អន្តរជាតិ
ប្រមុខការពារជាតិរុស្ស៊ីថា​ អ៊ុយក្រែនបាត់បង់ទ័ពលើស ២ម៉ឺននាក់ និងសព្វាវុធជាង ២ពាន់គ្រឿង
01, Aug 2023 , 1:59 pm        
រូបភាព
លោក Sergey Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី។ រូបភាពក្រសួងការពារជាតិរុស្ស៊ី
លោក Sergey Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី។ រូបភាពក្រសួងការពារជាតិរុស្ស៊ី
យោធាអ៊ុយក្រែន បានបាត់បង់ទ័ព ២០៨០០នាក់ និងសព្វាវុធជាង ២២០០គ្រឿង ដោយក្នុងនោះមានរថក្រោះ Leopard ផង ក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបញ្ជាក់បែបនេះ នៅក្នុងថ្ងៃទី៣១ ខែកក្កដា។

 
ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ លោក Sergey Shoigu ប្រមុខការពារជាតិរុស្ស៊ី បានជជែកពីសង្រ្គាមនៅអ៊ុយក្រែន ជាមួយមេបញ្ជាការយោធារបស់រុស្ស៊ី នៅថ្ងៃទី៣១ ខែកក្កដា។ ក្នុងជំនួបនោះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានអះអាងថា អ៊ុយក្រែន បានបាត់បង់កម្លាំងយោធាជាច្រើនម៉ឺននាក់ និងសព្វាវុធជាច្រើនគ្រឿង។ 
 
«ក្នុងរយៈពេលកន្លងមក ការបាត់បង់របស់សត្រូវមានកម្លាំងទ័ពចំនួនលើសពី ២០៨០០នាក់ និងសព្វាវុធផ្សេងៗចំនួន ២២២៧គ្រឿង»។ លោក Shoigu បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា សព្វាវុធទាំងនោះរួមមាន រថក្រោះ Leopard ចំនួន ១១គ្រឿង, រថយន្តពាសដែក Bradley ចំនួន ១១គ្រឿង, ប្រព័ន្ធកាំភ្លើងធំ M777 និងអាវុធផ្សេងទៀត។ 
 
យ៉ាងណាមិញ ប្រមុខការពារជាតិរូបនេះ មិនបានបញ្ជាក់ពីទំហំទ័ព និងសម្ភាររបស់រុស្ស៊ី ដែលបានបាត់បង់ក្នុងសង្រ្គាមនេះឡើយ។
 
ទន្ទឹមនេះ ប្រមុខការពារជាតិរុស្ស៊ី ក៏បានអរគុណដល់កម្លាំងយោធារុស្ស៊ីទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន រួមទាំងការពលី និងភាពអង់អាចរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។ 
 
សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី អ៊ុយក្រែន មិនទទួលបានជោគជ័យឡើយលើការប៉ុនប៉ងវាយបកមកលើខ្លួនវិញចាប់តាំងពីថ្ងៃទី៤ ខែមិថុនាមក។ កន្លងមក អ៊ុយក្រែន បានទទួលអាវុធជាច្រើនប្រភេទ និងទំនើបៗពីប្រទេសលោកខាងលិច ដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ី៕
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com