ជាតិ
សង្គមជាតិ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) ដែលមានអាយុកាលជាង១០០ឆ្នាំ
01, Aug 2023 , 6:08 pm        
រូបភាព
ប្រតិភូកម្ពុជា និង​មិត្តបរទេសអបអរ ក្រោយការប្រកាសថា កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ WAGGGS ឆ្នាំ២០២៦។ រូបថត Chanmony Pich
ប្រតិភូកម្ពុជា និង​មិត្តបរទេសអបអរ ក្រោយការប្រកាសថា កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ WAGGGS ឆ្នាំ២០២៦។ រូបថត Chanmony Pich
កម្ពុជាត្រូវបានបោះឆ្នោតផ្តល់ទំនុកចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS World Conference) លើកទី៣៩ នៅខេត្តសៀមរាប នាឆ្នាំ២០២៦ ខាងមុខ។ លទ្ធផលត្រូវបានប្រកាសកាលពីថ្ងៃទី៣១ ខែកក្កដា នាថ្ងៃចុងក្រោយនៃសន្និបាតលើកទី៣៨ នៅក្រុងនីកូស្យា ប្រទេសស៊ីប ដោយកម្ពុជាបានប្រជែងឈ្នះហ្គាណា និងទុយនីស៊ី។ កម្ពុជានឹងក្លាយជាប្រទេសទី៣នៅអាស៊ីអាគ្នេយ៍ដែលទទួលបន្ទុករៀបចំសន្និបាតដ៏វ័យចំណាស់ជាង១០០ឆ្នាំនេះ។

 
«មហាលទ្ធផលជាប្រវត្តិសាស្ត្រនេះ ជាកំណត់ត្រាមួយដែលឆ្លុះបញ្ចាំងពីទស្សនៈវិស័យ ដឹកនាំដ៏ត្រឹមត្រូវរបស់សមាគមឫទ្ធិនារីកម្ពុជាកន្លងមក បង្ហាញពីស្ថានភាព ស្ថេរភាព សុខសន្តិភាពក្នុងផ្ទៃប្រទេសកម្ពុជា និងមុខមាត់ កិត្តិយសជាតិយើងលើឆាកអន្តរជាតិ»។ លោកស្រី ពេជ្រ ចន្ទមុនី អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា បានលើកឡើងយ៉ាងដូច្នេះនៅលើហ្វេសប៊ុករបស់ខ្លួន។
 
ប្រធានប្រតិភូកម្ពុជារូបនេះ បានគូសបញ្ជាក់ពីការចូលរួមបំផុសទឹកចិត្ត ស្មារតី និងការគាំទ្រយ៉ាងផុសផុសរបស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រហូតដល់សមាគមឫទ្ធិនារីកម្ពុជា ពិសេសប្រទេសកម្ពុជា ត្រូវបានបោះឆ្នោតផ្តល់ទំនុកចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកនៅឆ្នាំ២០២៦ខាងមុខនេះ។

សន្និបាតលើកដំបូងនៅឆ្នាំ១៩២០
សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោក ត្រូវបានរៀបចំលើកដំបូងនៅឆ្នាំ១៩២០ នៅក្រុង Oxford ប្រទេសអង់គ្លេស ពោលគឺមុនពេលដែលសមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts) ដំណើរការជាផ្លូវការចាប់ពីឆ្នាំ១៩២៨។
 
ជាសន្និបាតដែលសំដៅលើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចរបស់កុមារី និងក្មេងស្រី ក្នុងសកម្មភាពសង្គម ហើយក៏ជាឱកាសសម្រាប់សមាជិកសមាគម ក៏ដូចជាដៃគូនានា ដើម្បីធ្វើការរួមគ្នា រៀនសូត្រពីគ្នា អបអរសាទរភាពជោគជ័យជាមួយគ្នា អភិវឌ្ឍភាពជាដៃគូ និងរៀបគម្រោងការរួមគ្នាផងដែរ។
 
កម្ពុជាក្លាយជាសមាជិក WAGGS ចាប់ពីឆ្នាំ២០២១
តាមពិតទៅ សមាគមកាយឫទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៣មកម្ល៉េះ ប៉ុន្តែសកម្មភាពមួយចំនួនបានរអាក់រអួលដោយសារតែសង្គ្រាមស៊ីវិល។ នៅឆ្នាំ១៩៩៨ គណៈកម្មការប្រតិបត្តិថ្នាក់ជាតិ បានចាប់កំណើតឡើង ហើយមួយឆ្នាំក្រោយមក ព្រះសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថសីហនុ ទ្រង់គង់ជាព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា។
 
ឆ្នាំ២០២១ សមាគមកាយឫទ្ធិនារីកម្ពុជា (Girl Guides Association of Cambodia) បានក្លាយជាសមាជិកផ្លូវការរបស់សមាគមកាយឫទ្ធិនារីពិភពលោក World Association of Girl Guides and Girl Scouts (WAGGGS)។ 
 
បច្ចុប្បន្ន WAGGGS មានសមាជិកពី១៦៩ប្រទេសនៅ៥តំបន់ធំៗ គឺអាហ្វ្រិក អារ៉ាប់ អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអឌ្ឍគោលខាងលិច។ កម្ពុជាស្ថិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានសមាជិកជាង២០០០នាក់ ក្នុងនោះមានកុមារីក្រុមកន្ទំរុយ និងក្រុមវឌ្ឍនៈនារី ជាដើម។ 
 
ចាប់តាំងពីឆ្នាំ១៩៥៤មក សន្និបាត WAGGGS ត្រូវបានរៀបចំរៀងរាល់៣ឆ្នាំម្តង។ កាលពីឆ្នាំ២០២១ សន្និបាតប្រព្រឹត្តទៅតាមអនឡាញដោយសារវិបត្តិកូវីដ-១៩ មុនពេលដែលស៊ីប ប្រជែងឈ្នះម៉ាឡេស៊ី អូម៉ង់ និងសហរដ្ឋអាម៉េរិក ដើម្បីធ្វើជាម្ចាស់ផ្ទះសន្និបាតលើកទី៣៨នៅឆ្នាំ២០២៣នេះ។
 
WAGGGS World Conference លើកទី៣៨ បានប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា នៅសាកលវិទ្យាល័យ European University ក្រុងនីកូស្យា ប្រទេសស៊ីប ដោយមានលោកស្រី Maria Fernanda Cerda ជាប្រធាន រីឯលោកស្រី Tashia Batstone និងលោកស្រី Christiane Rouhana ជាអនុប្រធាន។
 
សន្និបាតរយៈពេល៦ថ្ងៃនេះ មានការលើកឡើង និងចែករំលែកប្រធានបទផ្សេងៗអំពីក្តីសុបិន (Dream), សកម្មភាព (Act) ការដឹកនាំ (Lead) រួមទាំងអនាគតគឺជារបស់យើងទាំងអស់គ្នា (The Future is Ours)។ 

បន្ទាប់ពីសិង្ហបុរី និងហ្វីលីពីន កម្ពុជាជាប្រទេសទីបីនៅអាស៊ីអាគ្នេយ៍ដែលបានសិទ្ធិរៀបចំសន្និបាត
កម្ពុជានឹងក្លាយជាប្រទេសទី៣នៅតំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត WAGGGS ដែលមានអាយុកាលជាង១០០ឆ្នាំនេះ។ សិង្ហបុរី បានធ្វើជាម្ចាស់ផ្ទះនៃសន្និបាតលើកទី២៧នាឆ្នាំ១៩៩០ ហើយក្រុងម៉ានីល នៃប្រទេសហ្វីលីពីន បានរៀបចំសន្និបាតលើកទី៣១ នាឆ្នាំ២០០២។
 
លោកស្រី ពេជ្រ ចន្ទមុនី បានបង្ហាញសរសេរថា៖ «សូមសំដែងនូវទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែងនិងមានមោទនភាពបំផុតដែលប្រទេសកម្ពុជាយើងត្រូវបានបោះឆ្នោតគាំទ្រធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ (39th WAGGGS Conference) ក្នុងខេត្តសៀមរាប ទឹកដីអច្ឆរិយៈសម្បត្តិវប្បធម៌និងបេតិកភណ្ឌនៃយើង»។ 
 
សន្និបាត WAGGGS លើកទី៣៩ ក៏ជាឱកាសនៃការទាក់ទាញបណ្តាសមាជិកសមាគមកាយឫទ្ធិពិភពលោក និងអ្នកពាក់ព័ន្ធឱ្យបានទស្សនា និងឈ្វេងយល់អំពីតំបន់អង្គរ ខេត្តសៀមរាបផងដែរ។ តាមគម្រោង សន្និបាតនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាខែមិថុនា ឆ្នាំ២០២៦។
 
«នាងខ្ញុំ សូមបេ្តជ្ញាបន្តដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ស្របតាមកទស្សនៈវិស័យច្បាស់លាស់ ដើម្បីជួយកុមារី និងយុវតីកម្ពុជាឲ្យមានសមត្ថភាព សីលធម៌ និងគុណធម៌»។ នេះជាការតាំងចិត្តរបស់អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជាមួយនឹងសកម្មភាពគោលដៅសំខាន់ៗ៥គឺ អប់រំ, បរិស្ថាន, សុខភាព និងសុវត្ថិភាព, វប្បធម៌ សិល្បៈ និងសិប្បកម្ម រួមទាំងសកម្មភាពចូលរួម។
 
លោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រី បន្តពីសម្តេច ហ៊ុន សែន ចាប់ពីថ្ងៃទី២២ ខែសីហា បានអបអរសាទរភាពជោគជ័យរបស់ក្រុមការងារលោកស្រី ពេជ្រ ចន្ទមុនី ដែលជាភរិយាខ្លួន។ «ខ្ញុំសូមកោតសរសើរចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះជូនប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។ ខ្ញុំក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមជួយគាំទ្របេក្ខភាពរបស់កម្ពុជាតាមរយៈការជួយគាំទ្រតាមអនឡាញដែលចូលរួមចំណែកអោយយើងទទួលបាននូវជោគជ័យនេះ»៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com