សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បាតុភូត El Nino កំពុងគំរាម​កំហែង​វិស័យ​កសិកម្មនៅ​អាស៊ាន
02, Aug 2023 , 7:29 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
បាតុភូត El Nino ដែលជាបាតុភូតអាកាសធាតុដែលបង្កភាពរាំងស្ងួត និងកង្វះទឹកភ្លៀងកំពុងវិលត្រលប់មកតំបន់អាស៊ានវិញ ដោយបង្កើនហានិភ័យនៃគ្រោះរាំងស្ងួត កង្វះទឹក និងការរំខានពាណិជ្ជកម្ម។ តួយ៉ាង ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កំពុងរងគ្រោះពីបាតុភូតនេះ ចំពោះផលិតកម្មអង្ករ ប្រេងដូង និងកាហ្វេ។

 
បាតុភូត El Nino កំពុងបង្កការគំរាមកំហែងដោយផ្ទាល់ទៅដល់វិស័យកសិកម្ម ជាពិសេសស្រូវ ប្រេងដូង និងកាហ្វេ មិនតែប៉ុណ្ណោះការផលិតសឺមីកុងឌុចទ័រក៏មានផលប៉ះពាល់ដែរ។ នេះ​ជាការ​ព្រមាន​ចុងក្រោយ​បំផុត​នៅក្នុង​របាយការណ៍​ទស្សនៈ​អាស៊ាន​ស្តីពីបាតុភូត El Nino ដែល​បាន​ចុះ​ផ្សាយ​ដោយធនាគារ HSBC ។
 
ធនាគារ HSBC ផ្តល់អនុសាសន៍ថា អាស៊ីអាគ្នេយ៍ចាំបាច់ត្រូវកែលម្អការគ្រប់គ្រងម្ហូបអាហារ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យអតិផរណា នៅពេលដែលប្រឈមមុខនឹងបាតុភូតអាកាសធាតុដ៏អាក្រក់មួយនេះ។
 
បើយោងតាមរបាយការណ៍របស់ធនាគារ HSBC ផលិតផលអាស៊ានសំខាន់ៗចំនួនបីដែលងាយរងគ្រោះបំផុតពីបាតុភូត El Niño គឺអង្ករ ប្រេងដូង និងកាហ្វេ។ វាជាចំណែកនៃផលិតផលក្នុងស្រុកសរុប (GDP) របស់វិស័យកសិកម្មនាពេលបច្ចុប្បន្នដែលមានប្រហែល ១០ភាគរយ ។ 
 
វាមិនមែនជាទំហំធំដូចការវិស័យផលិត ឬសេវាកម្មនោះទេ ប៉ុន្តែយើងក៏មិនអាចមើលស្រាលពីសាវិស័យដ៏សំខាន់មួយនេះផងដែរ ព្រោះបានផ្តល់ការងារច្រើនដែលជាប្រភពចំណូលសំខាន់សម្រាប់គ្រួសារជាច្រើន និងជាទំនិញដ៏សំខាន់នៅក្នុងទីផ្សារពិភពលោក។ នេះបើតាមការលើកឡើងរបស់លោកស្រី Yun Liu សេដ្ឋវិទូទទួលបន្ទុកទីផ្សារអាស៊ានប្រចាំធនាគារ HSBC ។ 
 
នៅប្រទេសថៃ កសិករត្រូវបានណែនាំឲ្យដាំដំណាំស្រូវតែមួយរដូវប៉ុណ្ណោះ ដើម្បីសម្របខ្លួនទៅនឹងកម្រិតទឹកភ្លៀងទាប ដែលអាចប្រឈមកង្វះទឹក។ ជាលទ្ធផល ការនាំចេញអង្កររបស់ថៃត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រហែល១២ភាគរយ។
 
ជាមួយគ្នានេះ ប្រេងដូងនៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ខ្លាំងបំផុតនៅពេលដែលផលិតកម្មនៃប្រទេសទាំងពីរនេះមានចំនួន ៨៥ភាគរយនៃប្រេងដូងពិភពលោក។ គណៈកម្មការ​ប្រេង​ដូង​ម៉ាឡេស៊ី​បាន​ព្រមាន​ថា ទិន្នផល​ប្រេង​អាច​នឹង​ធ្លាក់​ចុះ ៣លាន​តោន ឬ ១៧ភាគរយ ហើយផលប៉ះពាល់អាចកាន់តែខ្លាំងជាងនេះនៅឆ្នាំ ២០២៤។
 
ទន្ទឹមនេះ កាហ្វេដែលជាប្រភេទទំនិញមានការដាំដុះតិចតួចក៏ដោយ ប៉ុន្តែផលប៉ះពាល់នឹងរីករាលដាលសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ វាត្រូវបានព្យាកថា ផលិតកម្មកាហ្វេ Robusta នៅឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៣-២០២៤ នឹងថយចុះ ២០ភាគរយដោយសាររដូវប្រាំងឆាប់មកដល់ ដែលប៉ះពាល់ដល់ជាង ៦០ភាគរយនៃផ្ទៃដីដាំកាហ្វេ។
 
លោកស្រី Yun Liu សង្កត់ធ្ងន់ថា​ ៖ « រឿងមួយដែលគួរចងចាំនោះគឺថា El Nino អាចបង្កហានិភ័យអតិផរណា។ នៅប្រទេសអាស៊ានមួយចំនួន បរិមាណស្បៀងមានតែ ៣០ភាគរយនៃកញ្ចប់សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)  ប៉ុន្តែយើងគិតថា El Nino នឹងបង្កហានិភ័យដោយប្រយោល»។
 
ក្រៅពីនេះបាតុភូត El Nino បណ្តាលឱ្យមានការខ្វះខាតទឹក និងថាមពល ដែលបានប៉ះពាល់ដល់ការផលិតសឺមីកុងឌុចទ័រនៅទីក្រុង Penang ម៉ាឡេស៊ី ដែលជាមូលដ្ឋានផលិតសឺមីកុងឌុចទ័រធំរបស់ពិភពលោក។ ចំណែកវិស័យ​រ៉ែ​នៅ​ឥណ្ឌូណេស៊ី​ក៏​រង​ផល​ប៉ះពាល់​ដោយ​ភ្លៀង​ធ្លាក់​តិច​ផងដែរ៕
 

Tag:
 El Nino
  កសិកម្ម
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com