កីឡាជាតិ
ជាតិ
ឪពុក Messi តូច ឱ្យកូនចាប់យកឱកាសលេងបាល់ និងការសិក្សា
06, Aug 2023 , 7:59 am        
រូបភាព
ឪពុក Messi Touch ឈរមើលកូនប្រុសហ្វឹកហាត់បាល់ទាត់
ឪពុក Messi Touch ឈរមើលកូនប្រុសហ្វឹកហាត់បាល់ទាត់
ដោយ:
សៀមរាប៖ លោក លួន ប្រុស ឪពុកកុមារា លួន បញ្ញា បង្ហាញអារម្មណ៍សប្បាយរីករាយពេលឃើញកូនប្រុសមានទេពកោសល្យលេងបាល់ទាត់បានល្អ ហើយត្រូវបានគេដាក់រហស្សនាមថា«Messi Touch» ប្រដូចទៅនឹងកីឡាករអាហ្សង់ទីន Leonel Messi។ តាមរយៈសមត្ថភាពបច្ចុប្បន្ន ឪពុកបញ្ញា ចង់ឃើញកូនប្រុសអាចបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកម្ពុជាថ្ងៃអនាគត។ លេងបាល់ផង រៀនផង លោក លួន ប្រុស ថាលទ្ធផលសិក្សារបស់បញ្ញានៅតែល្អដដែល ដ្បិតបានបែងចែកពេលច្បាស់លាស់។

ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ពីទឹកដីអង្គរ លោក លួន ប្រុស បង្ហាញទឹកមុខរីករាយ នៅពេលគិតដល់អនាគតកូនប្រុសដែលបច្ចុប្បន្នកំពុងមានប្រជាប្រិយភាពក្នុងវិស័យកីឡាបាល់ទាត់ទាំងនៅវ័យក្មេង។ ជាមួយនឹងទម្រង់លេងដ៏ល្អរហូតមានមហាជនមួយចំនួនដាក់រហស្សនាមថា«Messi Touch» លោក ប្រុស សប្បាយចិត្ត និងមានក្តីស្រមៃចង់ឱ្យកូនប្រុសប្រកអាជីពបាល់ទាត់ជាក្លិបបាល់ទាត់បឹងកេត និងជាប់ជម្រើសជាតិ។
 
«អារម្មណ៍របស់ខ្ញុំប្រសិនបើកូនមានសមត្ថភាពដល់ជាប់ជម្រើសជាតិ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ត»។ ឪពុកកុមារា លួន បញ្ញា និយាយដូច្នេះ មុនលោកបន្ថែមថាការដែលមានធនធានល្អក៏កាន់តែធ្វើឱ្យវិស័យកីឡាបាល់ទាត់នៅកម្ពុជាកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។
 
កុមារា លួន បញ្ញា កំពុងហ្វឹកហាត់

បន្ទាប់ពីឃើញកូនប្រុសចូលចិត្ត​ និងមានទេពកោសល្យក្នុងលេងបាល់ទាត់ លោក លួន ប្រុស ក៏បានយកកូនទៅចូលហ្វឹកហាត់នៅក្នុងក្លិបបាល់ទាត់ សៀមរាប យូណាយធីត។ «ខ្ញុំឃើញគាត់ចូលចិត្តលេងបាល់ទាត់នៅផ្ទះ ក្រោយមកខ្ញុំក៏យកគាត់ទៅហ្វឹកហាត់នៅឯក្លិបដើម្បីឱ្យគ្រូណែនាំបណ្តុះបណ្តាលគាត់បន្ថែមទៀត»។ បុរសវ័យ ៤១ឆ្នាំបន្ថែមដូច្នេះ។
 
ឆ្លើយនឹងសំណួរ ថាតើការលេងបាល់ទាត់ ប៉ះពាល់ដល់ការសិក្សា របស់ Messi Touch ដែរឬទេ? លោក លួន ប្រុស បញ្ជាក់ថាសម្រាប់ការលេងបាល់ទាត់មិនមានប៉ះពាល់ដល់ការសិក្សារបស់ បញ្ញា ឡើយ ព្រោះលោកបានបែងចែកពេលវេលាច្បាស់លាស់សម្រាប់ Messi Touch។
 «លេងបាល់ផង រៀនផង តែលទ្ធផលសិក្សារបស់គាត់គឺនៅតែល្អដដែល។ ពេលលេងបាល់ Messi Touch បានចែកដាច់ពីម៉ោងសិក្សា សម្រាប់ខ្ញុំធ្វើម៉េចឱ្យការលេងបាល់ និងការសិក្សាដើរទន្ទឹមគ្នាមិនបោះបង់មួយណាឡើយ»។ លោក លួន ប្រុស បញ្ជាក់៕
 
 

Tag:
 កីឡាបាល់ទាត់
 លួន ប្រុស
© រក្សាសិទ្ធិដោយ thmeythmey.com