ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា និងថៃ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើជំនាញវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម
03, Aug 2023 , 9:39 pm        
រូបភាព
(ស្ដាំ) លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបពិភាក្សាជាមួយលោក ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា នៅទីស្ដីការក្រសួងការងារ។ រូបពីហ្វេសប៊ុកក្រសួងការងារ។
(ស្ដាំ) លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបពិភាក្សាជាមួយលោក ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា នៅទីស្ដីការក្រសួងការងារ។ រូបពីហ្វេសប៊ុកក្រសួងការងារ។
កម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថែមទៀត ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌រវាងប្រទេសទាំងពីរ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបពិភាក្សាជាមួយលោក ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា នៅទីស្ដីការក្រសួងការងារ។

 
លោក អ៊ិត សំហេង បានវាយតម្លៃវិជ្ជមានលើកិច្ចសហការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ជាពិសេសការអនុវត្តលើអនុស្សារណៈយោគយល់គ្នាចំនួន ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាដើម។ 
 


ផ្អែកលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ជាអំណោយផលល្អដល់ការជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ វិស័យអប់រំជាដើម សម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក បានយ៉ាងល្អប្រសើរ។នេះបើតាមលោក សំហេង។
 
ដោយឡែកការបើកឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ទៅធ្វើការនៅប្រទេសថៃ ពិតជាបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរ ទទួលបាននូវវឌ្ឍភាពជាច្រើន តាមរយៈការទទួលបានប្រាក់ចំណូល និងបទពិសោធន៍ការងារ រួមទាំងជំនាញ ចំណេះដឹងផ្សេងៗផងដែរ។ រដ្ឋមន្រ្តីការងារកម្ពុជា បានបន្ថែមដូច្នេះ។
 
ក្រសួងការងារ បានស្រង់សម្ដីលោក អ៊ិត សំហេង សរសេរលើហ្វេសប៊ុកដូច្នេះ៖« នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ។ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេបានទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់»។
 
រដ្ឋមន្រ្តីក្រសួងការងារ ក៏បានស្នើឱ្យភាគីថៃ បន្តពិនិត្យមើល និងយកចិត្តទុកដាក់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនដល់ពលករកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ពួកគេក្នុងការស្នាក់នៅ និងបំពេញការងារនៅប្រទេសថៃ ។ លោក បានបន្ថែមថា ពលករកម្ពុជា ជាកម្លាំងបំពេញឱ្យតម្រូវការទីផ្សារការងាររបស់ថៃ ដោយទទួលបានប្រាក់ចំណូលខ្ពស់ ,ជំនាញបន្ថែម និងជំរុញលំហូរហិរញ្ញវត្ថុចាក់បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជាផងដែរ។
 
កន្លងមកភាគីថៃដែលជួយផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសថៃ ជាពិសេសបានបង្កើតវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ សម្រាប់បណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមកម្ពុជា ក្នុងការប្រកបវិជ្ជាជីវៈទៀតផង។
 
ភាគីកម្ពុជាបានដាក់សំណើរទៅភាគីថៃ ស្នើសុំការបណ្តុះបណ្តាលលើមុខជំនាញចំនួន ៦ រួមមាន៖ ១. ជំនាញវិស្វកម្មអេឡិចត្រូនិក, ២. សំណង់ស៊ីវិល, ៣. គ្រឿងយន្ត (Automotive), ៤. បរិក្ខារត្រជាក់, ៥. ព័ត៌មានវិទ្យា, និង ៦. វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកការិយាល័យ។ នេះបើតាមលោក អ៊ិត សំហេង។
 
«ភាគីកម្ពុជាសង្ឃឹមថា បន្ទាប់ពីទទួលបានសំណើនេះ ភាគីថៃនិងផ្តល់ជូនវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញ កម្ពុជា-ថៃ ពូនភ្នំ តាមសំណើនេះនិងបន្តទទួលបានកិច្ចសហប្រតិបត្តិការពីភាគីថៃលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្តទៀត ហើយនឹងបង្កើតឱ្យមានកម្មវិធីរួមគ្នាជាច្រើនទៀត ដូចការរៀបចំវេទិការការងាររវាងកម្ពុជា ថៃជាដើម»។ នេះបើតាមក្រសួងការងារ។
 
កន្លងមកភាគីទាំងពីរក៏បានឯកភាពគ្នា ពិនិត្យមើលលើការប្រើប្រាស់ប្រព័ន្ធធនាគា ក្នុងការផ្ញើប្រាក់ជូនក្រុមគ្រួសារនៅស្រុក ដើម្បីជួយកាត់បន្ថយហានិភ័យនានា និងងាយស្រួលដល់ការគ្រប់គ្រងផងដែរ៕
 

Tag:
 អ៊ិត សំហេង
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com