ជាតិ
សេដ្ឋកិច្ច
ប្រព័ន្ធធនាគារកម្ពុជា​ នៅតែរឹងមាំ​ និងមានស្ថិរភាព !
01, Aug 2023 , 10:59 am        
រូបភាព
បច្ចុប្បន្ន បើទោះបីលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត និងការដួលរលំធនាគារនៅសហរដ្ឋអាម៉េរិកចំនួន៣ នាដើមឆ្នាំ២០២៣ បង្កការព្រួយបារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិយ៉ាងណាក្តី ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបាន​ភាពធន់ និ​ង រឹងមាំ។ នេះបើតាមលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣របស់ធនាគារជាតិ​​ នៅខេត្តព្រះសីហនុ នាថ្ងៃទី៣០កក្កដា។

 
បើតាមលោក ជា ចាន់តូ ស្ថានភាពដើមទុននិងសន្ទនីយភាព (កម្រិតទ្រព្យសកមុ្ម ឬសញ្ញានៃការទិញ-លក់ក្នុងទីផ្សារ) បន្តមានកម្រិតខ្ពស់ជាងបទប្បញ្ញត្តិ ខណៈ អនុបាតឥណទាន(ផលឥណទាន) មិនដំណើរការបានកើនឡើងបន្តិច តែមិនបង្កជាហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុឡើយ។ ទំហំឥណទានមានកំណើន១៣,៨ភាគរយ  និងប្រាក់បញ្ញើមានកំណើន៦,៤ភាគរយ​ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ដែលទំហំទាំងនេះបានរួមចំណែកគាំទ្រដល់ការស្តារសកម្មភាពសេដ្ឋកិច្ច នៅតាមវិស័យនានានៅកម្ពុជា​។ 
 
«ស្ថិរភាពល្អប្រសើរនៃប្រព័ន្ធធនាគារកម្ពុជា គឺដោយសារកន្លងមកធនាគារជាតិ បានអនុវត្តនយោបាយម៉ាក្រូ និ​​ង មីក្រូប្រុងប្រយ័ត្នប្រកបដោយស្មារតីបុរេសកម្ម ហើយការត្រួតពិនិត្យប្រព័ន្ធធនាគារ និងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជាប្រចាំ»។ នេះជាការលើកឡើងរបស់លោក ជា ចាន់តូ។
 
ស្របតាមការងើបឡើងនៃសេដ្ឋកិច្ច និងជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រចាកចេញពីវិបត្តិ ធនាគារជាតិ បានតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ វាយតម្លៃចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ និងរៀបចំ សំវិធានធនឱ្យបានសមស្រប ព្រមទាំងបានអនុវត្តឡើងវិញនូវទ្រនាប់ដើមទុនconservation ១,២៥ភាគរយ ត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ និងគ្រោងអនុវត្តពេញលេញ ២,៥ភាគរយនៅចុងឆ្នាំ២០២៣ ដើម្បីពង្រឹងភាពធន់នៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការប្រឈមនឹងវិបត្តិផ្សេងៗ ដែលអាចកើតមានជាយថាហេតុនាពេលអនាគត។ 
 
អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ ក៏ត្រូវបានបង្កើនឡើងវិញពី ៧ភាគរយ ដល់ ៩ភាគរយ នៅដើមឆ្នាំ២០២៣ និងគ្រោងដំឡើងដល់កម្រិតដើមមុនវិបត្តិកូវីដ-១៩  គឺ១២,៥ភាគរយចាប់ពីឆ្នាំ២០២៤។  ប៉ុន្តែ លោក ជា​ ចាន់តូ បានបញ្ជាក់ថា អត្រាប្រាក់បម្រុងកាតព្វកិច្ចជាលុយរៀល ត្រូវបានរក្សាក្នុងកម្រិត៧ភាគរយដដែល ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន។ ក្រៅពីនេះ សេវាហិរញ្ញវត្ថុត្រូវបានបន្តពង្រីកវិសាលភាព ដែលបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ឱ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ 
 
យ៉ាងណាមិញ កំណើននៃការទទួលបានសេវាហិរញ្ញវត្ថុក៏ភ្ជាប់ជាមួយនូវហានិភ័យ ដូចជា ស្ថានភាពបំណុលលើសលប់និងការកើនឡើងនៃឥណទានមិនដំណើរការ ក្នុង​ករណីដែល​ការយល់ដឹងពីសេវាហិរញ្ញវត្ថុរបស់ប្រជាជននៅមានកម្រិត។ ការណ៍នេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងកិច្ចការពារអតិថិជនក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ដើម្បីពង្រឹងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ និងទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ នេះបើតាមលោក ចាន់តូ។
 
លោក បានបន្ថែមថា ប្រព័ន្ធធនាគារនៅកម្ពុជា​បច្ចុប្បន្ន គឺមានធនាគារពាណិជ្ជ៥៩, ធនាគារឯកទេស​៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ៨២, គ្រឹះស្ថានឥណទានជនបទ១១៨។ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុមានចំនួន១៧, គ្រឹះស្ថានផ្តល់សេវាទូទាត់សង់ប្រាក់មាន៣៥, ការិយាល័យតំណាងធនាគារបរទេសមាន៦ និងអាជីវកម្មប្តូរប្រាក់មាន ២ ៨៩០កន្លែង។ 
 
របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិបានបង្ហាញ ថា​ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៩,៩ភាគរយ ដែលមានទំហំទឹកប្រាក់សរុប ៨២,២ពាន់លានដុល្លារអាម៉េរិក។  ក្នុងនោះ វិស័យធនាគារគ្របដណ្តប់៨៥ភាគរយនៃទ្រព្យសកម្មសរុប ស្របពេលវិស័យមីក្រូហិរញ្ញវត្ថុមានរួមចំណែក១៤,៤ភាគរយ និងវិស័យភតិសន្យាហិរញ្ញវត្ថុមានចំណែក០,៦ភាគរយ។ 
 
គ្រឹះស្ថានធនាគារ​​ និងហិរញ្ញវត្ថុខាងលើ បន្តចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុជាលំដាប់ ដោយបច្ចុប្បន្ន ចំនួនគណនីប្រាប់បញ្ញើអតិថិជនបានកើនដល់១៧,៥លានគណនី និងគណនីឥណទានអតិថិជនកើនដល់ ៣,៨លានគណនី៕ 
 

Tag:
 ​ធនាគារ​ និងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com