម្អ​នៃសិល្បៈស្ថាបត្យកម្មខ្មែរ​ទាំងអស់ដើម្បីវិចិត្ររចនានៅលើប្រាង្គព្រះព្រហ្មនេះ។
 

ការដំឡើងព្រះព្រហ្មនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ។ រូបភាពពីលោក លី រស្មី
 
អ៊ីសា រ៉ហានី៖ លោក លី រស្មី តើការសិក្សាប្លង់ ឬគំរូប្លង់នេះយើងយកចេញពីណាមកដែរ​?
 
លី រស្មី៖ ប្លង់នេះតាមពិតទៅខ្ញុំសិក្សាពីប្រាសាទបាយ័ន្ត ក៏ប៉ុន្តែព្រះភ័ក្រ្តព្រហ្មហ្នឹង យើងឃើញ​ព្រះភ័ក្រ្តនៅប្រាសាទតាព្រហ្មល្អដែរ។ ប្រាសាទបាយ័ន្តក៏យើងសិក្សាតាមគំរូនោះដែរ។ ផ្ទៃមុខហ្នឹង គឺយើងជ្រើសរើសពីប្រាសាទដែលនៅច្រកចូល បានន័យថាខ្លោងទ្វារគោរបុរៈខាងមុខប្រាសាទបាយ័ន្ត ចំកណ្ដាលគេហ្នឹងបាទ។ ព្រោះនៅគោរបុរៈនៅបាយ័ន្តហ្នឹងក៏មានមុខព្រហ្មកំពូលបីដែរ ហើយគេធ្វើបាន ល្អខ្លាំង។ 
 
អ៊ីសា រ៉ហានី៖ ព្រហ្មមុខបួនកំពុងដំឡើង និងមិនទាន់រួចរាល់នៅឡើយទេ ប៉ុន្តែឃើញមហាជនមានការ កោតសរសើរច្រើន និងស្កឹមស្កៃ ប៉ុន្តែគេមិនទាន់ដឹងថាវាមានកម្ពស់ ទំហំ ទម្ងន់អីប៉ុន្មានទេ តើឯកឧត្តម អាចជម្រាបបានទេ?
 
លី រស្មី៖ ចំពោះកម្ពស់ៗប្រមាណ៧ម៉ែត្រ ទម្ងន់វាអាចចូលដល់៦តោន។ យើងសង់ពីស្ពាន់។
 

ការដំឡើងព្រះព្រហ្មនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ។ រូបភាពពីលោក លី រស្មី
 
អ៊ីសា រ៉ហានី៖ តើសិល្បករខ្មែរឬបរទេសជាអ្នកដំឡើងរូបនេះឡើង? 
 
លី រស្មី៖ បាទ ស្ពាន់គឺយើងធ្វើនៅខ្មែរទាំងអស់។ សូមជម្រាបថា បន្ទាប់ពីយើងបានសិក្សារូបបដិមា​មួយចំនួននៅខេត្តព្រះសីហនុមក យើងមានបទពិសោធន៍ក្នុងការស្លស្ពាន់ ការចាក់ស្ពាន់។ អ៊ីចឹងយើងបានសហការគ្នាជាមួយក្រុមការងារជាងដែលនៅសៀមរាបផ្ទាល់ ដើម្បីធ្វើប៉ាន់ហើយនិង​ស្លស្ពាន់ចាក់នេះ គឺយើងធ្វើនៅខ្មែរទាំងអស់។
 
អ៊ីសា រ៉ហានី៖ រូបនោះរៀងធំដែរ តើដំណើរការនៃការរៀបចំឬដំឡើងនោះមានភាពលំបាកយ៉ាងម៉េចខ្លះ ដែរលោក?
 
លី រស្មី៖ យើងជួបបញ្ហាលំបាកខ្លះដែរ ដោយសាររូបនោះទីមួយធំ ទីពីរគ្រឿងលម្អរូបមានច្រើន ដែលយើងត្រូវធ្វើពុម្ពច្រើនដើម្បីតម្រូវយកមកដាក់នៅលើរូបហ្នឹង។ ខ្ញុំឧទាហរណ៍ដូចជា បាំងខ្លែង ដូចជាទេពប្រណម្យ ដូចជាគ្រឿងលម្អនៅតាមចមត្រចៀក តាមបាំងមកុដខាងលើហ្នឹង ​និងសន្លឹកសីមា។ អ៊ីចឹងវាមានច្រើនដែលយើងត្រូវធ្វើពុម្ពដាច់ៗពីគ្នាដើម្បីយកមកតុបតែងលម្អ នៅលើរូបព្រះព្រហ្មហ្នឹង។ ហើយផលលំបាកមួយទៀតនឹងគឺ នៅពេលដែលយើងផ្គុំចូលគ្នា ធម្មតាខាងស្ពាន់​វាការប្រែប្រួលខ្លះដែរ។ អ៊ីចឹងនៅពេលហ្នឹងគឺយើងត្រូវដុតកម្ដៅច្រើនដើម្បីធ្វើម៉េចឱ្យ រូបព្រហ្មនឹងវាចូលទៅកាន់ទីតាំង និងត្រូវតាមទម្រង់ដើមរបស់រូប។​ ហើយគ្រឿងផ្គុំរបស់ព្រហ្មក៏យើងបាន សិក្សាល្អិតល្អន់ដែរ ដោយមានគ្រឿងដែកពីខាងក្នុងដើម្បីចាប់ភ្ជាប់ជាមួយស្ពាន់ហ្នឹងឱ្យ​វាកាន់តែ​ជាប់​បានល្អ។
 
អ៊ីសា រ៉ហានី៖ មកដល់បច្ចុប្បន្ន តើយើងដំឡើង ឬរៀបចំបានប៉ុន្មានភាគរយហើយ​?
 

ការដំឡើងព្រះព្រហ្មនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ។ រូបភាពពីលោក លី រស្មី
 
លី រស្មី៖ បើយើងគិតទៅយើងបានប្រមាណ៨៥ភាគរយហើយ។ យើងសង្ឃឹមថាប្រហែលជានៅដើមខែ៨ នឹងបញ្ចប់រួចរាល់។ ការសម្ពោធយើងនឹងធ្វើនៅកំឡុងពេលយើងសម្ពោធអាកាសយានដ្ឋានតែម្ដង ដោយសារនៅពេលនោះនឹងមានពិធីមួយគឺពិធីបើកព្រះនេត្រ នៅពេលនោះបានរូបហ្នឹងពេញលក្ខណៈជា ព្រះព្រហ្មដែលមានឫទ្ធិបារមីសមជារូបព្រហ្មដែលយើងអាចគោរពបូជាបាន។
 
អ៊ីសា រ៉ហានី៖ ទាក់ទងនឹងប្លង់ព្រលានយន្តហោះសៀមរាប-អង្គរវិញ តើជាការគូសប្លង់របស់លោកដែរ ឬយ៉ាងណា?
 
លី រស្មី៖ អត់ទេ! ព្រលានយន្តហោះហ្នឹងខាងចិនជាអ្នកគូសប្លង់ ប៉ុន្តែខ្ញុំជួយទៅលើ​គ្រឿងលម្អស្ថាបត្យកម្មមួយចំនួន ហើយនិងការតុបតែងលម្អខាងក្នុងមួយចំនួនផងដែរ ជាមួយគណៈកម្មការតម្រង់ទិស។ 
 
អ៊ីសា រ៉ហានី៖ ចំពោះរូបព្រហ្មខាងលើ ក្រោយដំឡើងរួច តើនឹងមានការបើកឱ្យ​ចូលទស្សនា​ដែរទេ?
 
លី រស្មី៖ មានអ្នកសួរច្រើនថាចង់ទៅមើល ខ្ញុំថាអត់ទាន់ទេ ព្រលានយន្តហោះមិនទាន់បើកទេ ទាល់តែយើងបើកហើយយើងអាចចូលទៅមើលបាន ក៏ប៉ុន្តែចូលហ្នឹង ដោយសាររូបព្រហ្មហ្នឹងស្ថិតនៅ​ខាងក្នុង​នៃមណ្ឌលកណ្ដាលនៃអាកាសយានដ្ឋានអន្ដរជាតិហ្នឹង យើងចូលបានទាល់តែ Register បន្ទាប់ពីពេលពិនិត្យប៉ាស្ព័រអីចូលទៅទើបយើងឃើញរូបព្រហ្ម គឺទាល់តែអ្នកដំណើរចេញចូល​ទើបអាចឃើញរូបនោះបាន៕

Tag:
 បដិមាព្រហ្ម
  ព្រលានយន្តហោះសៀមរាប
  ​សៀមរាប-អង្គរ
  លី រស្មី
© រក្សាសិទ្ធិដោយ thmeythmey.com