កីឡាជាតិ
ជាតិ
Cambodian Super Cup៖ វិសាខា ប្ដេជ្ញាយកជ័យជម្នះ ខណៈភ្នំពេញក្រោន ប្រយ័ត្នពីគូប្រកួត
30, Jul 2023 , 8:00 am        
រូបភាព
ភ្នំពេញក្រោន ជើងឯកពានរង្វាន់ Cambodian Premier League 2022 (លីគកំពូលកម្ពុជា) ត្រូវប្រកួតជាមួយ វិសាខា ជើងឯកពានសម្ដេច ហ៊ុន សែន លើកទី១៦ ដើម្បីដណ្ដើមពានរង្វាន់ Cambodian Super Cup 2023។ លោក Simon McMenemy គ្រូបង្វឹកក្លិបវិសាខា និយាយថា បើទោះជាក្រុមជើងឯកលីគកំពូល ខ្លាំង ប៉ុន្ដែ ត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីជ័យជម្នះ។ ចំណែក លោក Oleg Starynskyi គ្រូបង្វឹកក្លិបភ្នំពេញក្រោន បាននិយាយថា វិសាខា បានកែប្រែច្រើនទាំងទម្រង់លេង សមាសភាពគ្រូបង្វឹក និងកីឡាករ។



លោក Oleg Starynskyi បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា វិសាខា បានផ្លាស់ប្ដូ និងកែប្រែស្ទើរតែក្លាយជាក្រុមខ្លាំងផ្សេងមួយទៀត ប្រសិនជាធៀបទៅនិងរដូវកាល២០២២។ គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយដូច្នេះថា៖«វិសាខា មានការផ្លាស់ប្ដូយ៉ាងខ្លាំង ទាំងកីឡាករ គ្រូបង្វឹក និងកីឡដ្ឋាន។ បើធៀបទៅរដូវកាលមុន យើង មានអារម្មណ៍ថា ដូចជាប្រកួតជាមួយក្រុមថ្មីមួយ ដែលខ្លាំង។ យើងមិនទាន់បានជួបវិសាខា នៅឡើយទេ សម្រាប់រដូវកាលនេះ។ យើង រំពឹងថា ធ្វើបានល្អសម្រាប់ការប្រកួតនេះ។»។


លោក Oleg Starynskyi គ្រូបង្វឹកក្លិបភ្នំពេញក្រោន រូបពី Cambodian Premier League
 
គ្រូបង្វឹករូបនេះ បញ្ជាក់បន្ថែមទៀតថា ភ្នំពេញក្រោន បានត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការប្រកួតជាមួយ ក្រុមដែលមានកម្រិតខ្លាំង។ ជាពិសេស ក្រុម បានប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្រុមនៅប្រទេសថៃ។  លោក Oleg Starynskyi សម្លឹងឃើញថា កីឡាករទាំងអស់ចង់ប្រកួត និងចង់បង្ហាញសមត្ថភាពខ្លាំងក្នុងទីលាន។ លោកគ្រូបង្វឹកអ៊ុយក្រែរូបនេះ មានជំនឿចិត្តយ៉ាងខ្លាំង ថាប្រព័ន្ធក្រុមភ្នំពេញក្រោន រឹងមាំ។ ជាពិសេសទៀតនោះ គ្រូបង្វឹករូបនេះ ទុកចិត្តជាខ្លាំងលើវត្តមាន ខ្សែការពារ ទើបនាំយកពីមីយ៉ាន់ម៉ា កីឡាករ Soe Moe Kyaw។ «ខ្ញុំ មានសុទិដ្ឋិនិយមថា ការចូលរួមគាត់ជាមួយយើង គឺបន្ថែមភាពខ្លាំងនៅប្រព័ន្ធការពារ។ គាត់ នឹងជួយយើងដោះស្រាយជាមួយខ្សែប្រយុទ្ធរបស់គូប្រកួត ទាំងក្នុងការប្រកួត CPL និង AFC Cup។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
លោក ​Simon McMenemy គ្រូបង្វឹកក្លិបវិសាខា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ការប្រកួតជាមួយក្លិបជើងឯកលីគកំពូល និងជាជើងឯក Super Cup រដូវកាលទី១ គឺជារឿងសំខាន់ ដែលក្រុមត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព។ 
  

លោក Simon McMenenmy គ្រូបង្វឹកក្លិបវិសាខា រូបពី Cambodian Premier League

គ្រូបង្វឹកក្រុមជើងឯកពានសម្ដេច ហ៊ុន សែន លើកទី១៦ រូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំរំពឹងថានឹងមានការប្រកួតប្រជែងខ្លាំងពី PPCFC ពួកគេ គឺជាជើងឯក ប៉ុន្តែ គួរតែមានក្រុមណាមួយ អាចមានលទ្ធភាព យកជ័យជម្នះលើពួកគេ។»។
 
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ធ្លាប់ឈ្នះវិសាខា ម្ដងរួចមកហើយ ក្នុងការដណ្ដើមពានរង្វាន់នេះ នាឆ្នាំ២០២២ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្ដាតចាស់។ ដោយឡែក តើវិសាខា អាចឈ្នះភ្នំពេញក្រោន ដែរឬទេ ចំពោះការប្រកួត នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក?

Tag:
 (បាល់ទាត់
  Cambodian Super Cup)
© រក្សាសិទ្ធិដោយ thmeythmey.com