កីឡាជាតិ
ជាតិ
កម្ពុជា ឈ្នះមេដាយ ៣ ពីព្រឹត្តិការណ៍ សូហ្វតិន្នីសអន្តរជាតិ នៅថៃ
31, Jul 2023 , 10:59 pm        
រូបភាព
អត្ដពលិកសូហ្វតិន្នីសកម្ពុជា ចូលរួមព្រឹត្តិការណ៍ ISTF រូបពី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
អត្ដពលិកសូហ្វតិន្នីសកម្ពុជា ចូលរួមព្រឹត្តិការណ៍ ISTF រូបពី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
កីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជា ឈ្នះមេដាយ មាស១ សំរិទ្ធ២ ក្នុងព្រឹត្តិការណ៍ ISTF-World Tour International Soft Tennis Championship នៅខេត្ត Pattaya ប្រទេសថៃ ដែលបានធ្វើចាប់ពីថ្ងៃទី២៦-៣០ ខែកក្កដា ឆ្នាំ២០២៣។ កញ្ញា ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បាននិយាយថា នេះជាលទ្ធផលវិជ្ជាមាន ដែលអត្ដពលិកកម្ពុជា ធ្វើបានយ៉ាងល្អជាងការប្រកួតលើឆាកអន្ដរជាតិមុនៗ។



យោងទៅលើការផ្សាយរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលល្ងាចថ្ងៃទី៣១ ខែកក្កដា កីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយ៣ ក្នុងនោះមាស១ លើវិញ្ញាសាវាយក្រុមនារី, មេដាយសំរិទ្ធ១ លើវិញ្ញាសាវាយក្រុមបុរស និង មេដាយសំរិទ្ធ១ លើវិញ្ញសាវាយគូបុរស វ័យ៤០ឆ្នាំឡើង។
 
កញ្ញា ឃនសាត សាន្នីតា បានអះអាងថា៖«ការប្រកួតក្នុងព្រឹត្តិការណ៍នេះ កីឡាករ-កីឡាការិនីកម្ពុជា ធ្វើបានយ៉ាងល្អប្រសើរ បើប្រៀបធៀបទៅនិងការប្រកួតកន្លងទៅ។»។
 
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតព្រឹត្តិការណ៍ISTF-World Tour International Soft Tennis Championship 2023 ដែលធ្វើចាប់ពីថ្ងៃទី២៦-៣០ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជា បានបញ្ជូនប្រតិភូកីឡា ១៤រូប ចូលរួម។ ព្រឹត្តិការណ៍នេះ មាន ៧ប្រទេសចូលរួម ក្នុងនោះ មាន៖ កូរ៉េ, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ឥណ្ឌា, ឡាវ, កម្ពុជា និងម្ចាស់ផ្ទះ ថៃ៕
 

Tag:
 ឃនសាត សាន្នីតា
  សូហ្វតិន្នីស
© រក្សាសិទ្ធិដោយ thmeythmey.com