កីឡាជាតិ
ជាតិ
CPL សប្តាហ៍ទី១៖ ជំនួបភ្នំពេញក្រោន និងបឹងកេត មានអ្នកទស្សនាផ្ទាល់ច្រើនជាងគេ
07, Aug 2023 , 10:38 am        
រូបភាព
រូបភាព៖ ផេកហ្វេសប៊ុក Cambodian Premier League
រូបភាព៖ ផេកហ្វេសប៊ុក Cambodian Premier League
ដោយ: ថ្មីៗ
ការប្រកួតពានរង្វាន់លីគកីឡាបាល់ទាត់កំពូលកម្ពុជា Cambodian Premier League បានឆ្លងផុតសប្តាហ៍ទី១រួចរាល់ហើយ ក្នុងនោះម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន និង៤ក្រុមផ្សេងទៀត សុទ្ធតែទទួលបាន៣ពិន្ទុរៀងខ្លួន។ នៅសប្តាហ៍ដំបូង នៃរដូវកាលថ្មី ២០២៣-២៤ ជំនួបរវាងភ្នំពេញក្រោន និងបឹងកេត ទទួលបានអ្នកទស្សនាផ្ទាល់ច្រើនជាងគេជាង៥ពាន់នាក់។


គ្មានលទ្ធផលស្មើឡើយក្នុងការប្រកួតបើកឆាកសប្តាហ៍ដំបូងរដូវកាលថ្មី Cambodian Premier League ក្នុងជំនួបទាំង៥គូ នៅថ្ងៃទី៥ និងទី៦ ខែសីហា។ ជំនួបទាំង៥គូ មានគ្រាប់បាល់កើតឡើងសរុបចំនួន១៧គ្រាប់ ក្នុងនោះ៤គ្រាប់ធ្វើបានដោយកីឡាករកម្ពុជា និង១៤គ្រាប់សម្រេចបានដោយកីឡាករបរទេស។
 
ភ្នំពេញក្រោនបានយកឈ្នះបឹងកេត ២​-១ នៅកីឡដ្ឋាន Smart RSN, ព្រះខ័ន្ធរាជស្វាយរៀង ឈ្នះ កងយោធពលខេមរភូមិន្ទ ២-០ នៅកីឡដ្ឋាន Army, អាយ អេស អាយ ដង្កោសែនជ័យ ឈ្នះ អង្គរថាយហ្គឺរ ១-០ កីឡដ្ឋាន AIA, ណាហ្គាវើលដ៍ ឈ្នះ ព្រៃវែង ៥-៤ នៅកីឡដ្ឋានព្រៃវែង និង វិសាខា​ ឈ្នះ គិរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានព្រីនស៍។ 
 
ក្នុងការប្រកួតលីគកំពូលកម្ពុជា CPL ទាំង៥គូ ជំនួបរវាង ម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន ទល់បឹងកេត ទទួលបានអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋាន Smart RSN ច្រើនដាច់គេដល់ទៅចំនួន ៥០៧៨នាក់ តាមពីក្រោយដោយ ជំនួបរវាងវិសាខា ទល់គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានព្រីនស៍ ដែលមានចំនួន១៩៥៣នាក់។ ជំនួប អាយ អេស អាយ ដង្កោសែនជ័យ ឈ្នះ អង្គរថាយហ្គឺរ នៅលេខ៣ មានទស្សនាផ្ទាល់ចំនួន១៦២៤ ស្របពេលជំនួបណាហ្គាវើលដ៍ ទល់ ព្រៃវែង មានចំនួន១០២៦ និងក្រុមមានអ្នកទស្សនាផ្ទាល់តិចជាងគេត្រឹម៩៣១នាក់ ក្នុងការប្រកួតរវាងព្រះខ័ន្ធរាជស្វាយរៀង ទល់ កងយោធពលខេមរភូមិន្ទ។
 
ឆ្លងកាត់ប្រកួតដំបូង ព្រះខ័ន្ធរាជស្វាយរៀង ឈរចំណាត់ថ្នាក់ទី១ក្នុងតារាង CPL បណ្តោះអាសន្ន តាមពីក្រោយដោយវិសាខា ណាហ្គាវើលដ៍ ភ្នំពេញក្រោន និងអាយ អេស អាយ ដង្កោសែនជ័យ ដែលរកបាន៣ពិន្ទុដូចគ្នា។ ព្រៃវែង បឹងកេត អង្គរថាយហ្គឺរ គិរីវង់សុខសែនជ័យ និងទ័ព សុទ្ធតែរងបរាជ័យដូចគ្នា៕
 

Tag:
 Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com