ជាតិ
ព័ត៌មាន,ឯកសារ, តំបន់ការពារធម្មជាតិ... នឹងស្ថិតក្នុង E-Library ក្រសួងបរិស្ថាន
29, Jul 2023 , 11:00 pm        
រូបភាព
បណ្ណាល័យអេឡិចត្រនិក របស់ក្រសួងបរិស្ថាន។
បណ្ណាល័យអេឡិចត្រនិក របស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិក (http://e-library.moe.gov.kh/) ឬ E-Library របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២៨ ខែកក្កដា ឹឆ្នាំ២០២៣។ បណ្ណាល័យអេឡិចត្រូនិកនេះ មានផ្ទុកព័ត៌មានបរិស្ថាន និងធនធានធម្មជាតិ, តំបន់ការពារធម្មជាតិសក្តានុពល, បណ្ដុំទិន្នន័យ, បណ្ដុំឯកសារ ក្រោមទម្រង់ជារូបភាព ឯកសារសំណេរ សារសំឡេង និងវីដេអូ។

 
បណ្ណាល័យអេឡិចត្រូនិកនេះ គឺជាផ្នែកមួយ ស្ថិតក្នុងគេហទំព័រផ្លូវការក្រសួងបរិស្ថាន។ គិតត្រឹមរសៀលថ្ងៃទី២៩កក្កដានេះ នៅក្នុងបណ្ណាល័យអេឡិចត្រូនិកក្រសួងបរិស្ថាន មានឯកសារ និងសៀវភៅចំនួនជាង១០០ក្បាល។ 
 
ការបង្កើតបណ្ណាល័យអេឡិចត្រនិកនេះ ក្រោមគោលបំណង ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការកសាង និងលើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប។ នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន។ 
 
លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកលើកឡើងថា គេហទំព័របណ្ណាល័យអេឡិចត្រូនិកនេះ នឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចែករំលែកចំណេះដឹង,  ព័ត៌មានបរិស្ថាន ធនធានធម្មជាតិ, និងការធ្វើទំនើបកម្មស្ថាប័ន។ លោកបន្ថែមថា បណ្ណាល័យអេឡិចត្រូនិកនេះ គឺសម្រាប់សិស្ស និស្សិត និងសាធារណជន សិក្សាស្រាវជ្រាវ ហើយក៏ជាកន្លែងផ្ទុកទិន្នន័យសម្រាប់ក្រសួងបរិស្ថានរយៈពេលវែងផងដែរ។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បញ្ជាក់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិកថា បណ្ណាល័យនេះមិនត្រឹមតែជាបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែវាជាឧបករណ៍ដែលនឹងប្រែក្លាយសង្គម និងប្រជាជនកម្ពុជា ទៅជាសង្គមសកលពោរពេញដោយបំណិនជីវិត ប្រកបដោយភាពច្នៃប្រឌិត៕ 

Tag:
 ThmeyThmey
  E-Library ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com