ជាតិ
សេដ្ឋកិច្ច
ឥណ្ឌូណេស៊ី​​ នឹងតាំងពិព័រណ៍ពាណិជ្ជកម្ម-ទេសចរណ៍​នៅភ្នំពេញ៣ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនង​
01, Aug 2023 , 8:59 am        
រូបភាព
ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី នឹងរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្ម-ទេសចរណ៍​ឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ក្រោយខកខានអស់៣ឆ្នាំ ​ដោយសារតែជំងឺកូវីដ-១៩។ ពិព័រណ៍លើកទី១៤នេះ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦សីហា។

 
ពិព័រណ៍ពាណិជ្ជកម្ម-ទេសចរណ៍ឥណ្ឌូណេស៊ី(ITTP)នេះ ក៏មានការផ្សព្វផ្សាយពីឱកាសសិក្សា សិល្បៈ​វប្បធម៌ និងការធ្វើម្ហូប ផងដែរ។ បើតាមលោកស្រី Lauti Nia Astri ភារធារីទទួលបន្ទុកបណ្តោះអាសន្ននៃស្ថានទូតឥណ្ឌូណេស៊ីប្រចាំរាជធានីភ្នំពេញ ពិព័រណ៍ក្រោមប្រធានបទ«ពង្រឹងទំនាក់ទំនងជាមួយគ្នា»​ ITTP ២០២៣ ធ្វើឡើងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ ដោយមិនត្រឹមតែរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ​រវាងប្រជាជន និងប្រជាជន។
 
លោកស្រី Lauti Nia Astri បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពី​ពិព័រណ៍ពាណិជ្ជកម្ម-ទេសចរណ៍ឥណ្ឌូណេស៊ីលើកទី១៤(ITTP) នៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១កក្កដាយ៉ាងដូច្នេះ៖ ​« យើងរៀបចំពិព័រណ៍នេះឡើង គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។ ជាពិសេស គឺធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី កាន់តែជិតស្និទ្ធជាមួយប្រជាជនកម្ពុជា​»។​
 
ពិព័រណ៍ពាណិជ្ជកម្ម-ទេសចរណ៍ឥណ្ឌូណេស៊ីនេះ មានការចូលរួមពីក្រុមហ៊ុនឥណ្ឌូនេស៊ីចំនួន១៧, ក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលឥណ្ឌូនេស៊ីនៅកម្ពុជាចំនួន១៥។ ជាមួយគ្នានេះ ក៏មានការចូលរួមពីសាកលវិទ្យាល័យល្បីៗនៅប្រទេសឥណ្ឌូណេស៊ី​ ព្រមទាំងតំណាងមកពីក្រសួងតេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទេសឥណ្ឌូណេស៊ី និងរដ្ឋាភិបាលខេត្តស៊ូម៉ាត្រាខាងលិច ផងដែរ។​ នេះជាការរៀបរាប់បន្ថែមរបស់លោកស្រី Lauti Nia Astri ។​​
 
ពិព័រណ៍នេះ គឺអនុញ្ញាតឱ្យពលរដ្ឋចូលរួមដោយសេរីចាប់ពីម៉ោង៩ព្រឹកដល់៩យប់ នាថ្ងៃទី៤ដល់៦សីហា​។  អ្នកចូលរួម​មានឱកាសឈ្នះរង្វាន់​ជាទឹកប្រាក់ និងជាវត្ថុអនុស្សាវរីយ៍នានា​ ជាពិសេសគឺមានឱកាសឈ្នះសំបុត្រយន្តហោះទៅមកពីភ្នំពេញ-ហ្សាកាតា ចំនួន២ រង្វាន់ ផងដែរ៕ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com