អន្តរជាតិ
ជប៉ុនកាត់ទោសបុរសដុតរថភ្លើងក្នុងឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគារ២៣ឆ្នាំ
31, Jul 2023 , 6:29 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
តុលាការជប៉ុន នៅថ្ងៃទី៣១ ខែកក្កដា បានកាត់ទោសបុរសម្នាក់ដែលតែងខ្លួនធ្វើជាតួអង្គ Joker នៅក្នុងឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគាររយៈពេល២៣ឆ្នាំពាក់ព័ន្ធនឹងករណីចាក់បុរសម្នាក់, ការប៉ុនប៉ងសម្លាប់មនុស្សចំនួន ១២រូប និងដុតទូររថភ្លើង។

 
នៅក្នុងឆ្នាំ២០២១ លោក Kyota Hattori ដែលកាលនោះមានវ័យត្រឹម២៣ឆ្នាំ បានតែងខ្លួនជាតួអង្គ Joker ក្នុងថ្ងៃHalloween បានចាក់បុរសម្នាក់, ប៉ុនប៉ងសម្លាប់មនុស្ស១២នាក់ផ្សេងទៀត ហើយបានដុតរថភ្លើងផ្នែកខាងក្នុង នៅក្រុងតូក្យូ។ 
 
កន្លងមក យុវជនរូបនេះ ធ្លាប់បានប្រាប់អ្នកស៊ើបអង្កេតថា លោកមានចេតនាសម្លាប់មនុស្ស និងអាចទទួលបានទោសប្រហារជីវិត។ មិនតែប៉ុណ្ណោះ បុរសរូបនេះ បានអះអាងថា លោកបា​នចាក់សារធាតុរាវសម្រាប់ដុតផ្នែកខាងក្នុងរថភ្លើងថែមទៀត។ 
 
ក្រោយហេតុការណ៍រយៈពេល២ឆ្នាំ តុលាការជប៉ុន បានសម្រេចកាត់ទោសបុរសវ័យ២៦ឆ្នាំរូបនេះ ឱ្យជាប់ពន្ធនាគាររយៈពេល ២៣ឆ្នាំ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យតុលាការប្រាប់ទីភ្នាក់ងារព័ត៌មាន AFP​ តុលាការបានប្រគល់សាលក្រមទៅសាខា Tachikawa របស់តុលាការសង្កាត់ក្រុងតូក្យូរួចហើយ។ 
 
សូមបញ្ជាក់ថា ករណីឃាតកម្ម មិនសូវកើតមានជាញឹកញាប់ឡើយនៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ។ កន្លងមក វាធ្លាប់មានករណីឃាតកម្មលើអតីតនាយករដ្ឋមន្រ្តីជប៉ុន លោកស៊ិនហ្សូ អាបេ នៅឆ្នាំ២០២២ ហើយនៅឆ្នាំ២០២១ មានករណីចាក់ មនុស្សចំនួន ៩រូបឱ្យរបួសថែមទៀត៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com