ជាតិ
សេដ្ឋកិច្ច
ការទូទាត់ជាប្រាក់រៀលតាម KHQR កើនដល់ទំហំទឹកប្រាក់ ៩៧ប៊ីលានរៀល
01, Aug 2023 , 9:39 pm        
រូបភាព
ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងធនាគារ​តាមរយៈប្រព័ន្ធKHQR របស់ធនាគារជាតិ​ មានភាពងាយស្រួល រហ័ស ​ថែមទាំងមិនអស់ថ្លៃសេវាទៀត។​
ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងធនាគារ​តាមរយៈប្រព័ន្ធKHQR របស់ធនាគារជាតិ​ មានភាពងាយស្រួល រហ័ស ​ថែមទាំងមិនអស់ថ្លៃសេវាទៀត។​
ការទូទាត់ប្រាក់តាម KHQR Code បានក្លាយជាការពេញនិយមរបស់ប្រជាពលរដ្ឋ ខណៈ​ចំនួនប្រតិបត្តិការសាច់ប្រាក់ ក៏​កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ គិតត្រឹមខែមេសា ឆ្នាំ​២០២៣ ចំនួនប្រតិបត្តិការតាម KHQR Code ជាប្រាក់រៀល មានជិត១៧ម៉ឺនប្រតិបត្តិការ ដែលស្មើនឹងទំហំទឹកប្រាក់ ៩៧ប៊ីលានរៀល។​ ​នេះបើយោងតាមរបាយការណ៍ ចុង ក្រោយរបស់ធនាគារជាតិ។​

 
ប្រព័ន្ធ KHQR ត្រូវបានធនាគារជាតិអភិវឌ្ឍឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការទូទាត់ប្រាក់ ដែលមានសុវត្ថិភាព ងាយស្រួល និងមានស្ដង់ដារ។​ លើសនេះប្រព័ន្ធក៏បានឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា​ឆ្នាំ២០២១-២០៣៥ ផងដែរ។ 
 
បន្ទាប់ពីប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធKHQR​ បានមួយឆ្នាំ ពោលគឺចាប់ពីថ្ងៃខែកក្កដា ឆ្នាំ២០២២មក ចំនួនប្រតិបត្តិការតាមប្រព័ន្ធនេះ​ គឺមានការកើនឡើងជាលំដាប់​ ដោយការទូទាត់តាមប្រព័ន្ធជាប្រាក់រៀលមានចំនួន ១៦៩ ១៩៥ប្រតិបតិ្តការ (គិតជាប្រាក់មានចំនួន៩៧ប៊ីលានរៀល) ខណៈចំនួនប្រតិបតិ្តការជាដុល្លារតាម KHQR កើនដល់ ២១៦ ០៦៩ ប្រតិបត្តិការ​ ដែលមានទំហំទឹកប្រាក់ ៣៨លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។​
 
ជាមួយគ្នានេះ ធនាគារជាតិមានគោលដៅពង្រឹងកិច្ចសហការលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សង់ប្រាក់ឆ្លងដែន ដោយបានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ជាមួយប្រទេសចំនួនក្នុងតំបន់ ដូចជា ប្រទេសថៃ ម៉ាឡេស៊ី ឡាវ ប្រទេសវៀតណាម។​ ក្រៅពីនេះ ​ធនាគារជាតិ ក៏បានពង្រឹងផ្នែកនវានុវត្តន៍ និងប្រព័ន្ធទូទាត់ជាមួយប្រទសហ៊ី្វជី  កោះសូឡូម៉ូន និងប្រទេសរវ៉ាន់ដា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុរវាងគ្នាទៅវិញទៅមក។
ធនាគារជាតិបានបញ្ជាក់ថា ប្រព័ន្ធធនាគារផ្លូវការរបស់កម្ពុជា មានធនាគារពាណិជ្ជ៥៩, ធនាគារឯកទេស​៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ៨២, គ្រឹះស្ថានឥណទានជនបទ១១៨។ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុមានចំនួន១៧, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់មាន៣៥, ការិយាល័យតំណាងធនាគារបរទេសមាន៦ និងអាជីវកម្មប្តូរប្រាក់មាន ២ ៨៩០កន្លែង។ 
 
របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិបានបង្ហាញ ថា​ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៩,៩ភាគរយ ដែលមានទំហំទឹកប្រាក់សរុប ៨២,២ពាន់លានដុល្លារអាម៉េរិក។  ក្នុងនោះ វិស័យធនាគារគ្របដណ្តប់៨៥ភាគរយ នៃទ្រព្យសកម្មសរុប ស្របពេលវិស័យមីក្រូហិរញ្ញវត្ថុ មានចំណែក១៤,៤ភាគរយ និងវិស័យភតិសន្យាហិរញ្ញវត្ថុមានចំណែក០,៦ភាគរយ៕
 
 

Tag:
 ហិរញ្ញវត្ថុ
  រៀល
© រក្សាសិទ្ធិដោយ thmeythmey.com