ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ នៅមានដដែល
30, Jul 2023 , 10:51 am        
រូបភាព
សម្តេច ហ៊ុន សែន ប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នាពេលកន្លងមក។ រូបពីអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេច ហ៊ុន សែន ប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នាពេលកន្លងមក។ រូបពីអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
ដោយ៖ ទេពញាណ
 
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលប្រមូលផ្តុំដោយគណបក្សមិនមានអាសនៈក្នុងរដ្ឋសភា នៅតែត្រូវរក្សាទុកដដែល ពេលឈានចូលជំនាន់រដ្ឋាភិបាលថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។


 
តាមរយៈសារជាសំឡេង សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ បានប្រកាសដូច្នេះថា៖«រឿងនេះ ទុកលទ្ធភាពឲ្យរដ្ឋាភិបាលថ្មី នាយករដ្ឋមន្រ្តីថ្មី ធ្វើសេចក្តីសម្រេច ដើម្បីស្នើសុំព្រះរាជក្រឹត្យឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ សម្រាប់ [រដ្ឋាភិបាល] អាណត្តិទី៧»។ 
 
សម្តេច លើកមូលហេតុថា ការរក្សាទុកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ ក៏ព្រោះរដ្ឋាភិបាលចង់ប្រមូលផ្តុំធនធានមនុស្ស ដើម្បីបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ ហើយក៏ជាស្មារតីមួយក្នុងការបង្រួបបង្រួមជាតិផងដែរ។ សម្តេច បញ្ជាក់ដូច្នេះថា៖«យើង មានវេទិកាពិគ្រោះយោបល់ទាំងក្នុងសភា ទាំងការផ្តល់មតិសម្រាប់រដ្ឋាភិបាលផ្ទាល់»។ 
 
សូមរម្លឹកថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតជាតិនីតិកាលទី៦ នៅឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន។ ក្នុងនីតិកាលទី៦ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា។ អំឡុងនីតិកាលទី៦នេះ មិនមានពហុបក្សក្នុងរដ្ឋសភាឡើយ តែបែរជាមានពហុបក្សក្នុងរដ្ឋាភិបាល បន្ទាប់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវបានបង្កើតឡើង។ 
 
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ មិនមែនមានតែគណបក្សដែលគ្មានអាសនៈក្នុងរដ្ឋសភានោះទេ សូម្បីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ក៏ស្ថិតក្នុងឧត្តមក្រុមប្រឹក្សានេះដែរ។ 
 
គណបក្សនីមួយៗ មានតំណាង២រូប ដែលធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ តំណាងទាំង២រូបនៃគណបក្សនីមួយៗ ជាទូទៅ ជាប្រធានគណបក្ស និងជាអនុប្រធានគណបក្ស។ ពេលចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្រធានគណបក្ស មានឋានៈស្មើទេសរដ្ឋមន្រ្តី​ ហើយអនុប្រធានគណបក្សមានឋានៈស្មើរដ្ឋមន្រ្តី។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីម្តងនៅរៀងរាល់៦ខែ។ 
 
ការគណនាក្រៅផ្លូវការ បង្ហាញថា ក្នុងការបោះឆ្នោតជាតិនីតិកាលទី៧ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ក្នុងរដ្ឋសភា ហើយអាសនៈនៅសល់៥ទៀត បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ សម្រាប់នីតិកាលពី៧នេះ ពហុបក្ស មាននៅក្នុងរដ្ឋសភាផង ហើយនឹងមានក្នុងរដ្ឋាភិបាលផង៕  

Tag:
 (ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់)
© រក្សាសិទ្ធិដោយ thmeythmey.com