កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ទទួលស្គាល់ក្រុម See You Soon ជាសមាជិកផ្លូវការ
04, Aug 2023 , 8:29 am        
រូបភាព
ក្រុម See You Soon រូបពី Paragon Gaming
ក្រុម See You Soon រូបពី Paragon Gaming
សហព័ន្ធកីឡាអេឡិចត្រូនិក ទទួលស្គាល់ក្រុម See You Soon ជាសមាជិករបស់ខ្លួន ដែលកន្លងមកក្រុមនេះ ត្រូវបានគេដឹងថាជាក្រុម ប្រកួតលើវិញ្ញាសា Mobile Legend Bang Bang។ លោក សំ សុផាន់នី ស្ថាបនិកក្រុម See You Soon (SYS) បានបញ្ជាក់ថាក្រុមខ្លួន កាន់តែមានទំនុបចិត្តខ្ពស់ក្នុងការប្រកួតប្រជែងជាមួយក្រុមក្នុងស្រុក និងអន្ដរជាតិ ក្រោយការទទួលស្គាល់ពីសហព័ន្ធ។



យោងទៅលើការផ្សាយរប​ស់សហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា នាថ្ងៃទី៣ ខែសីហា លោក ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធ បានទទួលស្គាល់ក្រុម SYS ជាសមាជិកជាផ្លូវការ។ ជាមួយនិងការចេញសេចក្ដីដំណឹងនេះដែរ សហព័ន្ធ ណែនាំខ្លះទៅដល់ក្រុមនេះ ក៏ដូចជាក្រុមកីឡាអេឡិចត្រូនិច ដែលជាសមាជិកទាំងអស់ ឲ្យប្រកាន់ខ្ជាប់នៅក្រមសីលធម៌ ក្នុងនាមជាកីឡា-កីឡាការិនីអាជីព ជាពិសេសគឺការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយអន្ដរជាតិ។
 
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចេញសេចក្ដីណែនាំ មិនឲ្យក្រុមទាំងអស់ បង្ករជាសកម្មភាពប្រមូលផ្ដុំក្មេងទំនើង, មិនត្រូវគេចម៉ោងសិក្សា, មិនលេងល្បែងស៊ីសង ភ្នាលគ្នា, មិនត្រូវប្រើប្រាស់គ្រឿងញៀន និងជួញដូផ្លូវភេទ ជាពិសេស មិនត្រូវបង្ករជាបញ្ហាដល់គ្រួសារ និងសង្គមជាតិ។
 
ជាមួយគ្នានេះ លោក សំ សុផាន់នី ស្ថាបនិក​ SYS ដែលត្រូវបានគេស្គាល់ថាជាតួអង្គ Paragon ក្នុងវិញ្ញាសា Mobile Legend Bang Bang បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ក្រុម SYS មានភាពកក់ក្ដៅ ដោយបានចូលជាសមាជិករបស់សហព័ន្ធ ព្រោះរាល់ពេលមានបញ្ហា ឬកិច្ចការប្រកួតអន្ដរជាតិ សហព័ន្ធ នឹងដើរតួរជាអាណាព្យាបាល ក្នុងការដោះស្រាយ ឬផ្ដល់អនុសាសន៍។
 
ស្ថាបនិករូបនេះ បានបង្ហាញពីជំនឿចិត្តថា ក្រុមរបស់ខ្លួន នឹងអាចប្រកួតប្រជែងជាមួយក្រុម ក្នុងស្រុក និងក្រៅស្រុកបាន ព្រោះពួកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសាងស្នារដៃ។ «ពួកខ្ញ៉ំតែងតែមានទំនុចចិត្តខ្ពស់ក្នុងការប្រកួតប្រជែងមិនថាក្នុងស្រុក ឬក្រៅស្រុកពួកយើងត្រៀមខ្លួចរួចជាស្រេច។»។ លោក សុផាន់នី ប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រុម SYS មានសមាជិក ចំនួន១២នាក់។ ក្រុមនេះ ចាប់បង្កើតដំបូង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ប៉ុន្ដែទើបត្រូវបានសហព័ន្ធ ទទួលស្គាល់នៅ ឆ្នាំ២០២៣នេះ៕
 

Tag:
 កីឡាអេឡិចត្រូនិក
  See You Soon
  Paragon
© រក្សាសិទ្ធិដោយ thmeythmey.com