កីឡាជាតិ
ជាតិ
ព្រៃវែង ស្វាគមន៍ក្រុមចាស់វស្សា ណាហ្គាវើលដ៍ ខណៈវិសាខា ទទួលគិរីវង់សុខសែនជ័យ ក្នុងជំនួបបើកឆាក CPL
05, Aug 2023 , 2:39 pm        
រូបភាព
កីឡាករ ដំណាងក្រុមទាំង១០ ក្នុងក្របខ័ណ្ឌ Cambodian Premier League រូបពី CPL
កីឡាករ ដំណាងក្រុមទាំង១០ ក្នុងក្របខ័ណ្ឌ Cambodian Premier League រូបពី CPL
ការប្រកួតលីគកីឡាបាល់ទាត់កំពូលកម្ពុជា (Cambodian Premier League ឬ CPL) នឹងត្រូវចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ ជំនួបបើកឆាក ព្រៃវែង ត្រូវប៉ះ ណាហ្គាវើលដ៍ នាម៉ោង ៣:៤៥នាទី នៅកីឡដ្ឋានខេត្តព្រៃវែង ចំណែកនៅកីឡដ្ឋានព្រីនស៍ ម្ចាស់ផ្ទះ វិសាខា ត្រូវទទួល ក្រុមភ្ញៀវ គិរីវង់សុខសែនជ័យ នៅម៉ោង ៦:០០ល្ងាច។

ក្លិបព្រៃវែង ទើបឡើងពីលីគ២ មកកាន់ Cambodian Premier League ត្រូវជួបជាមួយគូប្រកួតខ្លាំង គឺណាហ្គាវើលដ៍ ដែលមានបទពិសោធន៍ចាស់វស្សា និងធ្លាប់ជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល។ តើព្រៃវែង អាចរកជ័យជម្នះ ឬក៏អាចស្វែងរកលទ្ធផល ដែលប្រសើរសម្រាប់ការប្រកួតដំបូងរបស់ពួកគេទេ?
 
ក្នុងថ្ងៃជាមួយគ្នានេះ នាវេលាម៉ោង ៦:០០ល្ងាច វិសាខា ត្រូវបើកទ្វាកីឡដ្ឋានព្រីនស៍ ទទួល គិរីវង់សុខសែនជ័យ។ រវាងរវាងក្រុមទាំងពីរ តើក្រុមណា អាចរកបានជ័យជម្នះ ឬក៏ត្រូវចែកពិន្ទុគ្នា?
 
លុះចូលមកដល់ថ្ងៃទី៦ ខែសីហា ម៉ោង ៦:០០ល្ងាច ការប្រកួត ៣ព្រមគ្នា គឺក្លិបទ័ព ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្ដាតចាស់, ភ្នំពេញក្រោន ជួបជាមួយ បឹងកេត នៅកីឡដ្ឋាន Smart R.S.N ហើយចំណែក អាយ អេស អាយ ដង្កោសែនជ័យ ស្វាគមន៍ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន AIA KMH Park។
 
ការប្រកួត Cambodian Premier League  នឹងកាន់តែចាប់អារម្មណ៍លើសពីរដូវកាលមុន ដោយសារតែចំនួនមានចំនួនក្រុមចូលរួមដល់១០ក្រុម ហើយការប្រកួតកើនឡើងដល់ទៅ ១៤១ប្រកួត និងកូតាកីឡាករបរទេស កើនដល់៦រូប។ កូតាកីឡាករបរទេស​ ក្លិបក្របខណ្ឌលីគកំពូលនីមួយៗ អាចចុះឈ្មោះកីឡាករបរទេស​​ បានចំនួន ៦នាក់ ដោយក្នុងនោះ រាប់បញ្ចូលកីឡាករក្នុងតំបន់អាស៊ានម្នាក់។ ប្រសិនជាមិនចុះឈ្មោះកីឡាករអាស៊ានទេ ក្លិប អាចដាក់កីឡាករបរទេស បានតែ៤រូបប៉ុណ្ណោះ ក្នុងទីលានប្រកួត ដោយក្នុងនោះ មានម្នាក់ជាកីឡាករក្នុងតំបន់អាស៊ី។ ប៉ុន្ដែប្រសិនជា ក្លិប មានកីឡាករអាស៊ាន ក្លិប អាចដាក់សមាសភាពកីឡាករ បរទេស៥រូបក្នុងទីលាន (រាប់បញ្ចូល ម្នាក់ជាកីឡាករអាស៊ាន)។ 
 
ក្រុមទាំង១០ រួមមាន បឹងកេត, ភ្នំពេញក្រោន, ព្រះខ័ន្ធរាជ ស្វាយរៀង, វិសាខា, អង្គរថាយហ្គឺ, កងយោធពលខេមរភូមិន្ទ, អាយ អេស អាយ ដង្កោសែនជ័យ, ណាហ្គាវើលដ៍, គិរីវង់សុខសែនជ័យ និងព្រៃវែង។ ដោយឡែក ចំណោមក្លិបទាំង១០ មានចំនួនកីឡាករបរទេស ៥៨នាក់ ក្នុងនោះ កីឡាករជប៉ុន ១៨រូប និងប្រេស៊ីល ១១រូប ដែលជាចំនួនច្រើនជាងគេ។ ព្រៃវែង និងបឹងកេត មានកីឡាករបរទេសតិចជាងគេ ចំនួនត្រឹម៥នាក់ ក្រៅពីនោះមាន៦នាក់ដូចគ្នា៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com