ជាតិ
​​​ន​យោ​បាយ​ជាតិ​
មិនអាចកាន់តំណែងដល់ចាស់ពេក ឬដល់ស្លាប់ទេ សម្តេច ហ៊ុន សែន យកព្រះបរមរតនកោដ្ឋជាគំរូ
03, Aug 2023 , 10:38 am        
រូបភាព
សម្តេច ហ៊ុន សែន និងសម្តេចព្រះវររាជបិតា នរោត្តម សីហនុ ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ រូបថតឯកសារ Pressocm
សម្តេច ហ៊ុន សែន និងសម្តេចព្រះវររាជបិតា នរោត្តម សីហនុ ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ រូបថតឯកសារ Pressocm
ដោយ: រួបរួម
«វាមិនមែនជាការល្អឬេ ប្រសិនបើយើងចាស់ពេក ឬរហូតដល់យើងស្លាប់»។ សម្តេច ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះពាក់ព័ន្ធនឹងការសម្រេចចិត្តចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលសម្តេចគ្រប់គ្រងតាំងពីឆ្នាំ១៩៨៥មក។

 
ថ្ងៃងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែង ព្រឹកថ្ងៃទី៣ ខែសីហា ប្រមុខរដ្ឋាភិបាលចាំផ្ទះ បានគូសបញ្ជាក់ថា តាំងពីសម័យដើមរហូតមក គ្មានអ្នកណាធ្លាប់លះបង់អំណាចដូចសម្តេចឡើយ ខណៈដែលសម្តេចនៅមានលទ្ធភាពបន្តដឹកនាំបាន៥ឆ្នាំ ឬ១០ឆ្នាំទៀត។
 
«ក្រោយ ហ៊ុន សែន ជាអ្នកណា?»។ នេះជាសំណួរដែលបានកើតឡើងតាំងពីឆ្នាំ២០១៥មក ជាពិសេសនាអំឡុងពេលដែលសម្តេចទៅទស្សនកិច្ចក្រុងតូក្យូ គឺអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ តាំងសំណួរនេះទៅកាន់សម្តេចផ្ទាល់។
 
សម្រាប់សម្តេច ហ៊ុន សែន «សំណួរ ក្រោយ ហ៊ុន សែន ជានរណា?» ជាបញ្ហាដ៏ធំ មិនមែនជាបញ្ហាតូចតាចទេ។ «ប្រសិនបើខ្ញុំស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក តើមានរឿងអ្វីនឹងកើតឡើង បើយើងមិនបានត្រៀមរៀបចំសម្រាប់អ្នកបន្តវេន»។ សម្តេចបានលើកឡើងពីចំណោទបញ្ហាបែបនេះ ដោយសម្តេចបង្ហាញពីការគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ។
 
សម្តេច ហ៊ុន សែន មើលឃើញថា ព្រះបរមរតនកោដ្ឋ មានព្រះរាជតម្រិះដ៏អស្ចារ្យ លើការសម្រេចដាក់រាជ្យ [កាលពីឆ្នាំ២០០៤] ពោលគឺ៨ឆ្នាំមុនពេលដល់ព្រះអង្គយាងសោយព្រះទិវង្គត។ សម្តេចលើកជាបញ្ហាថា៖ «ប្រសិនបើពេលនោះ មិនទាន់មានក្សត្រគ្រោងរាជថ្មី [ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី] ទេ ខ្លួនខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ មិនដឹងថា ត្រូវធ្វើអ្វីទេ ម្ខាងត្រូវគិតគូពីការរៀបចំព្រះរាជសព ឯម្ខាងទៀតត្រូវគិតគូអំពីការកសាងច្បាប់ ស្តីពីការចាត់តាំង និងការប្រព្រឹត្តទៅក្រុមប្រឹក្សារាជសម្បត្តិ និងការជ្រើសរើសព្រះមហាក្សត្រ ដែលមានរយៈពេលត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ»។
 
ករណីបែបនេះ ធ្លាប់បានកើតឡើងនៅឆ្នាំ១៩៦០ ក្រោយពេលដែលព្រះករុណា ព្រះបាទសម្តេច នរោត្តម សុរាម្រឹត យាងសោយព្រះទិវង្គត។ សម្តេចលើកឡើងថា ព្រះករុណា បិតា ពិតជាមានព្រះរាជតម្រិះដ៏អស្ចារ្យ ដែលធ្វើឱ្យអ្វីៗដំណើរការទៅដោយរលូន។
 
«បទពិសោធន៍នេះ ផ្តល់មេរៀនដាស់តឿន សម្រាប់ខ្ញុំ លើកទឹកចិត្តខ្ញុំឱ្យយកគំរូនៃការបន្តវេនឱ្យយុវជនជំនាន់ក្រោយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន ព្រោះក្នុងករណីសម្តេចទទួលមរណភាពក្នុងពេលកាន់តំណែង បញ្ហាស្មុគ្រអាចកើតឡើង ដូចជាការរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញ និងអាចឈានដល់ការបង្ហូរឈាមដណ្តើមអំណាចទៀតផង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com