ជាតិ
សេដ្ឋកិច្ច
កម្ពុជា បន្តសុំអាម៉េរិកឱ្យអនុវត្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP
05, Aug 2023 , 10:39 am        
រូបភាព
លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាម៉េរិក ឱ្យបន្តអនុវត្តនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP។ រូបថត៖ ក្រសួងពាណិជ្ជកម្ម
លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាម៉េរិក ឱ្យបន្តអនុវត្តនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP។ រូបថត៖ ក្រសួងពាណិជ្ជកម្ម
កម្ពុជាបន្តសុំអាម៉េរិកផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅGSP ឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម បន្ទាប់​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ ​បាន​អស់​សុពលភាព​តាំង​ពី​ដើម​ឆ្នាំ​២០២១​មក។

 
ការស្នើសុំនេះត្រូវបាន​លើកឡើងដោយលោក​ ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជក​ម្ មក្នុងជំនួបពិភាក្សា​ការងារជាមួយលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាម៉េរិក​នៅស្តីទីការក្រសួងនាថ្ងៃទី២សីហា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
 
ក្រសួងបានបញ្ជាក់ថា៖« លោក ប៉ាន សូរស័ក្ត បានស្នើសុំឱ្យសភាអាម៉េរិកបន្តឡើងវិញនូវប្រព័ន្ធ GSP របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម។​ ការបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាម៉េរិកឲ្យកម្ពុជាឡើងវិញ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិក»។
 
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់អាម៉េរិក បានអស់សុពលភាពតាំងពីដំណាច់ឆ្នាំ២០២០ មកទល់បច្ចុប្បន្ន ប្រព័ន្ធនេះ​សភាអាម៉េរិកមិនបានអនុម័តបន្តឡើយ។ ជុំវិញបញ្ហានេះ ភាគីកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត ធ្លាប់ស្នើភាគីអាម៉េរិម្តងហើយម្តងទៀត ដើម្បីឱ្យបន្តផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធនេះឡើងវិញ ប៉ុន្តែសិទ្ធិសម្រេច គឺស្ថិតនៅលើសភាអាម៉េរិក។
 
ដ្បិត កម្ពុជាសព្វថ្ងៃមានមិននប្រព័ន្ធអនុគ្រោះទូទៅGSPរបស់អាម៉េរិកក៏ពិតមែន ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំង នៅតែមានការកើនឡើងគួរឲ្យកត់សម្គាល់។  យោងតាមរបាយការណ៍របស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២២ កម្ពុជា-អាម៉េរិកសម្រេចទំហំពាណិជ្ជកម្មរួមគ្នាបាន៩ ២៨១​លាន​ដុល្លារ កើនឡើង ១៨,៦​ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១។ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់​៨ ៩៦៩លាន​ដុល្លារ កើនឡើង១៩,៧ ​ភាគរយ និង​នាំចូល​មាន​ចំនួន​ជាង ៣១២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,១ ​ភាគរយ​។
 
ជាមួយគ្នានេះ កម្ពុជាក៏បានធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួនផងដែរ ដោយកម្ពុជាបានបើកទីផ្សារសេរីជាមួយចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(CCFTA) ជាមួយកូរ៉េខាងត្បូង(CKFTA)​ ​និង​​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ជាដើម។
 
គួរជម្រាបថា ប្រព័ន្ធអនុគ្រោះពន្ធ GSP ​(Generalized System of Preferences)​ របស់អាម៉េរិកដែលកម្ពុជាទទួលបានកន្លងមក គឺបានតែលើការនាំចេញកាបូបធ្វើដំណើររបស់កម្ពុជាប៉ុណ្ណោះ​ ខណៈការនាំចេញសំលៀកបំពាក់ និងស្បែកជើង គឺធ្វើឡើងតាមរយៈការបង់ពន្ធ ដោយគិតតាមគោលការណ៍ MFN។ MFN គឺ​សំដៅលើ​ប្រទេស​ដែល​គួរ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​បំផុត​។ MFN ជា​ប្រភេទ​នៃ​ការអនុគ្រោះ​ពន្ធ​មួយ​ផ្តល់ឱ្យ​ប្រទេស ដែល​គេ​មើលឃើញថា គួរតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​បំផុត​។ ប្រទេស​ទាំងនោះ គឺជា​ប្រទេស​ក្រីក្រ សេដ្ឋកិច្ច មិនមាន​សក្តានុពល​ខ្លាំងក្លា និង មានការ​រីកចម្រើន​តិចតួច​៕
 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com