សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៣​ខែ​
02, Aug 2023 , 8:29 am        
រូបភាព
បុគ្គលិក​​កំពុង​ពិនិត្យ​បំពង់​បង្ហូរ​ប្រេង​នៅ​តំបន់​ប្រេង Bai Hassan ភាគ​ខាងលិច​ទីក្រុង Kirkuk ​ប្រទេស​អ៊ីរ៉ាក់​ ។  រូបថត ៖ AFP ។
បុគ្គលិក​​កំពុង​ពិនិត្យ​បំពង់​បង្ហូរ​ប្រេង​នៅ​តំបន់​ប្រេង Bai Hassan ភាគ​ខាងលិច​ទីក្រុង Kirkuk ​ប្រទេស​អ៊ីរ៉ាក់​ ។ រូបថត ៖ AFP ។
បច្ចុប្បន្នប្រភេទប្រេង Brent និង WTI ស្ថិតនៅកម្រិតថ្លៃខ្ពស់បំផុត ចាប់តាំងពីខែមេសា។  ហេតុដែលធ្វើឱ្យតម្លៃបេ្រងហក់ឡើងខ្ពស់បែបនេះ ដោយសារតែការជំរុញផ្គត់ផ្គង់សកលឡើងវិញដូចជាកំណើនស្ថិរភាពនៅអាម៉េរិក អឺរ៉ុប និងចិន ជាមួយការបន្តកាត់បន្ថយការផលិតប្រេងរបស់ប្រទេសមួយចំនួន។

 
នៅថ្ងៃទី១ ខែសីហា ​ប្រេង Brent ​មាន​តម្លៃ​ដល់​ទៅ៨៥,៤ដុល្លារ​ក្នុង​មួយ​ធុងបារ៉ែល​។ ប្រេងឆៅ WTI របស់អាម៉េរិកក៏បានឡើងដល់ ៨១,៨ដុល្លារក្នុងមួយបារ៉ែល។ ប្រេងទាំងពីរប្រភេទនេះ បានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមខែមេសាមក។ 
 
បើតាមលោក Tina Teng អ្នកវិភាគប្រចាំក្រុមហ៊ុន CMC Markets តម្លៃអាចកែតម្រូវបាន ដោយសារប្រេងឆៅត្រូវបានទិញលើសកាលពីខែមុន។ យ៉ាងណាមិញ ការធ្លាក់ចុះនៃប្រាក់ដុល្លារអាម៉េរិក និងសុទិដ្ឋិនិយមលើគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់ចិន នឹងបន្តជួយដល់ទីផ្សារប្រេងនៅថ្ងៃខាងមុខ។ 
 
ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាម៉េរិក ក៏អាចធ្វើអោយប្រសើរឡើងនូវទស្សនវិស័យតម្រូវការប្រេងផងដែរ។ បច្ចុប្បន្ន​អាម៉េរិក​ជា​ប្រទេស​ប្រើ​ប្រាស់​ប្រេង​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក។
 
នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ចិនបាន​ប្រកាស​ពី​គោលនយោបាយ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការ​ប្រើប្រាស់​ក្នុងស្រុក។ សកម្មភាពផលិតកម្មរបស់ប្រទេសនេះ បានធ្លាក់ចុះក្នុងរយៈពេលបួនខែជាប់គ្នារហូតដល់ចុងខែកក្កដា។
 
អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) នឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ។ អ្នកវិភាគរំពឹងថា កិច្ចប្រជុំនេះនឹងផ្តល់ឱ្យពួកគេនូវតម្រុយបន្ថែមទៀតអំពីទស្សនវិស័យទីផ្សារប្រេង។
 
នៅខែមិថុនាកន្លងទៅ OPEC+ បានយល់ព្រមបន្តកាត់បន្ថយការផលិតប្រេងរហូតដល់ឆ្នាំ ២០២៤។ ក្នុងនោះអារ៉ាប៊ីសាអូឌីតបានកាត់បន្ថយការផលិតប្រេងប្រមាណ ១លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែកក្កដា។ នៅដើមខែមុន ប្រទេសនេះបានប្រកាសថាខ្លួននឹងបន្តកាត់បន្ថយនៅក្នុងខែ៨ ហើយក៏នឹងពិចារណាកាត់បន្ថយបន្ថែមទៀត។
 
យ៉ាងណាមិញ ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័របានបង្ហាញថា អារ៉ាប៊ីសាអូឌីតបានកាត់បន្ថយត្រឹមតែ ៨៦០ពាន់បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះសម្រាប់ខែកក្កដា។
 
អ្នកវិភាគនៅធនាគារជាតិអូស្ត្រាលីបានព្យាករថា អារ៉ាប៊ីសាអូឌីតនឹងនៅតែកាត់បន្ថយផលិតកម្មក្នុងខែកញ្ញា។ របាយការណ៍របស់ធនាគារជាតិអូស្ត្រាលីក៏រំពឹងថា តម្លៃប្រេងនឹងកើនឡើងខ្ពស់នៅឆ្នាំនេះ។ 
 
ថ្មីៗនេះ អាម៉េរិកបានបញ្ចេញទិន្នន័យដែលបង្ហាញពីតម្រូវការប្រេងឥន្ធនៈរហូតដល់ ២០,៧៨លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែឧសភា ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំ។ ទន្ទឹមនឹងនេះ ការស្តុកប្រេងសាំង និងប្រេងឆៅរបស់អាម៉េរិកបានធ្លាក់ចុះផងដែរ៕ 
 
 

Tag:
 ប្រេង
  អារ៉ាប៊ីសាអូឌីត
  អាម៉េរិក
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com