ជាតិ
រោងចក្រថ្មីចំនួន៩ប៉ុណ្ណោះ ត្រូវបានអនុម័តឱ្យវិនិយោគ នាខែកក្កដា
30, Jul 2023 , 12:20 pm        
រូបភាព
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៩ ក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។ រោងចក្រទាំង៩ ដែលត្រូវបានអនុម័ត បានបោះទុនវិនិយោគ៧១លានដុល្លារអាម៉េរិក។ រោងចក្រទាំងនេះ នឹងអាចបង្កើតការងារថ្មី ដល់ពលរដ្ឋប្រមាណ ១៧ ០២៩កន្លែង។

 
 
បើតាម CDC រោងចក្រ​ទាំង៩នេះ មាននៅក្នុងខេត្តកំពង់ស្ពឺ ចំនួន៤, ខេត្តតាកែវចំនួន២, ខេត្តព្រះសីហនុចំនួន១ កណ្ដាលចំនួន១ និងរាជធានីភ្នំពេញ១។ រោងចក្រទាំងនោះ ភាគច្រើនផលិតសម្ភារៈកាត់ដេរសម្លៀកបំពាក់។ 
 
នៅខេត្តកំពង់ស្ពឺ មានរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី។ គម្រោងបង្កើតរោងចក្រនេះ​ មានទុនវិនិយោគប្រមាណ ៧.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។
 
ស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ BRIGHT PLASTIC (CAMBODIA) CO., LTD បោះទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាម៉េរិក។ រោងចក្រនេះ ផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។ 
 
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន TARAL INTERNATIONAL CO., LTD មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រោងចក្រនេះ បានចំណាយទុនវិនិយោគប្រមាណ ២៥.៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦ ៩៣៥កន្លែង។
 
គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងដងវ៉ែនតាគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅ Block K (ទី១១) និង Block Q (ទី១២) ផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន UNITED CREATION OPTICAL (CAMBODIA) COMPANY LIMITED មាន ទុនវិនិយោគប្រមាណ ៥.៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦ ៩៦នាក់។
 
នៅខេត្តព្រះសីហនុ ក្រុមហ៊ុន RUNZHIMAO HEALTH CO., LTD បង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់។ ក្រុមហ៊ុននេះ ចំណាយទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។
 
ក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុន HEN YANG (CAMBODIA) APPAREL MANUFACTURING CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងទុនវិនិយោគប្រមាណ ៥. ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២ ១៤១កន្លែង។ 
 
នាខេត្តតាកែវ គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ស្រោមដៃ អាវចាក់ និងសម្លៀកបំពាក់របស់ក្រុមហ៊ុន SUPER KNITTING (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី។ រោងចក្រនេះ បានបោះទុនវិនិយោគប្រមាណ ៨.៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣ ៥៦៩កន្លែង។
 
ជាមួយគ្នានេះ ក្រុមហ៊ុន FOTON PACKAGING PRODUCT CO., LTD បង្កើតរោងចក្រផលិតកាបូប ថង់យួរ និងស្រោមសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត។ រោងចក្រនេះ បោះទុនវិនិយោគប្រមាណ ៥.១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ៣៣១កន្លែង។
 
ក្នុងខេត្តកណ្ដាល ក្រុមហ៊ុន SSCA GARMENT CO., LTD បង្កើតរោងចក្រចាក់សម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ (ខ) ស្រុកកោះធំ។ ក្រុមហ៊ុននេះ ចំណាយទុនវិនិយោគប្រមាណ ៥.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ១៩១កន្លែង៕ 

© រក្សាសិទ្ធិដោយ thmeythmey.com