រដ្ឋាភិបាល សម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ«នគរភ្នំឈើកាច់បាភ្នំ» ដែលមានផ្ទៃដីសរុប១២៥,២៧៧៥ហិតកា(មួយរយម្ភៃប្រាំហិចតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា)នាថ្ងៃទី៣សីហា ឆ្នាំ២០២៣។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីការពារ ថែរក្សានគរូបនីយកម្ម និងទីតាំងប្រវត្តិសាស្រ្តអតីតសម័យហ្វូណន«នគរភ្នំ» ដែលជាទឹកដីដំបូងបង្អស់របស់កម្ពុជា។
ក្រៅពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ«នគរភ្នំឈើកាច់បាភ្នំ»ហើយនោះ រដ្ឋក៏បានកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវតិ្តសាស្ត្រ ក្នុងតំបន់នេះចំនួន៩ទីតាំង ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច និងឃុំរោងដំរី ខេត្តព្រៃវែង ផងដែរ។
អនុក្រឹត្យស្តីពី«ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំលើកាច់បាភ្នំ » បានបង្ហាញថា តំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រទាំង៩នោះមាន ១៖ ភ្នំបាភ្នំ មានផ្ទៃដី ១០១,៤១១៩ហិកតា(មួយរយមួយហិកតា សែសិបមួយអាដប់ប្រាំបួនសង់ទីអា)។ ២៖ ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា(ហុកសិបបីអាប៉ែតសិបប្រាំសង់ទីអា), ៣៖ វត្តវិហារគុហ៍ មានផ្ទៃដី១,៣៦៤២ហិកតា (មួយហិកតាសាមសិបប្រាំមួយអាសែសិបពីរអាទីអា)។
៤៖ វត្តវិហារធំ មានផ្ទៃដី ៣,១៤៥១ហិកតា(បីហិកតាដប់បួនអាហាសិបមួយសង់ទីអា), ៥៖ ព្រះបិទបាយ មានផ្ទៃដី ៨,០៦០៧ហិកតា(ប្រាំបីហិកតាប្រាំមួយអាប្រាំពីរសង់ទីអា), ៦៖ អ្នកតាមេសរ មានផ្ទៃដី០,៧៨១២ហិកតា(ចិតសិបប្រាំបីអាដប់ពីរសង់ទីអា), ៧៖ ស្រះស្រង់ មានផ្ទៃដី ១,៥៨១៦ហិកតា(មួយហិកតាហាសិបប្រាំបីអាដប់ប្រាំមួយសង់ទីអា), ៨៖ ភ្នំវត្តកំពូលភ្នំឈើកាច មានផ្ទៃដី២,៥២៦៤ហិកតា(ពីរហិកតាហាសិបពីរអា ហុកសិបបួនសង់ទីអា) និង៩៖ ជាមណ្ឌលមុនីស្ថានតាបសភ្នំតូច មានផ្ទៃដី៥,៧៦៧៩ហិកតា(ប្រាំហិកតាចិតសិបប្រាំមួយអាចិចសិបប្រាំបួនសង់ទីអា)។
រដ្ឋាភិបាលសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំលើកាច់បាភ្នំ» ក្នុងគោលដៅការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ធម្មជាតិ និងទីតាំងប្រវត្តិសាស្រ្តអតីតសម័យហ្វូណន«នគរភ្នំ» ដែលជាទឹកដីដំបូងបង្អស់របស់កម្ពុជា និងការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់គ្រប់ជំនាន់។
តំបន់បេតិកភណ្ឌធម្មជាតិនេះ ក៏ជួយការពារនូវសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ ដែលគ្រប់សកម្មភាពទាំងនេះ មិនបង្កការគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។
លើសពីនេះការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំលើកាច់បាភ្នំ» ក៏ដើម្បីផ្តល់សេវាធម្មជាតិ និងបេតិកភណ្ឌសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជា សាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការថែរក្សា ការការពារ និងការអភិវឌ្ឍជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។
ចំពោះកិច្ចការងារនេះក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសមត្ថកិច្ចរៀបចំ គ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានមន្ទីរបរិស្ថាន និងមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ជាលេខាធិការដ្ឋាន។ ក្រុមការងារអចិន្ត្រៃយ៍មានតួនាទីដឹកនាំ ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំលើកាចបាភ្នំ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធនមាន៕