ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹងបន្តកាន់តំណែងផ្សេងៗ យ៉ាងតិចត្រឹមឆ្នាំ២០៣៣
07, Aug 2023 , 11:50 am        
រូបភាព
សល់១៥ថ្ងៃទៀតប៉ុណ្ណោះ ដែលសម្ដេច ហ៊ុន សែន នឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ហើយជំនួសដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេច សម្រាប់ការដឹកនាំរដ្ឋាភិបាលថ្មី នាអណត្តិទី៧នេះ។



ទោះសម្ដេច ហ៊ុន សែន លែងបន្តធ្វើនាយករដ្ឋមន្រ្តីក្តី ប៉ុន្តែគ្មានន័យថា សម្ដេច ឈប់ធ្វើនយោបាយនោះទេ។ សម្ដេច ហ៊ុន សែន នឹងបន្តកាន់កិច្ចការងារជាច្រើនផ្សេងៗទៀត។ នាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះ អះអាងថា នឹងបន្តបំពេញការងារយ៉ាងតិច១០ឆ្នាំទៀតដែរ។
 
តាមរយៈសំណេររបស់សម្ដេច ហ៊ុន សែន លើបណ្ដាញសង្គម Twitter នាថ្ងៃទី៧ សីហានេះ បានសរសេរដូច្នេះ៖«ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍»។
 
ក្រោយលាលែងចេញពីតំណែងនេះ សម្ដេច ហ៊ុន សែន នឹងបន្តកាន់តួនាទីជាប្រធានបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភា។ មិនតែប៉ុណ្ណោះសម្ដេច នឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ នៅខែមីនា ឆ្នាំ២០២៤ ។ សម្ដេច សាយ ឈុំ សុំសម្រាកពីកិច្ចការងារប្រទេសជាតិ តែនៅបន្តធ្វើជាអនុប្រធានបក្សប្រជាជន។ នេះបើតាមសម្ដេច ហ៊ុន សែន ធ្លាប់បកស្រាយកន្លងមក។
 
សម្ដេច ហ៊ុន សែន ចូលកាន់តំណែងនាយករដ្ឋមន្រ្តី ក្នុងវ័យ៣២ឆ្នាំ ដែលក្មេងជាងគេ ហើយក៏យូរជាងគេនៅក្នុងពិភពលោកដែរ។ បើគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលសម្ដេច ហ៊ុន សែន ចាកចេញពីតំណែងនាយករដ្ឋមន្ត្រី តាមផ្លូវច្បាប់ គឺសម្ដេច បានកាន់តំណែងនេះ ចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។ 
 
«ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខ្ញុំធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី ចាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តជាផ្លូវការ៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com