កីឡាជាតិ
ជាតិ
ឡើងតំណែងជានាយកមជ្ឈមណ្ឌលកីឡាទ័ព លោក ខូវ ឆាយ ប្ដេជ្ញាបង្កើនធនធានអត្តពលិក
05, Aug 2023 , 7:59 am        
រូបភាព
ឡើងតំណែងថ្មី ជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ លោក ខូវ ឆាយ ប្ដេជ្ញាធ្វើកំណែរទម្រង់ការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធអង្គភាពឲ្យមានប្រសិទ្ធភាពប្រសើឡើង។ អគ្គលេខាធិការក្លិបាល់ទាត់ Tiffy Army FCរូបនេះ ក៏នឹងមានគោលដៅបង្កើតធនធានកីឡាករ-កីឡាការិនី ដើម្បីដណ្ដើមយកមេដាយឲ្យបានច្រើន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

 
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក ខូវ​ ឆាយ ពីនាយករង ទៅនាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ជំនួសលោក តែម ម៉ឺន។ លោក ខូវ ឆាយ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ដើម្បីបំពេញកិច្ចការថ្មី ដែលថ្នាក់ដឹកនាំជាតិដាក់ឲ្យនេះ រូបលោក ប្ដេជ្ញានឹងពង្រឹងវិស័យកីឡាកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែខ្លាំង។ ក្នុងនោះរាប់បញ្ចូលទាំង ការគ្រប់គ្រងលើអង្គភាពកីឡានីមួយៗ ឲ្យកាន់តែមានប្រសិទ្ធភាព និងពង្រឹងហេដ្ឋារចនារសម្ព័ន្ធ ក្នុងមជ្ឈមណ្ឌលកីឡា ដើម្បីឲ្យធនធានកីឡាករ-កីឡាការិនី កាន់តែមានសមត្ថភាព ប្រកួតប្រជែងជាមួយអន្ដរជាតិ ជាពិសេសការដាក់គោលដៅសម្រាប់ប្រកួតព្រឹតិ្តការណ៍ស៊ីហ្គេម ឆ្នាំ២០២៥។
  
លោក ខូវ ឆាយ ឈរពាក់អាវខៀវ ពីខាងក្រៅ រូបពីហ្វេសប៊ុក Khov Chhay

«ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំថ្មីនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ខ្ញុំប្តេជ្ញានឹងធ្វើកំណែទម្រង់ការគ្រប់គ្រងក្នុងអង្គភាពឲ្យកាន់តែមានប្រសិទ្ធិភាព និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលឲ្យកាន់តែល្អប្រសើរ ព្រមទាំងពង្រឹងបន្ថែម ការដឹកនាំកីឡាកងយោធពលខេមរភូមិន្ទទាំងមូល ឲ្យកាន់តែរីកចម្រើន និងខ្លាំងក្លាដើម្បីដណ្តើមយកមេដាយកាន់តែច្រើនជូនក្រសួងការពារជាតិ និងចូលរួមជាមួយជម្រើសជាតិដណ្តើមមេដាយស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ។»។ លោក ខូវ ឆាយ បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា លោក ខូវ ឆាយ ត្រូវបានតែងតាំងជានាយកនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៣១ ខែកក្កដា ដោយសម្ដេច ហ៊ុន សែន៕
 

Tag:
 ខូវ ឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com