ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា នឹងបើកកិច្ចប្រជុំលើកដំបូងក្នុងនីតិកាលថ្មី នៅថ្ងៃ២១សីហា
31, Jul 2023 , 8:59 pm        
រូបភាព
រដ្ឋសភា បើកកិច្ចប្រជុំពេញអង្គ កាលពីខែមិថុនា ឆ្នាំ២០២៣ (រូបពីរដ្ឋសភា)។
រដ្ឋសភា បើកកិច្ចប្រជុំពេញអង្គ កាលពីខែមិថុនា ឆ្នាំ២០២៣ (រូបពីរដ្ឋសភា)។
ដោយ៖ ទេពញាណ

រដ្ឋសភា ត្រូវប្រើពេល២ថ្ងៃជាប់គ្នា គឺថ្ងៃ២១ និងថ្ងៃ២២សីហា សម្រាប់ការបើកសម័យប្រជុំលើកដំបូងក្នុងនីតិកាលទី៧ ដែលជានីតិកាលថ្មី។ នេះបើតាមសេចក្តីជូនដំណឹង ដែលចេញដោយនាយកដ្ឋានព័ត៌មាននៃរដ្ឋសភា នៅថ្ងៃ៣១កក្កដា ឆ្នាំ២០២៣។ 
តាមរយៈសេចក្តីជូនដំណឹង នាយកដ្ឋានព័ត៌មាននៃរដ្ឋសភា បានជម្រាបដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិឲ្យបំពេញបែបបទ បើមានបំណងចង់ចូលយកព័ត៌មានក្នុងព្រឹត្តិការណ៍នៃការបើកសម័យប្រជុំលើកដំបូងនេះ។  
 
សម័យប្រជុំលើកដំបូងរបស់រដ្ឋសភាប្រព្រឹត្តទៅ បន្ទាប់ពីផលទ្ធផលផ្លូវការនៃការបោះឆ្នោត ត្រូវបានប្រកាសចប់សព្វគ្រប់។ លទ្ធផលផ្លូវការ ដែលនឹងត្រូវប្រកាសនៅថ្ងៃ៤សីហា នឹងធ្វើឲ្យគេដឹងថា គណបក្សណាខ្លះ ទទួលបានអាសនៈក្នុងរដ្ឋសភា ហើយគណបក្សណា ដែលនឹងត្រូវដឹកនាំរដ្ឋាភិបាល។ 
 
យោងតាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ទ្រង់ចាត់តាំងវរជន១រូបជានាយករដ្ឋមន្រ្តី ក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ឲ្យបង្កើតរាជរដ្ឋាភិបាល។ វរជនរូបនោះ ត្រូវរៀបចំផ្គូផ្គងតំណែងផ្សេងៗក្នុងជួររាជរដ្ឋាភិបាល រួចទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ពេលរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តរួចហើយ ព្រះមហាក្សត្រ ទ្រង់នឹងចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។ មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តី ត្រូវចូលទៅធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង។
 
ទោះលទ្ធផលផ្លូវការ មិនទាន់ត្រូវបានប្រកាសក្តី តែគេដឹងជាមុនរួចទៅហើយថា ក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ហើយមានការគណនាក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ ក្នុងចំណោមអាសនៈទាំង១២៥ក្នុងរដ្ឋសភា ដែលធ្វើឲ្យគណបក្សនេះ នៅតែបន្តដឹកនាំរាជរដ្ឋាភិបាលដដែល។
 
ប៉ុន្តែ នាយករដ្ឋមន្រ្តីក្នុងអាណត្តិថ្មីនេះ មិនមែនជាសម្តេច ហ៊ុន សែន ទៀតឡើយ គឺលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច។ សម្តេច ប្រកាសនាពេលថ្មីៗនេះថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីជាផ្លូវការ បន្ទាប់ពីលោក និងសមាជិករាជរដ្ឋាភិបាល ចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំងរួច នៅល្ងាចថ្ងៃ២២សីហា៕ 
 

Tag:
 ប្រជុំសភា
  នីតិកាលទី៧
© រក្សាសិទ្ធិដោយ thmeythmey.com