ជាតិ
អ្នកជំនាញ ចាប់ផ្ដើមស្ដារស្រះបុរាណនៅប្រាសាទបាយ័ន ឱ្យចេញជារូបរាងម្ដងទៀត
29, Jul 2023 , 4:40 pm        
រូបភាព
សកម្មភាពក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងលើកបំណែកថ្ម នៅស្រះប្រាសាទបាយ័ន នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
សកម្មភាពក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងលើកបំណែកថ្ម នៅស្រះប្រាសាទបាយ័ន នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមស្ដារស្រះបុរាណ នៅផ្នែកខាងកើតប្រាសាទបាយ័ន។ ការស្ដារនេះ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់គំនរថ្មប្រាសាទបាក់បែងក្នុងស្រះ និងរៀបចំទីតាំងស្រះនេះ ឱ្យចេញជារូបរាងទម្រង់ដើមឡើងវិញ ខណៈបច្ចុប្បន្នស្រះនេះត្រូវបានដីហូរចូល ស្ទើរបាត់រូបរាង។


 
ដើម្បីជ្រាបច្បាស់ពីការស្ដារស្រះផ្នែកខាងកើតប្រាសាទបាយ័ន សូមប្រិយមិត្តទស្សនាបទសម្ភាសរវាងលោក ស៊ុល រ៉វី និងលោក ឈូក សុម៉ាឡា អ្នកបច្ចេកទេសដូចតទៅ៖
 
 

នៅប្រាសាទបាយ័ន មានស្រះទឹកចំនួនពីរ ដែលអមសងខាងក្ដារបែននៅផ្នែកខាងកើត។ បច្ចុប្បន្នស្រះទឹកទាំង២នេះ មិនមានសោភ័ណភាព បាត់បង់សភាពដើម និងមានថ្មច្រើនបំណែក ត្រូវបានទុកចោលក្នុងស្រះនេះ។ បំណែកថ្មទាំងនោះ គឺជាបំណែកបាក់បែក យកចេញពីប្រាសាទបាយ័ននេះផ្ទាល់តែម្ដង។ 
  

ស្ថានភាពខាងលើនេះ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមគម្រោងស្ដារស្រះនេះឡើងវិញ រួមនឹងការរើបំណែកថ្មចេញពីស្រះផងដែរ។ បើតាមលោក ឈូក សុម៉ាឡា អ្នកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ជំហានដំបូងនៃគម្រោងស្ដារនេះ ក្រុមការងារកំពុងចាប់ផ្ដើមរើថ្ម និងចុះលេខ នៃបំណែកថ្មនីមួយៗ នៅស្ថិតក្នុងស្រះទាំង២នេះ។ 
  

ជុំវិញការស្ដារស្រះនេះទៀតសោត លោក សុម៉ាឡា បញ្ជាក់ថា ធ្វើឡើងដោយរក្សាអត្តសញ្ញាណដើម ឬទម្រង់ដើមដែលស្រះនេះត្រូវបានធ្វើឡើង និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័ន។ ពាក់ព័ន្ធនឹងគម្រោងការស្ដារស្រះទាំង២នេះ អ្នកបច្ចេកទេសរូបនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ ពីរយៈពេលនៃការបញ្ចប់៕ 
 

Tag:
 ThmeyThmey
  ស្រះប្រាសាទបាយ័ន
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com