ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក នេត សាវឿន និងលោក ស៊ុន ចាន់ថុល នឹងឡើងជាឧបនាយករដ្ឋមន្រ្តី នៅអាណត្តិថ្មី
03, Aug 2023 , 11:19 am        
រូបភាព
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្ន នឹងឡើងទៅជាឧបនាយករដ្ឋមន្រ្តី នាអាណត្តិថ្មីនេះ។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ បានបង្ហើបព័ត៌មាននេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង ព្រឹកថ្ងៃទី៣ ខែសីហា។



«អគ្គប៉ូលិស (លោក នេត សាវឿន) អាចនឹងមានការផ្លាស់ប្ដូរ ដោយនិយាយតាមមួយបែបទៅ អគ្គប៉ូលិស អាចនឹងមានការផ្លាស់ប្ដូរទៅកាន់តំណែងឧបនាយករដ្ឋមន្រ្តី ដែលនឹងត្រូវជួយកិច្ចការនាយករដ្ឋមន្រ្តី ដែលនាយករដ្ឋមន្រ្តីប្រគល់ឱ្យនៅពេលនោះ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
សម្ដេច ក៏ឆ្លៀតបង្ហើបបន្ថែមថា៖«ហើយនៅក្នុងនោះ ក៏និយាយបន្ថែមទៀតទៅចុះ គឺរដ្ឋមន្រ្តីក្រសួងសាធារណការ ដែលឡើងធ្វើរបាយការណ៍អម្បាញ់មិញ (លោក ស៊ុន ចាន់ថុល) ក៏នឹងឡើងជាឧបនាយករដ្ឋមន្រ្តីមួយ ក្នុងចំណោមឧបនាយករដ្ឋមន្រ្តី»។
 
ជាមួយគ្នានេះនាយករដ្ឋមន្រ្តីចាំផ្ទះ ក៏ស្នើឱ្យអ្នកបន្តវេន ដែលនឹងត្រូវកាន់តួនាទីជារដ្ឋមន្រ្តីតាមក្រសួងនានា ត្រូវរក្សាមន្ត្រីចាស់ៗ នៅទីនោះ ដោយមិនត្រូវរុះរើចោល ដាក់ក្រុមការងារខ្លួនជំនួសឡើយ។ សម្ដេច លើកឡើងបែបនេះ ក្រោយពីបានឮពីកង្វល់របស់អនុរដ្ឋលេខា រដ្ឋលេខាធិការ ទីប្រឹក្សា និងមន្ត្រីតាមក្រសួង ដែលបារម្ភពីការផ្លាស់ប្តូរ ឬដកពួកគេចេញពីតួនាទី។
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា មន្ត្រីចាស់ៗតាមក្រសួងទាំងនោះ នឹងបន្តបំពេញការងារធម្មតានៅអាណត្តិថ្មីនេះ លើកលែងតែពួកគេស្នើសុំឈប់ដោយខ្លួនឯង ឬពួកគេធ្លាប់ធ្វើសកម្មភាពផ្ដេសផ្ដាស ដែលប៉ះពាល់ដល់ស្ថាប័ន និងរដ្ឋាភិបាល ។ 
 
លើសពីនេះសម្ដេច ក៏អំពាវនាវជាថ្មីឱ្យមន្ត្រីចាស់ៗ ដែលមានអាយុច្រើន នៅក្នុងអង្គនីតិបញ្ញត្ត ដូចជារដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋមន្រ្តីនានា ត្រូវតែលះបង់តួនាទីខ្លួន ដោយទុកឱកាសឱ្យអ្នកបន្តវេន។ 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com