ជាតិ
អាជ្ញាធរកំពង់ស្ពឺប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ក្រោយបើកទ្វាររំដោះទឹកចំនួន​៣នៅស្រុកឱរ៉ាល់
05, Aug 2023 , 10:52 am        
រូបភាព
ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោតត្រូវបង្កើនការប្រុងប្រយ័ត្ន ក្រោយមន្ត្រីជំនាញខេត្តកំពង់ស្ពឺសម្រេចបើកទ្វាររំដោះទឹកចំនួន​៣នៅស្រុកឱរ៉ាល់។ បើតាមលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ការសម្រេ​ចបើកទ្វារទឹកនេះក៏ព្រោះតែភ្លៀងបានធ្វើឱ្យកម្រិតទឹកនៅស្ថានីយ៍អាងទំនប់តាសាល​ឡើងដល់កម្រិតប្រកាសអាសន្ន។​



ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតំបន់ខាងលើគឺមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបណ្តាលឱ្យកម្រិតកម្ពស់ទឹកនៅស្ថានីយ៍អាងទឹកទំនប់តាសាល ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ មានកម្ពស់ខ្ពស់ជាងខ្នងទំនប់បង្ហៀរ។​ នេះជាការលើកឡើងរបស់លោក​ វី​ សំណាង ដោយបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាព្រឹកថ្ងៃទី៥សីហានេះ ថា៖ « ទឹកភ្លៀងទាំងនោះ​បានហូរចាក់ចូលដល់ផ្ទៃរងទឹកភ្លៀង ដល់កម្រិតប្រកាសអាសន្ន។​ យើងសម្រេចបើកទ្វារទឹក ដើម្បីបង្ការនូវហានិភ័យនានា ដូចជាការបាក់ទំនប់ក  និងការជន់លិចជាដើម...»។​
 
ម្សិលមិញ  រដ្ឋបាលស្រុកឱរ៉ាល់ប្រកាសថា ផ្លូវជាតិ៤៤​ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ដល់ភូមិតាំងបំពង់ ឃុំតាសាល មានការជន់លិចដោយជំនន់ទឹកភ្លៀងដោយកន្លែង។ ដូចជា នៅចំណុចស្ពានអូរអញ្ចា អូរស្រីចាំ និងស្ពានតាបំពង់។  ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ អាជ្ញាធរស្រុកឱរ៉ាល់​ ក៏បានផ្អាកការធ្វើចរាចរឆ្លងកាត់កំណាត់ផ្លូវនេះបណ្តោះអាសន្ន ចំពោះរថយន្តគ្រប់ប្រភេទ។ 
 
ជាមួយគ្នានេះ អាជ្ញាធរស្រុកឱរ៉ាល់ក៏បានអំពាវនាវដលើពលរដ្ឋរស់នៅប៉ែកខាងក្រោមទំនប់តាសាល និងតាមបណ្តោយដងស្ទឹងព្រែកត្នោតឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ផងដែរ៕ 
 

Tag:
 ជំនន់ទឹកភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com