ជាតិ
សម្ដេច ឃឹម សន សោកស្ដាយចំពោះការលាចាកសិក្ខាបទរបស់សម្ដេច ឃី សុវណ្ណរតនា (ពាក់អាវស) សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា លាចាកសិក្ខាបទ ក្រោយបួសអស់៣៣ព្រះវស្សា។រូបពីហ្វេសប៊ុក Sokny Sor
× ភ្នំពេញ៖ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សោកស្ដាយចំពោះការ លាចាកសិក្ខាបទរបស់ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ដោយសារព្រះអង្គមានចំណេះដឹងទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រខ្ពស់ ដែលជាធនធានក្នុងព្រះពុទ្ធសាសនា រកបានដោយកម្រ។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មានព្រះថេរដីការប្រាប់សារព័ត៌មានថ្មីៗថា សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា មានចំណេះដឹងខ្ពស់ ផ្នែកភាសាអង់គ្លេស ភាសាបារាំង ភាសាសំស្ក្រឹត និងភាសាបាលី។ សម្ដេចបន្ថែមថា គណសង្ឃនាយក មិនចង់ឱ្យសម្ដេច សុវណ្ណរតនា សឹកឡើយ ប៉ុន្តែពុំអាចឃាត់បាន។
«ស្ដាយត្រង់ថាអ្នកបួសម្ភៃសាមសិបឆ្នាំ ទម្រាំបានចំណេះដឹងទាំងខាងព្រះពុទ្ធសាសនា និងចំណេះដឹងផ្សេងៗមិនងាយទេ។ លោកជាធនធានរកបានដោយកម្រ ដែលជួយក្នុងព្រះពុទ្ធសាសនា។ គណសង្ឃសោកស្ដាយ មិនចង់ឱ្យលោកសឹកទេ ប៉ុន្តែធ្វើម៉េចបើលោកមានថេរដីកាមួយម៉ាត់ថា លោកអស់និស្ស័យខាងអ្នកបួស។ មិនប៉ះពាល់ដល់ធនធានពុទ្ធសាសនាទេ ប៉ុន្តែធម្មតាយើងមានតួនាទីជាសម្ដេចហើយ ហើយនៅតែមិនអាចទ្រទ្រង់ ក្នុងសភាពជាអ្នកបួសបាន ដូច្នោះធ្វើឱ្យភិក្ខុសាមណេរ ដែលរៀនចេះដឹងផ្សេងៗទៀត មានឋានៈល្មមៗ មើលឃើញអ៊ីចឹងទៅ ងាយនឹងសឹកតាម»។ នេះជាការទតឃើញរបស់ព្រះអង្គ ឃឹម សន។
ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គធ្លាប់បានប្រាប់ព្រះសង្ឃអង្គផ្សេងៗទៀត កាលពីពេលកន្លងទៅថា ដើម្បីជួយព្រះពុទ្ធសាសនា ក្នុងប្រទេសកម្ពុជាឱ្យបានរឹងមាំ គឺព្រះសង្ឃគ្រប់ព្រះអង្គដែលបានបួស ត្រូវមានចំណេះដឹងខាងព្រះពុទ្ធសាសនា និងខាងផ្លូវលោកឱ្យបានខ្ពង់ខ្ពស់។ ព្រះអង្គសង្កត់ធ្ងន់ថា ព្រះសង្ឃដែលមានព្រះជន្មចាស់វស្សា មានគុណវុឌ្ឍន៍ជួយព្រះពុទ្ធសាសនា ឱ្យបានរឹងមាំនិងរីកចម្រើនច្រើន។
ព្រះអង្គបន្ថែម៖«លោកមានចំណេះដឹងខ្ពស់ លោកទៅរៀនយកបណ្ឌិតនៅឥណ្ឌា។ ហើយលោកធ្លាប់ទៅស្រីលង្កាក៏ច្រើនឆ្នាំ អ៊ីចឹងភាសាអង់គ្លេស ភាសាបារាំង ហើយខាងធម៌សំស្ត្រឹត បាលី ក៏លោកបានសិក្សាបានខ្ពស់។ ដូច្នេះលោកអាចទំនាក់ទំនងធ្វើការជាមួយសង្គម ឬក្នុងជួររាជរដ្ឋាភិបាលបាន។ នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសជិតខាងយើងដូចជាថៃអីជាដើម គេមិនប្រកាន់ទេ អ្នកដែលសឹកទៅ គេនៅតែគោរពរាប់អាន គេនៅតែឱ្យតម្លៃ»។
ក្នុងលិខិតក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សុំព្រះបរមរាជានុញ្ញាតលាលែងពីព្រះគោរមងារ “សម្ដេចព្រះមហាអរិយវង្ស” សម្ដេច ឃី សុវណ្ណរតនា បានបញ្ជាក់ថា ព្រះអង្គបានសាងព្រះផ្នួសបួសជាបព្វជិត អស់រយៈពេល៣៣វស្សា។ ព្រះអង្គបានរួមចំណែក កសាងនិងអភិវឌ្ឍវិស្ស័យព្រះពុទ្ធសាសនា តាមរយៈស្ថាប័នសម្ដេចព្រះសង្ឃរាជ គណៈសង្ឃនាយក និងវិស័យពុទ្ធិកសិក្សា នៃព្រះរាជាណចក្រកម្ពុជា ព្រមទាំងចូលរួមជួយកិច្ចការសង្គម តាំងពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន។ គិតមកដល់ពេលនេះ មានរយៈពេល២១ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា។
ក្នុងលិខិតដដែលបានបញ្ជាក់ថា នាពេលបច្ចុប្បន្នព្រះអង្គ ឃី សុវណ្ណរតនា មានភាពនឿយណាយ និងអស់និស្ស័យក្នុងព្រះផ្នួស ហើយមានបំណងចូលរួមចំណែកបម្រើសង្គមជាតិ ក្នុងភាពជាឃរាវាស៕
Tag:
ព្រះពុទ្ធសាសនា
ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com