ជាតិ
ក្រសួងកសិកម្ម៖ ខែមករា និងខែមិថុនា តម្លៃម្ទេសអាចឡើងខ្ពស់ដល់២ម៉ឺនរៀល ក្នុង១គីឡូក្រាម
29, Jul 2023 , 9:40 pm        
រូបភាព
ចម្ការម្ទេសរបស់ពលរដ្ឋ។ រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចម្ការម្ទេសរបស់ពលរដ្ឋ។ រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា តម្លៃម្ទេស អាចឡើងខ្ពស់បំផុតនៅក្នុងខែមករា និងមិថុនា។ ដូច្នេះ កសិករដែលដាំម្ទេស អាចដាំនិងថែទាំម្ទេស ដើម្បីប្រមូលផលក្នុងខែទាំង២នេះបាន។

  
 
ដំណាំម្ទេស គឺប្រើរយៈពេល៦៤ថ្ងៃទៅ៨០ថ្ងៃប៉ុណ្ណោះ កសិករអាចប្រមូលផលបាន ហើយក៏អាចប្រមូលបានច្រើនដងបន្តបន្ទាប់គ្នាដែរ។ ចំពោះការដាំម្ទេសនៅរដូវក្តៅ មានបញ្ហាប្រឈមច្រើនដូចជា សត្វល្អិត បាក់តេរី និងពពួកផ្សិត ហើយរដូវកាលសមស្របសម្រាប់ដាំម្ទេស កសិករអាចដាំដុះនៅរដូវរំហើយចាប់ពីខែតុលា ដល់ខែវិច្ឆិកា ដែលអាចប្រមូលវិញបានក្នុងខែកុម្ភៈ។ ជាមួយគ្នាដែរ កសិករក៏អាចដាំម្ទេសនៅរដូវប្រាំងចាប់ពីខែឧសភាទៅ ហើយប្រមូលផលនៅខែសីហា។ នេះបើតាមចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម។ 


ដើមម្ទេស

សម្រាប់តម្លៃទីផ្សារម្ទេស ក្រសួងបានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់ប្រែប្រួលចន្លោះពី៤ពាន់រៀល ទៅ៩ពាន់រៀល ក្នុង១គីឡូក្រោម។ ក្រសួង បានសម្គាល់ឃើញថា៖ «បើយើងមើលពីនិន្នាការតម្លៃរយៈ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះ តម្លៃម្ទេសអាចហក់ខ្ពស់បំផុតដល់ទៅ២ម៉ឺនរៀល ក្នុង១គីឡូក្រាមក្នុងខែមិថុនា និងខែមករា និងធ្លាក់ថ្លៃទាបបំផុតត្រឹមតម្លៃ ៦០០រៀលក្នុង១គីឡូក្រាមនៅក្នុងខែតុលា»។ ជាមួយគ្នាដែរ ក្រសួងបន្ថែមថា​តម្លៃម្ទេសមានការប្រែប្រួលតម្លៃខ្លាំងនៅក្នុងរដូវប្រាំង និងប្រែប្រួលតិចតួចនៅរដូវវស្សា។
 
ក្រសួងកសិកម្មបានឱ្យដឹងថាដំណាំម្ទេសមិនរើសដីដាំដុះនោះទេ ប៉ុន្តែដីដែលល្អសម្រាប់ម្ទេស គឺជាដីមានជីជាតិល្អ ក្បែរប្រភពទឹក ឬជាដីល្បាប់ល្បាយខ្សាច់ និងសម្បូរទៅដោយជាតិមមោក។ ដើមម្ទេសត្រូវការទឹកជាមធ្យមក្នុងកម្រិតសំណើមដីពី ៦៥ ទៅ៧០ភាគរយ។ ដំណាំម្ទេសមិនងាយស្រួល ក្នុងការដាំដុះប៉ុន្មានទេ ដោយសារមានជំងឺច្រើន។ ដូច្នេះ កសិករត្រូវយល់ដឹង ដូចជាការជ្រើសពូជ រៀបចំដី ដាក់ជី បញ្ចេញបញ្ចូលទឹក និងថែទាំ ទើបទទួលបានទិន្នផលល្អ។ 


 ម្ទេស

ដំណាំម្ទេសមានច្រើនប្រភេទ ដែលនៅប្រទេសកម្ពុជាគេនិយមដាំប្រភេទ ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ម្ទេសផ្លោក ម្ទេសហាវ៉ៃជាដើម។ ដោយឡែកម្ទេសផ្សេងៗទៀត ដែលឃើញលក់នៅតាមទីផ្សារ ជាប្រភេទម្ទេសនាំចូលពីក្រៅប្រទេសមកដាំដុះពុំទាន់មានការសិក្សាពីបច្ចេកទេសដាំដុះសមស្របនៅឡើយទេ។ ម្ទេសជាបន្លែ សម្បូរវីតាមីនដូចជា A B C E និងសារធាតុរ៉ែ ដែលមានមុខងារជួយដល់សារពាង្គកាយមនុស្ស ដូចជាជួយបន្សាបជាតិពុល បំបាត់ការឈឺចាប់ ជាថ្នាំអង់ទីប៊ីយ៉ូទិចធម្មជាតិ ជួយភ្ញោចខួរក្បាលក្នុងការបញ្ចេញអ៊័រម៉ូន endorphins ជួយកាត់បន្ថយមហារីកពោះវៀនធំ និងជួយបញ្ចុះជាតិកូឡេស្តេរ៉ូលក្នុងឈាម ដែលអាចកាត់បន្ថយជំងឺគាំងបេះដូងផងដែរ។ ប៉ុន្តែមិនត្រូវពិសាលើសកម្រិតនោះទេ៕


Tag:
 ជាតិ៖ កសិកម្ម
  ម្ទេស
© រក្សាសិទ្ធិដោយ thmeythmey.com