ជាតិ
​​​ន​យោ​បាយ​ជាតិ​
លទ្ធផលបណ្តោះអាសន្នបង្ហាញថា CPP បាន១២០កៅអី ហ៊្វុនស៊ិនប៉ិចបាន៥កៅអី
01, Aug 2023 , 10:34 am        
រូបភាព
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្ត្រី រីឯព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នឹងក្លាយជាអ្នកតំណាងរាស្ត្រ។
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្ត្រី រីឯព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នឹងក្លាយជាអ្នកតំណាងរាស្ត្រ។
ដោយ: រួបរួម
ដូចជាលទ្ធផលបឋមដែរ គណបក្សប្រជាជនកម្ពុជា (CPP) នឹងទទួលបានអាសនៈចំនួន១២០ រីឯគណបក្សហ៊្វុនស៊ិនប៉ិច បាន៥ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា។ នេះបើតាមការគណនាដោយផ្អែកតាមលទ្ធផលបណ្តោះអាសន្ន ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១ ខែសីហា។

 
គណបក្សប្រជាជន​ទទួលបានសរុបជិត៦,៤លាន​សំឡេង រីឯហ៊្វុនស៊ិនប៉ិចបានជិត៧២ម៉ឺនសំឡេង
 
គណបក្សប្រជាជនកម្ពុជា បន្តទទួលបានសំឡេងគាំទ្រលើសលុប រហូតដល់ទៅជិត៦,៤លានសំឡេង។ ក្នុងចំណោមសន្លឹកឆ្នោតក្នុងហិបជាង៨,២លាន សន្លឹកឆ្នោតបានការមានជិត ៧,៨លានសន្លឹក និងមិនបានការជាង៤៤ម៉ឺនសន្លឹក។ ប៉ុន្តែខុសពីអាណត្តិមួយ សភាក៏នឹងមានសមាសភាពមកពីគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។
 
តាមការគណនាក្រៅផ្លូវការ គណបក្សកាន់អំណាច នឹងទទួលបាន១២០អាសនៈក្នុងសភា រីឯហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ រួមមានភ្នំពេញ ១អាសនៈ កណ្តាល១ អាសនៈ កំពង់ធំ១ អាសនៈ ព្រៃវែង១អាសនៈ និងកំពង់ចាម១អាសនៈ។ ជាគណបក្សលំដាប់ទីពីរ ហ៊្វុនស៊ិនប៉ិច ដែលស្ថិតក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលបានសំឡេងគាំទ្រសរុបជិត៧២ម៉ឺនសំឡេង។
 
ខណៈលោក ហ៊ុន ម៉ាណែត នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសសម្តេច ហ៊ុន សែន សម្រាប់ដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏នឹងក្លាយជាតំណាង​រាស្ត្រមណ្ឌលរាជធានីភ្នំពេញផងដែរ។ គណបក្សចំនួន១៦ទៀត ដែលបានចូលរួមប្រកួតប្រជែង មិនទទួលបានសំឡេងគ្រប់គ្រាន់សម្រាប់កៅអីតំណាងរាស្ត្រនោះឡើយ។
 
១៦គណបក្សទៀតនៅពីក្រោយ​ដាច់ឆ្ងាយ
 
គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងលោក យ៉ែម បុញ្ញឫទ្ធិ ឈរចំណាត់ថ្នាក់លេខ៣ ដោយបានសំឡេងសរុបជាង១៣ម៉ឺន បន្ទាប់មកមានគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ទទួលបានជាង៩,៧ម៉ឺនសំឡេង, គណបក្សធម្មាធិបតេយ្យបានជាង៨,៤ម៉ឺនសំឡេង, គណបក្សជនជាតិដើមភាគតិចប្រជាធិបតេយ្យ បានជាង៥,២ម៉ឺនសំឡេង។
 
គណបក្សផ្សេងទៀត រួមមានគណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរតែមួយ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សឯកភាពជាតិខ្មែរ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ និងគណបក្សកសិករ ទទួលសំឡេងគាំទ្រចន្លោះពីជាង១ម៉ឺន ទៅក្រោម៥ម៉ឺនសំឡេង ប៉ុន្តែភាគច្រើនមិនបានឈរឈ្មោះប្រកួតប្រជែងគ្រប់រាជធានី-ខេត្តឡើយ។
 
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី២២ សីហា
 
គ.ជ.ប នឹងប្រកាសលទ្ធផល និងបែកចែកអាសនៈរដ្ឋសភាផ្លូវការ នាថ្ងៃទី៤ ខែសីហា។ រដ្ឋសភា នឹងបើកកិច្ចប្រជុំដំបូងនាថ្ងៃទី២១ និងទី២២ ខែសីហា ហើយលោក ហ៊ុន ម៉ាណែត ក៏នឹងកាន់តំណែងនាយករដ្ឋមន្ត្រី បន្តពីសម្តេច ហ៊ុន សែន ចាប់ពីថ្ងៃទី២២ ខែសីហា ផងដែរ។
 
សម្តេច ហ៊ុន សែន នឹងបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយបើគិតចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ មកគឺនឹងមានរយៈពេល១៤០៩៩ថ្ងៃ ឬ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ ។
 
 
សម្តេច ហ៊ុន សែន បានបញ្ជាក់ពីការសម្រេចចិត្តច្បាស់លាស់របស់ខ្លួន ហើយសម្តេចនឹងត្រូវតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ នាការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា នៅឆ្នាំ២០២៤ សម្តេច នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលត្រូវសម្រាក។
 
ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាផ្សេងទៀត រួមមាន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេច ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
 
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅតែមាន
 
ចំពោះឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលប្រមូលផ្តុំដោយគណបក្សមិនមានអាសនៈក្នុងរដ្ឋសភា នៅតែត្រូវរក្សាទុកដដែល ហើយគណបក្សដែលមិនបានប្រកួតប្រជែង តែបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក៏ទំនងជាអាចចូលរួមបានផងដែរ។ តាមរយៈសារជាសំឡេងមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ បានប្រកាសថា៖«រឿងនេះ ទុកលទ្ធភាពឲ្យរដ្ឋាភិបាលថ្មី នាយករដ្ឋមន្រ្តីថ្មី ធ្វើសេចក្តីសម្រេច ដើម្បីស្នើសុំព្រះរាជក្រឹត្យឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ សម្រាប់ [រដ្ឋាភិបាល] អាណត្តិទី៧»។ 
 
សម្តេច លើកមូលហេតុថា ការរក្សាទុកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ក៏ព្រោះរដ្ឋាភិបាលចង់ប្រមូលផ្តុំធនធានមនុស្ស ដើម្បីបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ ហើយក៏ជាស្មារតីមួយក្នុងការបង្រួបបង្រួមជាតិផងដែរ។ សម្តេច បញ្ជាក់ដូច្នេះថា៖«យើង មានវេទិកាពិគ្រោះយោបល់ទាំងក្នុងសភា ទាំងការផ្តល់មតិសម្រាប់រដ្ឋាភិបាលផ្ទាល់»។ 
 
បក្សនីមួយៗ មានតំណាង២រូប ដែលធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ តំណាងទាំង២រូបនៃគណបក្សនីមួយៗ ជាទូទៅ ជាប្រធានគណបក្ស និងជាអនុប្រធានគណបក្ស។ ពេលចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្រធានគណបក្ស មានឋានៈស្មើទេសរដ្ឋមន្រ្តី ហើយអនុប្រធានគណបក្សមានឋានៈស្មើរដ្ឋមន្រ្តី។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីម្តងនៅរៀងរាល់៦ខែ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com