កីឡាជាតិ
ជាតិ
រើសអេតចាយផង សិក្សាផង និងហាត់គុនខ្មែរផង កុមារា ធឿន ថៃជា ប្តេជ្ញាស្ដារជីវភាពគ្រួសារ
07, Aug 2023 , 8:59 am        
រូបភាព
ធឿន ថៃជា កំពុងរើសអេដចាយ ជាមួយឪពុក។
ធឿន ថៃជា កំពុងរើសអេដចាយ ជាមួយឪពុក។
ទោះជាត្រូវសិក្សាផង និងត្រូវរើសអេតចាយជួយជីវភាពគ្រួសារផង តែកុមារា ធឿន ថៃជា មានវ័យ១២ឆ្នាំ ឆ្លៀតមកហ្វឹកហាត់ប្រដាល់គុនខ្មែរថែមទៀត។ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សា ហ៊ុន នាង ព្រែកកំពឹស ធឿន ថៃជា បង្ហាញមហិច្ឆតារបស់ខ្លួន ចង់ជ្រោមជ្រែងគ្រួសារ ឱ្យមានជីវភាពធូរធារនៅថ្ងៃអនាគត តាមរយៈការខំប្រឹងប្រែងឲ្យក្លាយជាកីឡាករល្បីឈ្មោះ​ម្នាក់ ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ។



កុមារា ធឿន ថៃជា គឺកូនទី៣ របស់លោក ធឿន ថាមុត និងលោកស្រី ផន ដាវី ដែលមានទីលំនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ គ្រួសារនេះមានសមាជិក ៦នាក់ ក្នុងនោះក្រៅពីឪពុកម្ដាយ គឺមានកូនប្រុស ២នាក់ និងស្រី ២នាក់។ ដោយសារជីវភាពខ្វះខាត និងមិនមានដីផ្ទាល់ខ្លួនផង លោក ថាមុត បានសង់ផ្ទះដ៏តូចមួយ នៅមាត់ព្រែកកំពឹស ដែលស្ថិតនៅភូមិ ឃុំខាងលើ។ កុមារា ថៃជា ជាកូនទី៣ ចំណែកបងប្រុសទី១ និងបងស្រីទី២ សុទ្ធតែកំពុងធ្វើការជាកម្មករ-កម្មការិនីរោងចក្រ។
  
កុមារា ធឿន ថៃជា 

រើសអេតចាយផង និងសិក្សាផង

កុមារា ថៃជា តែងជួយរើសអេតចាយជាមួយឪពុកម្ដាយ ដើម្បីរកប្រាក់បន្ថែមសម្រាប់ជីវភាពប្រចាំថ្ងៃ។ អង្គុយពីលើរុឺម៉កដឹកអេតចាយ ដែលសណ្តោងដោយម៉ូតូ ដ៏សែនចាស់ មិនមាន​កុងទ័រ និងអំពូលភ្លើង ដូចម៉ូតូដទៃ លោក ថាមុត បានដឹកកូនប្រុសរូបនេះ និងប្រពន្ធ រើសអេតចាយតាមដងផ្លូវជាតិ និងតាមកន្លែងដាក់សំរាម នៅខាងមុខផ្ទះរបស់ប្រជាជនក្នុងតំបន់នោះ ទាំងកណ្ដាលថ្ងៃក្ដៅ។
 
ស្ថិតក្នុងសម្លៀកបំពាក់ខោខៀវជើងខ្លី និងអាវយឺតកីឡាពណ៌ក្រហម ប្រឡាក់សុទ្ធតែដី និងមានក្លិនមិនសូវល្អ ដូចក្មេងដទៃ ថៃជា តែងចុះពីរុឺម៉ក មករើសសំបកកំប៉ុង ដបទឹកសុទ្ធ រួមទាំងរបស់អេតចាយមួយចំនួន ដែលអាចលក់បាន ពីតាមដងផ្លូវ និងកន្លែងដាក់សំរាម។ ជាក្មេងមានការអប់រំបានល្អផង កុមារារូបនេះ បានរៀបចំសំរាម ដែលខ្លួនរើសពីមុខផ្ទះអ្នកភូមិ បានយ៉ាងល្អ ដោយមិនឲ្យម្ចាស់ផ្ទះទាំងនោះ ព្រួយបារម្ភពីភាពរញ៉េរញ៉ៃ នៃសំរាមឡើយ។

ចំពោះការរើសអេតចាយនេះ ថៃ ជា តែងចាប់ផ្ដើមពីម៉ោង ១ថ្ងៃត្រង់ បន្ទាប់ពីរូបគេ បានសម្រាកបាយថ្ងៃត្រង់រួច។ ចំណែកឯចំណូល កុមារារូបនេះ រួមជាមួយឪពុក រកបានចន្លោះពី ៣ម៉ឺនរៀល ទៅ៤ម៉ឺនរៀល ក្នុងមួយថ្ងៃ ហើយក៏ត្រូវចំណាយ ចន្លោះពី ២ម៉ឺន ទៅ៣ម៉ឺនរៀល ផងដែរ។
  
កុមារា ធឿន ថៃជា កំពុងរៀន មុនពេលហូបអាហារថ្ងៃត្រង់ 

កុមារា ធឿន ថៃជា បាននិយាយដូច្នេះថា៖«ចេញពីរៀន ខ្ញុំ ហូបបាយ ហើយចេញរើសអេតចាយ។ មូលហេតុខ្ញុំប្រឹង ដោយសារគ្រួសារខ្ញុំអត់មានលុយ។ ខ្ញុំ មិនតូចចិត្តទេ ប៉ុន្ដែ ខ្ញុំត្រូវប្រឹងប្រែង។»។
 
សិស្សថ្នាក់ទី៥ រូបនេះ ជាមួយក្មេងៗ ក្នុងភូមិជាច្រើនអ្នក ដែលមានវ័យស្របាលគ្នា តែងជិះកង់ទៅសាលាបឋមសិក្សា ហ៊ុន នាង ព្រែកកំពឹស ដែលមានចម្ងាយ ២គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន ។

លុះម៉ោង ១១ព្រឹក កុមារា ថៃជា ទើបចេញពីរៀនមកវិញ។ ក្នុងថ្នាក់រៀន កុមារារូបនេះ ទទួលបានចំណាត់ថ្នាក់ លេខ៣១ ដែលជាមធ្យមភាគ បានត្រឹម ៦ក្បៀស ក្នុងចំណោមសិស្សជាង ៥០នាក់។ កុមារារូបនេះ ចង់រៀនភាសាអង់គ្លេស ដូចជាក្មេងមួយចំនួនដែរ ប៉ុន្ដែដោយសារគ្រួសារ មិនមានថវិកាផ្គត់ផ្គង់ ទើប ថៃជា បានត្រឹមតែជិះកាត់សាលាភាសាអង់គ្លេស ទាំងអារម្មណ៍ស្ដាយការសិក្សា។
 
«ខ្ញុំចង់រៀនអង់គ្លេស ព្រោះថ្ងៃក្រោយ ប្រសិនខ្ញុំបានទៅប្រកួតប្រដាល់នៅស្រុកគេ ខ្ញុំអាចនិយាយអង់គ្លេសបាន។ ហើយម្យ៉ាងវិញទៀត បើខ្ញុំចេះតិចតួច ខ្ញុំអាចបង្រៀន អ្នកអត់ចេះបាន។»។ កុមារា ថៃ ជា បាននិយាយដូច្នេះ។
 
មុនពេលអាហារថ្ងៃត្រង់ឆ្អិន កូនប្រុសទី៣ រូបនេះ តែអានសៀវភៅ និងធ្វើកិច្ចការផ្ទះមួយចំនួនតាមដែលអាចធ្វើបាន ព្រោះមិនចង់សម្រាកមុនពេលបាយថ្ងៃត្រង់នោះទេ បើទោះជាមានពេលទំនេរក៏ដោយ។ បាយថ្ងៃត្រង់ ជាមួយម្ហូបត្រឹមតែមួយមុខដែលចម្អិនដោយម្ដាយរបស់ខ្លួន កុមារា ថៃជា ក៏អាចទទួលទានបានឆ្អែត ហើយស្កប់ស្កល់។
 
ជាមួយសំឡេងទឹកហូរក្រោមផ្ទះ ដែលមាន​ទំហំប្រមាណ ៥ម៉ែត្រការ៉េ ហើយមានខ្យល់ត្រជាក់ផង កុមារា ធឿន ថៃជា អាចសម្រាកពេលថ្ងៃបានយ៉ាងស្រួល។ លុះចូលដល់ម៉ោង១ថ្ងៃត្រង់ លោក ធឿន ថាមុត តែងដាស់កូនឲ្យរៀបចំខ្លួន ដើម្បីចេញទៅរើសអេតចាយ នៅម៉ោង ១ថ្ងៃត្រង់។ ការរើសអេតចាយ ចាប់ផ្ដើមពីម៉ោង ១ ដល់ ៤ល្ងាច ព្រោះ ថៃជា ត្រូវហ្វឹកហាត់ប្រដាល់ នៅម៉ោង ៥ ល្ងាច។ 
 
ប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរ ដើម្បីសាងកេរ្តិ៍ឈ្មោះ និងស្ដារគ្រួសារ

កុមារា ធឿន ថៃជា ជាសិស្សប្រដាល់នៅក្លិបចក្រវាឡគុនខ្មែរ ដែលមានទីតាំងក្នុងភូមិជាមួយគ្នា។ ក្នុងវ័យ ១២ឆ្នាំ កុមារារូបនេះ មិនដែលចំណាយពេលរត់លេង ឬសប្បាយបែបជាកុមារភាពទេ ប៉ុន្ដែបានចំណាយពេលជាច្រើនរបស់ខ្លួន ដើម្បីសិក្សា និងហ្វឹកហាត់ប្រដាល់។ ថៃជា បានបញ្ជាក់ថា នេះគឺជាឆន្ទៈរបស់ខ្លួនចង់សាង និងស្ដារគ្រួសារ។ អ្នកប្រដាល់វ័យ ១២ឆ្នាំរូបនេះ បន្ថែម​ដូច្នេះថា៖« ខ្ញុំ មិនឈប់រៀនទេ ហើយខ្ញុំត្រូវតែប្រឹងហ្វឹកហាត់ប្រដាល់។ ពេលខ្ញុំល្បីឈ្មោះ គ្រួសារខ្ញុំ ឪពុកម្ដាយខ្ញុំ ក៏សប្បាយចិត្ត ហើយខ្ញុំក៏អាចជួយគ្រួសារខ្ញុំ បានច្រើនដែរ។»។ 
 
លោក រស់ សុជា គ្រូបង្វឹក និងជាប្រធានក្លិបប្រដាល់ចក្រវាឡគុនខ្មែរ បានប្រាប់បន្ថែមថា កុមារា ធឿន ថៃជា គឺជាក្មេងឧស្សាហ៍  ស្ដាប់បង្គាប់ និងគោរពគ្រូបង្វឹកណាស់។ «បង្វឹក ធឿន ថៃជា មិនហត់ទេ ព្រោះជាក្មេងល្អ ស្រួលនិយាយគ្នា។ និយាយរួម គាត់ព្យាយាមណាស់។»។ លោក រស់ សុជា បាននិយាយបែបនេះ។
 
គួរបញ្ជាក់ផងដែរថា កុមារា ធឿន ថៃជា បានចូលហ្វឹកហាត់ប្រដាល់ ចាប់ពីចុងឆ្នាំ២០២២ ដែលមកដល់ពេលនេះមានរយៈពេល ១ឆ្នាំ ហើយក៏បានឡើងប្រកួត លើសង្វៀនថ្នាលគុនខ្មែរ បានចំនួន២ដងដែរ។ ​ថៃជា បានយកឈ្នះលើដៃគូ បានទាំង២ប្រកួត ។

កុមារា រូបនេះ ជឿថា គ្រួសាររបស់ខ្លួន នឹងមិនស្ថិតក្នុងស្ថានភាពបែបនេះរហូតទេ ប្រសិនជាគាត់នៅបន្ដភាពប្រឹងប្រែង និងព្យាយាមហ្វឹកហាត់ឲ្យក្លាយជាកីឡាករអាជីពម្នាក់ នាថ្ងៃអនាគត៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ធឿន ថៃជា
© រក្សាសិទ្ធិដោយ thmeythmey.com