កីឡាជាតិ
ជាតិ
សហព័ន្ធប្រដាល់គុនខ្មែរ ប្រាប់ក្លិបប្រដាល់ជាង១០០ ឱ្យបន្តសុពលភាពឡើងវិញ
01, Aug 2023 , 6:59 pm        
រូបភាព
លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ នៅចំកណ្ដាលពាក់អាវធំ រូបពី លោក ហេង សុខឃន
លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ នៅចំកណ្ដាលពាក់អាវធំ រូបពី លោក ហេង សុខឃន
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជូនដំណឹងទៅបណ្ដាលសមាគម និងក្លិបប្រដាល់គុនខ្មែរទាំងអស់ ដែលផុតសុពលភាព ឲ្យបំពេញបែបបទស្នើរសុំបន្ដ។​ ករណីមិនបានស្នើរសុំសិទ្ធបន្ដ ឬក៏ខកខាន សហព័ន្ធ ចាត់ទុកថាសមាគម និងក្លិបទាំងនោះ បានបោះបង់សមាជិកភាព។ លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជាក់ថា ការបន្ដឹងលើការស្នើរសុំសិទ្ធជាសមាជិក របស់សហព័ន្ធ គឺដើម្បីពង្រឹងការគ្រប់គ្រងសមាគម និងក្លិបប្រដាល់គុនខ្មែរឲ្យកាន់តែមានប្រសិទ្ធភាព។



នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្ដីជូនដំណឹង ពីការស្នើរសុំបន្ដសិទ្ធជាសមាជិកភាពរបស់សហព័ន្ធប្រដាល់គុនខ្មែរ។ ​សេចក្ដីជូនដំណឹងនោះ បានបញ្ជាក់ថា កន្លងមកសហព័ន្ធ ពិនិត្យឃើញថាមានសមាគម ក្លិបមួយចំនួន បានផុតសុពលភាព ហើយមួយចំនួនទៀត បានស្នើសុំថ្មី សុំប្ដូរទីតាំង និងសុំប្ដូរឈ្មោះក្លិប។ ដូច្នេះ ដើម្បីពង្រឹងការគ្រប់គ្រងលើស្ថាប័នទាំងនោះ សហព័ន្ធ តម្រូវឲ្យសមាគម និងក្លិប ដែលផុតសុពលភាពទាំងនោះ ត្រូវដាក់ពាក្យស្នើសុំសុពលភាពឡើងវិញ។ ប្រសិនជា សមាគម ឬក្លិបណាខកខាន សហព័ន្ធ ចាត់ទុកថាបោះបង់ចោល សុពលភាពសមាជិក។
 
លោក ហេង សុខឃន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដូច្នេះថា៖«សហព័ន្ធប្រដាល់គុនខ្មែរ ឱ្យក្លិបបន្តសុពលភាព ឬពង្រឹងដល់ការស្នើសុំជាសមាជិកភាព ក្នុងគោលបំណងដើម្បីបង្កើនការអភិវឌ្ឍគុនខ្មែរ និងធ្វើឲ្យមានស្ដង់ដារ គុណភាព។»។
 
អគ្គលេខាធិការសហព័ន្ធរូបនេះ បន្ដទៀតថា បច្ចុប្បន្ន សហព័ន្ធ មានសមាជិក ក្លិប១២០ ហើយសហព័ន្ធ និងពិនិត្យទៅលើកិច្ចការរៀងរាល់ ៣ខែម្ដង ដើម្បីកុំឲ្យមានបញ្ហា ដូចជាការខ្វះខាតផ្សេងៗ ក្នុងនោះរួមទាំងបញ្ហាថវិការផងដែរ។
 
គួរបញ្ជាក់ផងដែរថា ការស្នើសុំសុពលភាព គឺមានរយៈពេល ៤ឆ្នាំ ពោល គឺមួយអាណត្តិ របស់សហព័ន្ធប្រដាល់កម្ពុជា៕
 

Tag:
 ប្រដាល់គុនខ្មែរ
  សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com