អន្តរជាតិ
ព្យុះ Doksuri ធ្វើឱ្យខេត្តភាគខាងត្បូងចិនមានជំនន់ទឹកភ្លៀង និងប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួន
31, Jul 2023 , 5:09 pm        
រូបភាព
ព្យុះ Doksuri បានបោកបក់ទៅដល់ចិនហើយ ខណៈភ្លៀងបន្តធ្លាក់ខ្លាំងនៅភាគខាងជើង និងខាងត្បូងចិន នៅថ្ងៃទី៣១ ខែកក្កដា។ ខេត្តនៅភាគខាងត្បូងចិន ត្រូវទទួលរងជំនន់ទឹកភ្លៀងដែលធ្វើឱ្យប្រជាជនចិនរ៉ាប់ម៉ឺននាក់ ត្រូវភៀសខ្លួនទៅរកតំបន់សុវត្ថិភាព។

 
តាមការប្រកាសរបស់រដ្ឋបាលឧតុនិយម ភ្លៀងខ្លាំងនៅតែបន្តធ្លាក់នៅក្នុងក្រុងប៉េកាំង, ខេត្តហឺប៉ី, ក្រុងធានជីន និងខេត្តសានស៊ី ខណៈព្យុះ Doksuri បានបន្ថយឥទ្ធិពលខ្លួននៅតំបន់ភាគខាងជើងចិន។ ជាព្យុះដ៏ខ្លាំងមួយ Doksuri បានបណ្តាលឱ្យមានភ្លៀងខ្លាំង និងបង្កជាជំនាន់ទឹកភ្លៀងនៅក្នុងខេត្តនានា។ 
 
កម្រិតទឹកភ្លៀងនៅក្នុងក្រុងប៉េកាំងបានឈានដល់១៤០,៧មីលីម៉ែត្រ ស្របពេលតំបន់ Fangshan ក្នុងរដ្ឋធានីមួយនេះ មានកម្រិតទឹកភ្លៀងហក់ដល់៥០០,៤មីលីម៉ែត្រឯណោះ។ ចំណែកខេត្តនៅភាគខាងត្បូង និងខាងជើងចិន ក៏មានភ្លៀងធ្លាក់ខ្លាំងដែរ។ យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានករណីស្លាប់ ឬការបំផ្លាញអ្វីឡើយ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន  ទីតាំងសំណង់ ៤០០០កន្លែង ដែលរងឥទ្ធិពលដោយសារព្យុះ Doksuri ត្រូវបានផ្អាកបណ្តោះអាសន្ន ស្របពេលអគារចំនួន ២ម៉ឺនកន្លែង ត្រូវបានត្រួតពិនិត្យមើលការខូចខាត។ 
 
នៅថ្ងៃទី២៨ ខែកក្កដា​កន្លងទៅ ព្យុះDoksuri បានបង្កឱ្យមានការបាក់ដី, កាត់ផ្តាច់ខ្សែអគ្គិសនី និងរលំដើមឈើជាដើម នៅក្នុងខេត្តហ្វូជាន ដែលបង្កឱ្យប៉ះពាល់ដល់ប្រជាជនប្រមាណ ៨៨ម៉ឺននាក់។ មិនតែប៉ុណ្ណោះ ព្យុះដ៏មានឥទ្ធិពលនេះ បានបណ្តាលឱ្យមនុស្សច្រើនជាង ៣៥ម៉ឺននាក់ ត្រូវរកតំបន់មានសុវត្ថិភាព។ សារព័ត៌មានរដ្ឋចិន បានរាយការណ៍ថា ព្យុះនេះ អាចបង្កឱ្យចិនខាតបង់សេដ្ឋកិច្ចប្រមាណ ៥២លានដុល្លារ។ 
 
គួររំឮកថា មុនមកដល់ចិន ព្យុះ Doksuri បានបោកបក់ឆ្លងតៃវ៉ាន់ និងហ្វីលីពីន។ តៃវ៉ាន់ បានបិទសាលារៀន និងការិយាល័យនានានៅក្នុងក្រុងចំនួន២ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យផ្សេងៗ៕ 
 

Tag:
 ចិន
  ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com