អន្តរជាតិ
លោកពូទីន ប្រកាសផ្តល់នាវាចម្បាំង ៣០គ្រឿងទៅកងទ័ពជើងទឹករុស្ស៊ីនៅក្នុងឆ្នាំនេះ
31, Jul 2023 , 11:19 am        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងទិវាទ័ពជើងទឹក ក្នុងក្រុង St Petersburg នៅថ្ងៃទី៣០ ខែកក្កដា។ រូបភាព AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងទិវាទ័ពជើងទឹក ក្នុងក្រុង St Petersburg នៅថ្ងៃទី៣០ ខែកក្កដា។ រូបភាព AFP
កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាថ្មីចំនួន៣០គ្រឿងបន្ថែមដើម្បីពង្រឹងកម្លាំង និងសមត្ថភាពរបស់ខ្លួន។ ប្រធានាធិបតីរុស្ស៊ី​ លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣០ ខែកក្កដា។



បើទោះជាប់ដៃក្នុងសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ រុស្ស៊ី មិនភ្លេចខ្លួនក្នុងការអភិវឌ្ឍសមត្ថភាព និងធ្វើទំនើបកម្មយោធាឡើយ។ ក្នុងទិវាកងទ័ពជើងទឹកប្រចាំឆ្នាំ នៅថ្ងៃទី៣០ ខែកកក្កដា លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ថ្ងៃនេះ រុស្ស៊ីមានទំនុកចិត្តក្នុងការអនុវត្តកិច្ចការទ្រង់ទ្រាយធំនៃគោលនយោបាយសមុទ្ររបស់ជាតិ និងពង្រឹងសមត្ថភាពទ័ពជើងទឹក។ 
 
«ក្នុងឆ្នាំនេះ នាវាចំនួន៣០គ្រឿងមកពីគ្រប់ប្រភេទទាំងអស់ ត្រូវបញ្ចូលទៅក្នុងកងទ័ពជើងទឹក»។ មេដឹកនាំរុស្ស៊ី ដែលអមដំណើរដោយរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu និងប្រមុខទ័ពជើងទឹករុស្ស៊ី នាយឧត្តមនាវី Nikolai Yevmenov បានបញ្ជាក់បែបនេះ នៅក្នុងក្រុង St Petersburg។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
តាមការបញ្ជាក់របស់វិមានក្រេមឡាំង ក្នុងទិវាទ័ពជើងទឹកនេះ នាវាចម្បាំងចំនួន៤៥គ្រឿង និងនាវាផ្សេងទៀត បានចូលរួម ដើម្បីបង្ហាញពីសមត្ថភាពរបស់ទ័ពជើងទឹកនៅក្នុងឈូងសមុទ្រហ្វាំងឡង់ និងទន្លេNeva។ បន្ថែមពីក្រុងSt Petersburg ក្រុងBaltiysk, ក្រុង Vladivostok និងក្រុងផ្សេងទៀត ក៏ប្រារព្ធទិវាទ័ពជើងទឹកបែបនេះដែរ។ 
 
ទន្ទឹមនេះ លោកពូទីន ក៏បានសរសើរកងទ័ពជើងទឹកពីសមត្ថភាព ភាពអង់អាច និងការប្រយុទ្ធដូចបុព្វបុរសរុស្ស៊ីផង។ យ៉ាងណាមិញ ក្នុងសុន្ទរកថាក្នុងទិវានេះ មេដឹកនាំរុស្ស៊ី មិនបានលើកឡើងពីប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនឡើយ។ 
 
កងទ័ពជើងទឹករុស្ស៊ី មានតួនាទីដ៏សំខាន់ ក្នុងការការពារដែនទឹករបស់ខ្លួន តាមរយៈការបាញ់មីស៊ីលពីនាវាមុជទឹក ឬនាវាចម្បាំង ដើម្បីបំផ្លាញគោលដៅ។ កន្លងមក រុស្ស៊ីធ្លាប់ព្រមាននាវាដែលបើកទៅកំពង់ផែអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅផង។ 
 
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin ក៏ធ្លាប់បានប្រកាសផងដែរថា កងទ័ពអាកាសរុស្ស៊ី នឹងទទួលបានយន្តហោះចម្បាំងជំនាន់ទី៥បន្ថែមផងដែរ។ ការធ្វើទំនើបកម្មយោធារបស់ខ្លួនបែបនេះ ស្របពេលរុស្ស៊ីបន្តឈ្លានពានអ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com