ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​នី​៖«​បទពិសោធន៍​មនុស្ស​ចាស់ ជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុង​ការដើរ​ជា​ជំហាន​ទៅមុខ​»
31, Jul 2023 , 1:21 pm        
រូបភាព
ដោយ: រត្តញូ
​លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​សរសើរ​អំពី​គុណ​តម្លៃ​របស់​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន ដែលជា​យុវជន​ជំនាន់​មុន ថា​ជា​ធនធាន​ដែល​ពោរពេញ​ដោយ​ពិសោធន៍ ហើយ​ដែលជា​ដៃគូ​ដ៏​ចាំបាច់​សម្រាប់​អ្នក​បន្តវេន​ដែល​នឹងត្រូវ​ដឹកនាំ​ប្រទេស​បន្ត​។ លោក ហ៊ុន ម៉ា​នី បានលើកឡើង​អំពី​ប្រធានបទ​នេះ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៣០​ខែកក្កដា ក្នុងឱកាស​ដែល​លោក​ធ្វើជា​អធិបតី​សម្ពោធ​អគារសិក្សា​នៃ​សាលា​ភាសាបរទេស CAM-ASEAN សាខា​ក្បាលថ្នល់​។​

 
​លោក ហ៊ុន ម៉ា​នី បានលើកឡើង​អំពី​គុណសម្បត្តិ​របស់​ធនធាន​មនុស្ស​ចាស់ នៅក្នុង​ដំណាក់កាល​នៃ ការបន្ត​វេន​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ឆាប់ៗ​នេះ​។ សម្រាប់​លោក ម៉ា​នី ការរួមបញ្ចូល​គ្នា​រវាង​បទពិសោធន៍​របស់​មនុស្ស​ចាស់ និង​ថាមពល​របស់​អ្នកដឹកនាំ​ជំនាន់​ក្រោយ នឹង​ធានា​ភាពច្បាស់លាស់​នៃ​ការដឹកនាំ​។​
 
​នៅ​ចំពោះមុខ​លោកគ្រូ​អ្នកគ្រូ​នៃ​សាលា​ភាសាបរទេស CAM-ASEAN លោក ម៉ា​នី ថ្លែង​ទទួលស្គាល់​សមត្ថភាពរ​បស់​យុវជន​បន្តវេន​ជំនាន់​ក្រោយ​។ ទន្ទឹមគ្នានេះ លោក​បានកត់សម្គាល់​យ៉ាង​ដូច្នេះ​ថា​៖« ទទួល​តួនាទី​ណាមួយ មិនមែនជា​ការទទួល​រឿង​សប្បាយ​ទេ​។ ជាការ​រែក​ធ្ងន់​ណាស់​។ ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃជា​រឿង​មួយ តែ​ដឹកនាំ​កែទម្រង់ … ។  ការទទួលខុសត្រូវរ​បស់​វាសនា​ប្រទេសជាតិ មិនមែនជា​រឿង​លេងសើច​ទេ​។ បទពិសោធន៍​មនុស្ស​ចាស់ ជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុង​ការដើរ​ជា​ជំហាន​ទៅមុខ​។​»​។​
 
​លោក ហ៊ុន ម៉ា​នី បន្ត​យ៉ាង​ដូច្នេះ​ទៀត​៖ «​អាណត្តិ​ដែល​ដឹក​ដោយ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅខាងមុខ គឺ​ផ្តោត​ទាំងស្រុង​ទៅលើ​ការបន្ត​បេសកកម្ម និង​ធានា​បរិយាកាស និង​ការរីកចម្រើន​របស់​យើងទាំងអស់គ្នា​។ ម៉ោង​នេះ អត់​មាន​គិត​រឿង​អ្នកថ្មី រឿង​អ្នក​ចាស់​ទេ​។​»​។ 
 
​ចំពោះ​លោក ហ៊ុន ម៉ា​នី ថ្នាក់ដឹកនាំ ដែល​បាន​ដឹកនាំ​កម្ពុជា​មកដល់ពេលនេះ គឺ​មិនមែនជា​រឿង​សាមញ្ញ​នោះទេ​។ លោក ម៉ា​នី បញ្ជាក់ថា​៖«​មនុស្ស​ចាស់​បច្ចុប្បន្ន ដែល​ដឹកនាំ​ប្រទេស​ពី​បាតដៃ​ទទេ​មកដល់ពេលនេះ គឺ​មិនធម្មតា​ទេ​។ ពួកគាត់ មាន​ពិសោធន៍​ជាក់លាក់​។​»​។​
 
​មុន​បិទ​បញ្ចប់​ការ​សំណេះសំណាល លោក ម៉ា​នី បញ្ជាក់ថា ចំពោះ​លោក ភាពជា​អ្នកដឹកនាំ​ត្រូវមាន​ធាតុ​ផ្សំ​សំខាន់​បី​គឺ​៖ ទស្សនវិស័យ​, ជំនាញ (​អនុវត្ត​ការងារ​ជាក់ស្ដែង​) និង​អត្តចរិត ឬ​ឥរិយាបថ​បុគ្គល​៕
 
 






Tag:
 ហ៊ុន ម៉ា​នី​
  អ្នក​បន្តវេន
© រក្សាសិទ្ធិដោយ thmeythmey.com