ជាតិ
ក្រសួងការងារ និងសហជីព កំណត់ពេលចរចាគ្នា ពីការដំឡើងប្រាក់ខែកម្មករ
29, Jul 2023 , 6:00 pm        
រូបភាព
កម្មកររោងចក្រកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ។
កម្មកររោងចក្រកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើ​ដំណើរ​ សម្រាប់​ឆ្នាំ២០២៤។

 
 
លោក អ៊ិត សំហេត រដ្ឋមន្ត្រីក្រសួងការងារ បានចេញលិខិតអញ្ជើញមន្ត្រីពាក់ព័ន្ធ និយោជក និងភាគីសហជីព ដើម្បីប្រជុំត្រីភាគី​ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ។ លិខិតចេញថ្ងៃទី២៧កក្កដា បានកោះហៅមេដឹកនាំសហជីពកម្មករ១៧រូប​ ដើម្បីចូលរួមចរចា​កំណត់ប្រាក់ឈ្នួល ជាមួយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ 
 
កម្មកររោងចក្រម្នាក់ លោក ឡុង កក្កដា មិនរំពឹងថាបានប្រាក់អប្បបរមាឡើងនោះទេ ដោយគ្រាន់តែសង្ឃឹមថាខ្លួនអាចមានការងារធ្វើជាប្រចាំ។ លោកអះអាងបែបនេះ ដោយសាររោងចក្រដែលលោកបំពេញការកន្លងមក បានបិទ ហើយសព្វថ្ងៃលោកធ្វើការងារចល័ត ហើយគិតប្រាក់ឈ្នួលជាថ្ងៃតាមបណ្ដារោងចក្រ។ 
 
«រោងចក្រដែលខ្ញុំធ្វើ គឺបិទហើយ! រាល់ថ្ងៃគឺដើរធ្វើតាមរោងចក្រនានា គិតប្រាក់ឈ្នួលជាថ្ងៃវិញ ហើយមិនចង់បានប្រាក់ខែឡើងអីទេ! និយាយឱ្យត្រង់ខ្ញុំសុំតែមានការងារធ្វើ គឺល្អពេកហើយ!»។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក កក្កដា លើកឡើងបែបនេះ។ 
 
សូមជម្រាបថា ប្រាក់ខែគោលកម្មករនៅឆ្នាំ២០២៣ គឺ២០០ដុល្លារ ក្នុង១ខែ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com