ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនីតិកាលទី៧
07, Aug 2023 , 9:41 am        
រូបភាព
 ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាម​រយៈព្រះរាជក្រឹត្យចុះថ្ងៃទី​៧ ខែសីហា បាន​ត្រាស់បង្គាប់​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃ​រដ្ឋសភា។

«នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទទួលបាន​ការចាត់តាំង​ខាងលើ​ មាន​ភារកិច្ច​រៀបចំ​សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ​កម្ពុជាដើម្បី​សុំសេចក្តី​អនុម័ត​ទុកចិត្តពីរដ្ឋសភា»។ នេះបើតាមការត្រាស់បង្គាប់របស់ព្រះប្រមុខ​រដ្ឋ​នៅ​លើព្រះរាជក្រឹត្យ។

ព្រះរាជក្រឹត្យ​ស្តីពីការចាត់តាំងនេះ ធ្វើ​ឡើង​បន្ទាប់គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ ដោយគណបក្ស​ប្រជាជន​កម្ពុជាទទួលបាន​១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច បាន​៥អាសនៈ។

លោក ហ៊ុន ម៉ាណែត ដែលត្រូវ​ជំនួស​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃទី​២២ ខែសីហា មាន​លក្ខខណ្ឌពេញ​លេញ​ក្នុងការ​ដឹកនាំក្បាលម៉ាស៊ី​នរដ្ឋាភិបាល ដោយ​លោក​បានជាប់ឆ្នោតជា​តំណាងរាស្ត្រមណ្ឌលភ្នំពេញ និង​ជាវរជន​ដែលមាន​សញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិ​ខ្មែរតែមួយគត់៕




© រក្សាសិទ្ធិដោយ thmeythmey.com