សេដ្ឋកិច្ច
អន្តរជាតិ
រថយន្តអគ្គិសនី នៅប្រទេសចិន មាន៥៣ភាគរយ នៃទូទាំងពិភពលោក
05, Aug 2023 , 10:19 pm        
រូបភាព
រថយន្តក្រុងប្រើប្រាស់ដោយថាមពលអគ្គីសនីរបស់ក្រុមហ៊ុន​ BYD ។ រូបភាព Xinhua ។
រថយន្តក្រុងប្រើប្រាស់ដោយថាមពលអគ្គីសនីរបស់ក្រុមហ៊ុន​ BYD ។ រូបភាព Xinhua ។
នៅឆ្នាំ ២០២២ ចំនួនរថយន្តដែលប្រើអគ្គិសនី និងកូនកាត់ទាំងអស់ (ទាំងសាំង និងអគ្គិសនី) នៅលើដងវិថីនៅប្រទេសចិនមានចំនួន ៥៣ភាគរយ នៃចំនួនរថយន្តអគ្គិសនីសរុបទូទាំងពិភពលោក។ ការកើនឡើងនេះ ដោយសារតែចំណាយទាប និងការគាំទ្រពីរដ្ឋាភិបាលចិន សម្រាប់ប្រើប្រាស់រថយន្តអគ្គិសនី។ 

បើតាមការវិភាគដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពលព្រះអាទិត្យ និងអ៊ីដ្រូសែន Baden-Wuerttemberg (ZWS) នៅថ្ងៃទី២ ខែសីហា ចំនួនរថយន្តអគ្គិសនី និងរថយន្តកូនកាត់(ដែលប្រើទាំងសាំង និងអគ្គិសនី) ដែលកំពុងចរាចរនៅតាមដងផ្លូវរបស់ចិន មានរហូតដល់ ៥៣ភាគរយនៃយានយន្តសរុបប្រភេទនេះនៅទូទាំងពិភពលោក។
 
ក្នុងអំឡុងពេលដូចគ្នានេះ ចំនួនរថយន្តអគ្គិសនីនៅចិនបានកើនឡើងដល់ ១៤,៦លានគ្រឿង។ ​អាម៉េរិកបានចំណាត់ថ្នាក់លេខ២ ដែលមានរថយន្តអគ្គិសនីសរុបចំនួន៣,៤លានគ្រឿង ខណៈដែល​អាល្លឺម៉ង់បានជាប់ចំណាត់​ថ្នាក់​លេខ៣ ដោយ​មាន​ចំនួន ១,៨ លាន​គ្រឿង។
 
នៅឆ្នាំ២០២២ ចំនួនរថយន្តអគ្គិសនីថ្មីដែលបានចុះបញ្ជីនៅចិនកើនឡើងទ្វេដងដល់ ៦,៥លានគ្រឿង ដែលជាកំណើនខ្ពស់បំផុតនៃទីផ្សារសរុប ដែលស្មើនឹង ៦០ភាគរយនៃការចុះបញ្ជីសកល។ ហេតុផលសម្រាប់កំណើនយ៉ាងឆាប់រហ័សនេះ ដោយសារតែការចំណាយទាប និងគោលនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនី។
 
បើតាមការវិភាគ ម៉ាកយីហោចិនពីរប្រភេទ ស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំងបី ក្នុងតារាងចំណាត់ថ្នាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីពិភពលោក ទាក់ទងនឹងការចុះបញ្ជីរថយន្តអគ្គិសនីថ្មី។ ក្នុងនោះក្រុមហ៊ុន BYD ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានយានយន្តជិត ១,៨លានគ្រឿង និងក្រុមហ៊ុន SAIC ជាប់ចំណាត់ថ្នាក់លេខ៤ ដែលមានយានយន្តជិត ១,១៨លានគ្រឿង។
 
ចំណែកក្រុមហ៊ុនផលិតរថយន្តអាម៉េរិក Tesla ស្ថិតនៅលំដាប់ទី២ ដែលមានរថយន្តជាង ១,៣លានគ្រឿង ខណៈ Volkswagen របស់អាល្លឺម៉ង់ស្ថិតនៅលំដាប់ទី៤ ជាមួយនឹងការចុះបញ្ជីថ្មីចំនួនជាង៨០ម៉ឺនគ្រឿង៕ 
 
 

Tag:
 រថយន្តអគ្កិសនី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com