កីឡាជាតិ
ជាតិ
ក្រោយលើកពានបើករដូវកាល គ្រូភ្នំពេញក្រោន ចាត់ទុកវិសាខា ជាគូប្រជែងខ្លាំងដាច់គេរបស់ខ្លួន
01, Aug 2023 , 7:59 am        
រូបភាព
ភ្នំពេញក្រោន ឡើងទទួលពានរង្វាន់ Cambodian Super Cup 2023 រូបពី Cambodian Premier League
ភ្នំពេញក្រោន ឡើងទទួលពានរង្វាន់ Cambodian Super Cup 2023 រូបពី Cambodian Premier League
លោក Oleg Starynskyi គ្រូបង្វឹកក្លិបភ្នំពេញក្រោន បានសរសើរ ក្លិបវិសាខា ថាជាក្រុមមានគុណភាព ទាំងគ្រូ និងកីឡាករ។ បើទោះជាទទួលបានពានរង្វាន់ Cambodian Super Cup 2023 ដោយយកឈ្នះ លើវិសាខា ២-១ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានអូឡាំពិក គ្រូបង្វឹកភ្នំពេញក្រោន យល់ថា វិសាខា នឹងក្លាយជាគូប្រជែងដ៏ខ្លាំង ក្នុងលីគកំពូលកម្ពុជា ជាពិសេស ការប្រជែងយកក្រុមកំពូលតារាងទាំង៤ (Top 4)ក្របខណ្ឌ Cambodian Premier League (CPL)។



លោក Oleg Starynskyi បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ជ័យជម្នះពានរង្វាន់ Cambodian Super Cup 2023 គឺជារឿងល្អ សម្រាប់ក្លិប ចំពោះរដូវកាលថ្មី។ ម្យ៉ាងវិញទៀត គ្រូបង្វឹករូបនេះ ឃើញការប្រកួតដ៏តានតឹងរវាងភ្នំពេញក្រោន និង វិសាខា មានឱកាស៥០ភាគរយរៀងខ្លួន ក្នុងការដណ្តើមយកជើងឯក។ ប៉ុន្ដែ ជ័យជម្នះភ្នំពេញក្រោន ព្រោះតែកីឡាករ ទាំងអស់មានឆន្ទៈ ចង់ប្រកួត និងបង្ហាញសមត្ថភាព ជាពិសេសការសាងស្នារដៃឲ្យក្រុម។ 
 
គ្រូបង្វឹករូបនេះ បន្ថែមទៀតថា វិសាខា មានគ្រូបង្វឹក មានគុណភាព និងកីឡាករ មានសមត្ថភាព។ ដូច្នេះ ការប្រកួតលីគ គឺកាន់តែប្រកួតប្រជែង ហើយក្រុមនេះ នឹងអាចប្រជែងយក Top 4 នៃ CPL សម្រាប់រដូវកាលថ្មីក្នុងចំណោម៣ក្រុមផ្សេងទៀត។
 
«វិសាខា ជាគូប្រកួតដ៏ខ្លាំង។ នេះ ជាការបង្ហាញការប្រកួតដ៏ល្អ ចំពោះពួកគេ ហើយការប្រកួត គឺពិតជាពិបាកណាស់ ក្នុងការយកជ័យជម្នះ សម្រាប់យើង។ វិសាខាមានគ្រូបង្វឹកល្អ កីឡាករមានគុណភាពច្រើន។ នេះ ជាការប្រកួតប្រជែងខ្លាំង ប៉ុន្ដែល្អមែនទែន។ ក្រុមទាំងពីរ មាន៥០ភាគរយម្នាក់ ក្នុងការយកជ័យជម្នះ។ ខ្ញុំ ជឿថា វិសាខា នឹងក្លាយជាក្រុមដណ្ដើមយកក្រុមកំពូលតារាង ក្នុងការប្រកួត Cambodian Premier League។»។ លោក Oleg Starynskyi បានប្រាប់ដូច្នេះ។
 
ការប្រកួតនៅតង់ទី១ បានបញ្ចប់ត្រឹមលទ្ធផល ០-០។ លុះចូលដល់តង់ទី២ នាទី៧០ វិសាខា នាំមុខ ១-០ ដោយកីឡាករ Takumu Nishihara ខ្សែបម្រើប្រយុទ្ធក្លិបវិសាខា បានស៊ុតបញ្ចូលទី។ ប៉ុន្ដែ ភ្នំពេញក្រោន បានតាមស្មើ ក្នុងលទ្ធផល ១-១ នៅនាទី៨៤ ដោយ Yudai Ogawa ខ្សែបម្រើកណ្ដាលភ្នំពេញក្រោន រ៉ាប់រងបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារវិសាខា បានប៉ះដៃក្នុងតំបន់គ្រោះថ្នាក់។ 
 
ការប្រកួត ត្រូវបានឈានទៅដល់ការថែមម៉ោង ១៥នាទី ២ដង។ ១៥នាទី នៃម៉ោងថែម ដំបូង ក្រុមទាំង ២នៅតែ មិនអាចទម្លាយសំណាញ់ទីគ្នាបាន លុះចូលដល់១៥ នាទីបន្ទាប់ នៅនាទី១១០ ស៊ិន សុវណ្ណមករា ខ្សែបម្រើការពារវិសាខា បានតែតចូលទីខ្លួន ដោយអចេតនា បន្ទាប់ពី កីឡាករ ឡុង ភារ៉ាត់ ខ្សែប្រយុទ្ធភ្នំពេញក្រោន បានទាត់បាល់ហ្វីឃីគ ចូលក្នុងតំបន់គ្រោះថ្នាក់ នាំឲ្យភ្នំពេញក្រោន នាំមុខក្នុងលទ្ធផល ២-១។ បញ្ចប់ការប្រកួតជាមួយ និងការថែម ១៥នាទី ២ដង ភ្នំពេញក្រោន ឈ្នះ វិសាខា ក្នុងលទ្ធផល ២-១ នៃការប្រកួត Cambodian Super Cup 2023។
 
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ធ្លាប់ឈ្នះវិសាខា ម្ដងរួចមកហើយ ក្នុងការដណ្ដើមពានរង្វាន់នេះ នាឆ្នាំ២០២២ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្ដាតចាស់។ ដោយឡែក ម្ចាស់ជើងឯកពានរង្វាន់នេះ នៅតែរក្សាដំណែង បានល្អ ដោយយកឈ្នះ លើក្រុមវិសាខា ក្នុងលទ្ធផល ដូចកាលពីឆ្នាំ២០២២ ដែរ។ ការប្រកួតនេះ មានអ្នកចូលរួមទស្សនានៅទីលានផ្ទាល់ ចំនួន ១៣០១៦នាក់ ដែលជាចំនួនច្រើនមិនធ្លាប់មាន៕
 

Tag:
 បាល់ទាត់
  Cambodian Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com