កីឡាជាតិ
ជាតិ
លោក Akihiro Kato ដាក់គោលដៅនាំអង្គរថាយហ្គឺរក្លាយជាក្រុមខ្លាំងនៅអាស៊ីអាគ្នេយ៍
06, Aug 2023 , 1:59 pm        
រូបភាព
លោក Akihiro Kato (អាវស្លាទុំ) ប្រធានក្លិបអង្គរថាយហ្គឺរចុះពិនិត្យការហ្វឹកហាត់កូនក្រុម
លោក Akihiro Kato (អាវស្លាទុំ) ប្រធានក្លិបអង្គរថាយហ្គឺរចុះពិនិត្យការហ្វឹកហាត់កូនក្រុម
ដោយ:
សៀមរាប៖ លោក Akihiro Kato ម្ចាស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដាក់គោលដៅធំបំផុតឱ្យក្រុមមួយនេះជាក្រុមបាល់ទាត់មានកម្រិតខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកជំនួញជប៉ុនរូបនេះ ជឿជាក់យ៉ាងមុតមាំថារដូវកាលថ្មី២០២៣ អង្គរថាយហ្គឺរ នឹងទទួលបានលទ្ធផលប្រសើរជាងរដូវកាលមុន តាមរយៈវត្តមានកីឡាករបរទេសមកចូលរួមច្រើន និងបូករួមទាំងកីឡាករកម្ពុជាដែលមានសមត្ថភាព។

ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗពីទឹកដីអង្គរខេត្តសៀមរាប ប្រធានក្លិបអង្គរថាយហ្គឺរ អះអាងថារដូវកាលថ្មី២០២៣-២០២៤ នឹងក្លាយការប្រកួតប្រជែងខ្លាំងសម្រាប់ក្លិបអង្គរថាយហ្គឺរ ស្របពេលក្លិបបាននាំចូលកីឡាករចំណូលថ្មីពីបរទេសដែលមានគុណភាព។
 
លោក Akihiro Kato អ្នកជំនួញជនជាតិជប៉ុនទីមួយដែលមកបើកក្លិបបាល់ទាត់នៅប្រទេសកម្ពុជារំពឹងថាការសម្រេចចិត្តនាំចូលកីឡាករបរទេសច្រើនសម្រាប់រដូវកាលថ្មីនេះ នឹងជួយឱ្យក្លិបរបស់ខ្លួនកើនសមត្ថភាពប្រកួតប្រជែងមួយកម្រិតទៀតនៅក្នុងលីគកំពូលកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ។
 
៧ឆ្នាំក្នុងតំណែងជាម្ចាស់ក្លិបអង្គរថាយហ្គឺរ លោក Kato  និយាយថា៖«ជាគោលដៅធំបំផុតសម្រាប់អង្គរថាយហ្គឺរ គឺខ្ញុំចង់ឱ្យក្រុមមួយនេះមានកម្រិតខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍»។​ បុរសជនជាតិជប៉ុនរូបនេះបញ្ជាក់ពីមហិច្ឆតារបស់ខ្លួនក្រោយសម្រេចនាំចូលកីឡាបរទេសច្រើនមករួមរស់ជាមួយក្លិបអង្គរថាយហ្គឺរ។ លោក Akihiro Kato ក៏សង្ឃឹមថាអ្នកគាំទ្រអង្គរថាយហ្គឺរទាំងនៅខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗនិងបន្តលើកទឹកចិត្ត ជួយគាំទ្រក្លិបបន្តទៀត។
 
កីឡាករបរទេសនាំចូលថ្មី

ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុវិញសម្រាប់ប្រធានក្លិបបាល់ទាត់«Angkor Tiger» លើកឡើងថាមិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរនោះទេ ព្រោះលោកមានការគិតគូរ និងគ្រប់គ្រងហិរញ្ញវត្ថុបានច្បាស់លាស់។ «ចំពោះការនាំចូលកីឡាបរទេសច្រើន មិនមានអ្វីព្រួយបារម្ភនោះទេព្រោះខ្ញុំ និងក្រុមការងារមានការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានល្អ។ យើងមិនរំពឹងតែថវិការផ្ទាល់ខ្លួននោះទេ គឺពួកយើងបានទាញអ្នកវិនិយោគឱ្យមកចូលរួមជាមួយយើង អ៊ីចឹង! រឿងប្រា់មិនមានអ្វីត្រូវព្រួយបារម្ភនោះទេ»។
  
ការហ្វឹកហាត់របស់កីឡាករក្រុមអង្គរថាយហ្គឺរ

បុរសជនជាតិជប៉ុនវ័យ ៤២ឆ្នាំរូបនេះក៏រំពឹងថារដូវកាលថ្មីសម្រាប់អ្នកគាំទ្រអង្គរថាយហ្គឺរនឹងមានការកើនឡើងក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅកាលពីចុងឆ្នាំ២០២២។ «ឆ្នាំនេះយើងមានព្រលានយន្តហោះថ្មី កីឡដ្ឋានផ្ទាល់ខ្លួន ភ្ញៀវទេសចណរ៍មកកាន់ទឹកដីអង្គរច្រើនប្រជាជនមានចំណូលឡើងវិញ សម្រាប់ការគាំទ្របាល់ទាត់នៅខេត្តសៀមរាបផ្ទាល់អាចនឹងមានការកើនឡើងខ្ពស់»។
 
គួបញ្ជាក់ថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាននាំចូលកីឡាករបរទេសថ្មីចំនួន៦រូប ក្នុងនោះមានខ្សែប្រយុទ្ធស្លាបស្តាំសញ្ជាតិអេស្ប៉ាញ Victor Blasco ខ្សែបម្រើកណ្តាលជនជាតិជប៉ុន Shodia Nishikawa ខ្សែការពារ Pocholo Bugas របស់ហ្វីលីពីន ខ្សែការពារសញ្ជាតិអង់គ្លេស Ben Nugent ខ្សែប្រយុទ្ធសិង្ហបុរី Delwiner Sight និងខ្សែបម្រើ Alessandro Riggi មកពីកាណាដា៕
 
 
 
 

Tag:
 កីឡាបាល់ទាត់
  Akihiro Kato
© រក្សាសិទ្ធិដោយ thmeythmey.com