ជាតិ
​​​ន​យោ​បាយ​ជាតិ​
ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចំណាយថវិកាជាង២៧៣លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
03, Aug 2023 , 8:19 pm        
រូបភាព
ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចំណាយថវិកាជាង២៧៣លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣ សីហា ២០២៣។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចំណាយថវិកាជាង២៧៣លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣ សីហា ២០២៣។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ផ្លូវនេះ អាចជួយកាត់បន្ថយការកកស្ទះ លើកកម្ពស់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងជាមួយប្រទេសជុំវិញ។

 
ផ្លូវក្រវាត់ក្រុងទី៣ នេះ មានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ (ផ្លូវមេប្រវែង ៤៧,៦១គ.ម និងផ្លូវខ្នែងប្រវែង ៥,៣៧គ.ម) មានចំណុចចាប់ផ្តើមត្រង់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ចម្ងាយ ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៤(គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
 
ផ្លូវនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៣ , ផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ២១ ,ផ្លូវជាតិលេខ២១A ,ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 
 
ក្នុងគម្រោងនេះផ្លូវដែរ មានរួមបញ្ចូលនូវស្ពានឆ្លងកាត់ទន្លេបាសាក់ ២កន្លែង ក្នុងនោះស្ពានខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិចប្រវែង ៣៦៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តកោះអន្លង់ចិន ត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន”។ បន្ថែមពីលើនេះ ក៏បានសាងសង់នូវស្ពានរំលង ឬស្ពានអាកាស(Flyover) ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ។ ជាពិសេសការរៀបចំទីតាំងសម្រាប់បត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ ក៏ដូចជាបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
 
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀតរបស់កម្ពុជា ជាពិសេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ 
 
បើតាលោក ចាន់ថុល ខ្សែផ្លូវនេះ មានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ដែលនឹងជំរុញបន្ថែមនូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ។ ជាពិសេសការដឹកជញ្ជូនទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរបានមួយកម្រិតធំ។
 
ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣នេះ រដ្ឋមន្រ្តីក្រសួងសាធារណការ បានសង្កត់ធ្ងន់ដូច្នេះថា៖«ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅចុងអាណត្តិទី៦ ដែលរាជរដ្ឋាភិបាលបានខិតខំសម្រេចឱ្យលេចចេញជារូបរាងឡើង ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍ បម្រើដល់ការដឹកជញ្ជូន ការផ្សារភ្ជាប់ទំនាក់ទំនងរបស់បងប្អូនប្រជាពលរដ្ឋយើង ទៅដល់គ្រប់ទីកន្លែង និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេស ព្រមទាំងតភ្ជាប់ផងដែរជាមួយបណ្ដាប្រទេសជិតខាង ស្របតាមតម្រូវការ និងការចម្រើនរបស់ប្រទេសជាតិ»។ 
 
ផ្លូវក្រវាត់ក្រុងនេះ បានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ានហាយវេលេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ នេះបើតាមលោក ចាន់ថុល។
 
ផ្លូវក្រវាត់ក្រុងទី៣នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាសាងសង់សរុបជាង ២៧៣លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com