ជាតិ
គោលការណ៍ហូបបាយរបស់ ACU ៖ ចេញលុយស្មើគ្នាតាមបែបរុស្ស៊ី ឬអ្នកមានឋានៈធំជាងគេចេញលុយ
04, Aug 2023 , 12:19 pm        
រូបភាព
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ រូបថត ACU
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ រូបថត ACU
ដោយ: រួបរួម
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងពីបញ្ញត្តិផ្ទៃក្នុងរបស់ខ្លួនសម្រាប់អ្នកដែលប្រឡងជាប់ជាមន្ត្រីរាជការនៃ អ.ប.ព. (ACU) ជាពិសេសគោលការណ៍ក្នុងការហូបបាយជាមួយសហការី។



ការហូបបាយជាមួយសហការី មានជម្រើសពីរដែលត្រូវអនុវត្ត មួយគឺគោលការណ៍ «បាយរុស្ស៊ី» ដោយត្រូវចេញលុយស្មើគ្នា រីឯមួយទៀត អ្នកមានឋានៈធំជាងគេជាអ្នកចេញលុយ។ ចំណុចទីពីរនេះ ត្រូវបានកំណត់ថា គោលការណ៍ «បាយ អ.ប.ព.»។

ជាមួយគ្នានេះ មុនចេញទៅទទួលទានអាហារខាងក្រៅ ក្រៅពីរង្វង់គ្រួសារ មន្ត្រីរាជការនៃអ.ប.ព. ត្រូវសុំការអនុញ្ញាតជាមុនសិន។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងពីបញ្ញត្តិផ្ទៃក្នុងទាំងនេះ ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី៤ ខែសីហា ស្តីពីការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២៣ ដែលមាន៣៣កន្លែង។

បេក្ខជនដែលមានសញ្ញាបត្របណ្ឌិត ត្រូវបានលើកលែងលក្ខខណ្ឌអាយុ តែត្រូវបានកំណត់ច្រើនបំផុត៤០ឆ្នាំសម្រាប់អ្នកមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់, ៣៥ឆ្នាំសម្រាប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ, ២៨ឆ្នាំសម្រាប់បរិញ្ញាបត្ររង, ២៥ឆ្នាំសម្រាប់សញ្ញាបត្រមធ្យមសិក្សាទុយតិយភូមិ ឬកម្រិតសិក្សាទាបជាងនេះ។

ជាមួយនឹងការបញ្ជាក់ពីលក្ខខណ្ឌផ្សេងៗ ទាក់ទងនឹងការដាក់ពាក្យសុំសិទ្ធប្រឡងពីថ្ងៃទី៧ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា លោក ឱម យ៉ិនទៀង បានប្រាប់ពីគោលការណ៍ដ៏តឹងរ៉ឺង សម្រាប់អ្នកដែលមានឱកាសជាប់ជាមន្ត្រីរបស់អង្គភាព។

គោលការណ៍ហូបបាយជាចំណុចមួយប៉ុណ្ណោះ បន្ថែមពីលើនេះ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវគោរពអនុវត្តតាមបញ្ញាត្តិផ្ទៃក្នុងជាច្រើនទៀត ដូចជា ស្ម័គ្រចិត្តទទួលការពិនិត្យដោយឧបករណ៍ប៉ូលីក្រាហ្វ (Polygraph) ដើម្បីវាស់ស្ទង់ចម្លើយភូតកុហក និងធ្វើតេស្តរកសារធាតុញៀនប្រចាំឆ្នាំ និងតាមការកំណត់របស់អង្គភាព។

ជាមន្ត្រី ACU អំណោយដែលមានតម្លៃលើសពី១០ម៉ឺនរៀល មិនត្រូវបានអនុញ្ញាតឱ្យទទួលឡើយ ហើយរាល់ការទទួលអំណោយត្រូវបានរបាយការណ៍។ ការសម្ងាត់វិជ្ជាជីវៈ ត្រូវអនុវត្តនៅពេលបំពេញមុខងារ រួមទាំងក្រោយពេលលាឈប់ ត្រូវបានបញ្ឈប់ពីអង្គភាព ឬត្រូវចូលនិវត្តន៍។

មន្ត្រីទាំងអស់ក្រោមឱវាទរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ត្រូវបានណែនាំឱ្យខិតខំការពារ ថែរក្សាទ្រព្យសម្បត្តិរបស់អង្គភាព និងខិតខំបំពេញភារកិច្ចរបស់អង្គភាពប្រគល់ជូន ហើយគ្រប់ទំនាក់ទំនង (ទូរសព្ទ ជាដើម) ត្រូវកាត់ផ្តាច់ ក្នុងពេលចូលរួមប្រតិបត្តិការរហូតដល់ចប់បេសកកម្ម៕




© រក្សាសិទ្ធិដោយ thmeythmey.com